មូលនិធិជូយជនរងគ្រោះ

នៅពេលដែលប្រទេសយើងជួបប្រទះបញ្ហាអ្វីមួយ យើងតែងតែសង្គេតឃើញថាមានសកម្មភាពរៃអង្គាសប្រាក់ធ្វើឡើងតាមការស្ម័គ្រ​ចិត្តផង និង តាមការបង្ខិតបង្ខំដោយប្រយោលផង។ យើងគ្មានភស្តុតាងច្បាស់លាស់ឡើយ ចំពោះការបង្ខិតបង្ខំដោយប្រយោលនោះ ប៉ុន្តែពិតជាបានកើតមាន តាមរូបភាពផ្សេងៗ ជាពិសេសការកាត់ប្រាក់ខែជាដើម។ ការធ្វើបែបនេះ ពុំសមរម្យឡើយ ព្រោះការធ្វើបុណ្យ កើតឡើងដោយការភ្ញាក់រលឹក និង សទ្ធារបស់បុគ្គលម្នាក់ៗ។ ហើយក្នុងការធ្វើបុណ្យនេះ យើងមានសិទ្ធិអំពាវនាវ តែមិនមានសិទ្ធិអ្វី ទៅផ្លែផ្កាដល់គេដែរ ប្រសិនបើគេមិនចូលរួមនោះ។
ចំណុចមួយសំខាន់ទៀត ប្រាក់ដែលទទួលបានមកហើយ យើងតែងតែលេចឮមានបាតុភាព ដោយការគៃបន្លំយកប្រាក់នៅទៅប្រើជា ប្រយោជន៍ផ្ទាល់ខ្លួន។ ការយកប្រើប្រាស់ប្រាក់នេះ ត្រូវពឹងទៅលើចិត្តបុណ្យ និង សីលធម៌របស់អ្នកប្រមូល ពីព្រោះយើងមិនបាន ធ្វើសវនកម្មទៅលើការចែកចាយប្រាក់នោះទេ។ នៅក្នុងព្រឹត្តិការណ៍អង្គាសប្រាក់ និង សម្ភារទៅឧបត្ថម្ភកងទ័ពនៅតាមព្រំដែន ខ្ញុំបាន លេចឮព័ត៌មានថា មានអ្នកខ្លះឡើងស៊េរីរថយន្តថ្មីៗ អ្នកខ្លះទិញផ្ទះថ្មី និង តិចបំផុតក៏ម៉ូតូថ្មី ចំណែកកងទ័ពនៅតែហូបមិនឆ្អែតដដែល មិនដឹងថាប្រាក់និងសម្ភារទាំងនោះធ្លាក់ត្រឹមណាទេ។
យ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំបានឮនោះ មិនមែនជាការពិតឡើយ ហើយបើពិតមែនសូមកុំឲ្យកើតឡើងទៀតឡើយ។ សូមជឿចុះថា បាបកម្មពិតជាមានមែន។

បញ្ចេញមតិ