ទិវារាត្រី

នេះជាវគ្គទី៧នៃរឿងទិវារាត្រី។ សូមជួយផ្តល់យោបល។

វគ្គ៧
បេះដូងយល់ចិត្ត ចិត្តស្គាល់បេះដូង
២ឆ្នាំក្រោយមក….
រឿងទិវារាត្រីបានស្ងាត់លែងមានហេតុការណ៍កើតឡើង។នួននិងរាត្រីនៅតែស្ថិតក្នុងបន្ទប់តែមួយ។ម្តាយរាត្រី យល់ច្បាស់ពីចិត្តកូនចំពោះនារីម្នាក់នេះ។
រាត្រីនិងមិត្ត៣នាក់ទៀតបបួលគ្នាទៅលេងសៀមរាបបន្ទាប់ពីប្រលងចេញដោយជោគជ័យ។ធ្វើការជាងបីឆ្នាំ នាយមាសមានសំណាងជាងគេ។ពេលនេះគេមានវីឡារស្កឹមស្កៃនៅម្នាក់ឯងនិងទិញបានរថយន្តទំនើបៗជា
ច្រើនគ្រឿង។អ្នកណាក៏សរសើរគេដែរព្រោះមិនដែលមាន។ថ្ងៃចេញដំណើរទៅសៀមរាប ក៏ជាថ្ងៃដែលពួកគេសាករថយន្តថ្មីបំផុតរបស់នាយមាសដែរ។
មកដល់ទឹកដីសៀមរាបពួកគេសប្បាយចិត្តណាស់ទឹកដីកេរមរតកដែលមិនអាចកាត់ថ្លៃបានមួយនេះ វាជាអាហារដ៏មានឪជារសសម្រាប់ជានិស្សិតដូចជាពួកគេ។គ្រប់ទិដ្ឋភាពនៅទីនេះ ធ្វើឲ្យពួកគេនឹកស្រមៃនូវសកម្មភាពបុព្វបុរសពីអតីតកាល។
ក្នុងដំណើរកម្សាន្តលើកនេះនាយមាសមានតួនាទីជាអ្នកគ្រប់គ្រងរៀបចំកម្មវិធីនិងការចំណាយទាំងអស់។
រាត្រីញញឹមជាប់ វាជាលើកទីមួយហើយដែលគេបានមកដល់ទីនេះ។ គេស្ទើរតែមិនជឿឡើយថាខ្លួនមានវាសនាមកដល់ទឹកដីដ៏ពិសិដ្ឋនេះ។
រសៀលនៃក្រុងសៀមរាបនិសិត្សទាំងប្រាំពីររូបរៀបចំខ្លួនមកអង្គុយមើលទិដ្ឋភាពសុរិយាអស្ដង្គត។ ប្រុងនឹងឡើងលើប្រាសាទភ្នំបាខែងនាយនិលដែលរត់ឡើងមុនគេនោះបានចុះត្រឡប់មកវិញទាំងរហេបរហប ស្រែកពីចម្ងាយដាក់មិត្ត។
“ពួកឯង! ពួកឯង…”
“ស្អី?”ពួកគេស្រែកដោយភ្ញាក់បើកភ្នែកធំៗសំដៅនាយនិលដែលកំពុងហាមាត់ចង្រ្កោះនោះ។
“ណោះ!(និលលើកដៃចង្អុល)នៅចង្កេះភ្នំនោះមានស្រីក្រមុំម្នាក់អត់ស្លៀកខោទេវើយ!”
ឮបែបនេះ រាត្រី មាសនិងសំរិទ្ធរត់ប្រណាំងគ្នាសំដៅចង្កេះភ្នំ។កំពុងតែរត់ត្រឹកៗសំរិទ្ធលាន់មាត់ដាក់មិត្ត៖
“ចុះកូនចៅអ្នកណាវ៉ី! ម៉េចក៏លះបង់រូបកាយជាងវេស្សន្តរទៅទៀតអ្ហាស៎?”
“គ្នាយល់ថាប្រហែលសសៃប្រសាទហើយ”មាសតប។
“អាឃ្និលហ្នឹងក៏ណាស់ដែរ!ដោះអាវវាបិទបាំងឲ្យនាងសិនទៅវាស្រេចបាត់ទៅហើយ”រាត្រីបន្ថែម។
“មនុស្សអាឃ្និលហ្នឹងវាចេះធ្វើបុណ្យអីវាវាបន់ឲ្យតែស្រីៗទាំងអស់ដើរស្រាតទេ”សំរិទ្ធបន្ទរតាមក្រោយដែរ ខណៈដែលមាសនិងរាត្រីរត់ត្រឹកៗញឹមៗតាមក្រោយគេ។
មកដល់ចង្កេះភ្នំពួកគេនាំគ្នារេភ្នែកនាយសំរិទ្ធលាន់មាត់សួរនាយនិល៖
“ម៉េចអាឃ្និល! ឯណាមិនឃើញ?”
“ហ្នុង! (និលចង្អុល សំដៅនារីស្លៀកសំពត់ក្រហមដែលកំពុងឈរថតរូប)
“នាងហ្នឹង! មានស្រាតឯណា ស្លៀកពាក់ត្រឹមត្រូវតើវ៉ី” សំរិទ្ធជ្រួញចិញ្ចើម។
“មែនហើយ!” មាសនិងរាត្រីបន្ទរតាមទាំងងើងឆ្ងល់ដែរ។ឯនាយនិលសើចស្ញាញដាក់មិត្តរួចជើងរេរកផ្លូវរត់។
“ចាញ់បោកអាឃ្និលហើយតើរ៉ី”សំរិទ្ធពោលទាំងអស់ហួសចិត្ត។
“យើងមិនកុហកពួកឯងទេគឺពួកឯងយល់ច្រឡំ”
“យល់ច្រឡំ!” ពួកគេលាន់មាត់ព្រមគ្នាហើយដេញប្រញាយនាយនិល។
“អើ!គ្នាថានាងអត់ស្លៀកខោតើ។ឥឡូវពួកឯងឃើញហើយនាងមិនស្លៀកខោឯណាតែនាងស្លៀកសំពត់”
ពោលរួចគេរត់ឡើងលើប្រុចហើយស្រែកផ្លែឲ្យមិត្ត។
“និយាយអាក្រក់ពីនិលតាមពិតអាក្រក់ជាងនិលទៅទៀតពួកឯងទេដែលចង់ឲ្យស្រីៗទាំងអស់ស្រាត…យ៉ាប់មែន គេគ្រាន់តែថាអត់ស្លៀកខោគិតថាគេស្រាតពិតជាខួរក្បាលសម្អុយគិតតែរឿងគគ្រិចមែន”
ឮនាយនិលឌឺឲ្យខ្លួនពួកគេហក់ធាក់និលនិលស្រែករំពងធ្វើឲ្យគេមើលគ្រប់គ្នា។
ក្រោយពីប្រលែងគ្នារួចពួកគេប្រណាំងគ្នាឡើងកំពូលភ្នំឲ្យបានមុនថ្ងៃលិចជាមួយនឹងសំណើចក្អាកក្អាយដូចកូនក្មេង។
នៅលើកំពូលភ្នំដងកាយស្រឡូនលែងសក់អន្លាយស្ថិតក្នុងខោខើចខ្លីពណ៌លឿងអាវយឺតសរឹបរាងក្បំ ជំទើតខ្លួនទទួលពន្លឺក្រហមឆ្អៅនៃសុរិយាកំពុងស្ថិតក្នុងកែវភ្នែកទាំងគូនៃកំលោះរាត្រីខណៈពេលដែលខ្លួនទើបតែឡើង
មកដល់។នាយញញឹមហាក់ពេញចិត្តនឹងដងកាយមួយនេះណាស់។ គិតថាបើជាកវីដ៏ឆ្នើមម្នាក់ ប្រហែលជាខ្លួននឹងឆ្លងឆ្លើយនឹងនាងឲ្យបានស្គាល់ចំប៉ីសៀមរាបមួយនេះ។
វេលាដែលរាត្រីកំពុងតែស្លុតស្លឹងសម្លឹងនារីស្រាប់តែសំឡេងពញ្ញាក់មួយបានបន្លឺ។
“ម៉េច! ជាប់ចិត្តនឹងនាងណាស់មែនទេ?” មាសយកដៃគោះស្មាមិត្តថ្នមៗ។
ត្រីសម្លឹងមើលមេឃដកដង្ហើមវែងទើបតបទៅមិត្ត៖
“ខ្ញុំមើលនាងក្នុងក្រសែភ្នែកធម្មតាដូចមើលស្រីផ្សេងទៀតដែរ”
“ច្បាស់ហើយអ្ហេស៎?”
“យ៉ាងម៉េច? គ្នាចាំបាច់ត្រូវបញ្ជាក់ជូនផងអ្ហេស?”
ឮនាយត្រីសួរបែបននេះនាយមាសទប់មាត់សើចរង្គើខ្លួនទើបងើបមុខតបទៅវិញ៖
“ចុះមិនគិតថានឹងឡើងទៅឲ្យបានស្គាល់ទេអ្ហេស៎?”
ឮសំណួរមិត្តនាយឈានជើងឡើងទាំងញញឹម។ពេលមកដល់ទន្ទឹមនាយស្រូបខ្យល់ដ៏បរិសុទ្ធនេះចូលពោះបន្តិច ទើបក្រឡេកកន្ទុយភ្នែកសំដៅចំណីចក្ខុមួយនេះស្របពេលនឹងនាងងាកមកដែរ។នាយត្រីបះរោមស្ញាកពេលឃើញ
មុខ ប្រទះនឹងកែវភ្នែកថ្លាយង់បបូរមាត់តូចស្ដើងដែលធ្លាប់បញ្ចេញវោហាផ្កាសម្ដីធ្វើឲ្យខ្លួនងើបមុខមិនរួច។ពេលនេះ នាងបែរជាញញឹមមករកខ្លួន។
“អូហ៎! ការពិតគឺអ្នកនាងទិវាទេតើចុះអ្នកនាងអញ្ជើញមកពីកាលណាដែរ?”
“អូហ៎ចា៎! បីថ្ងៃហើយចុះលោកមាសវិញ”
“ខ្ញុំទើបតែមកដល់កាលពីថ្ងៃត្រង់នេះចុះតេជគុណនិងលោកស្រីតើលោកទាំងពីរសុខសប្បាយទេ?”
មាសនិងទិវា ចាប់ផ្ដើមការសន្ទនាដែលមាននាយត្រីឈរពី ក្រោយ។ រាត្រីទើបតែដឹងខ្លួនថា មុននេះ នាងញញឹមដាក់
នាយមាស មិនមែនខ្លួននោះទេ។ សំណាងហើយមិនបានញញឹមដាក់នាងវិញ កុំអីមិនដឹងជាយកមុខទៅទុកឯណាទេ។ មិនដែលដឹងសោះថា មាសមិត្តរបស់ខ្លួនដែលជាអ្នកមានជាន់ថ្មី បានស្គាល់នាងទិវា។នាយគិតថា នេះប្រហែលជាគេស្គាល់គ្នាដោយសារតែគេជាអ្នកមានដូចគ្នាហើយ។
មួយពព្រិចភ្នែក បីថ្ងៃកន្លងផុតទៅ។ នៅសណ្ឋាគារម៉ោងជិតប្រាំបី ត្រីនៅឈរបណ្ដែតអារម្មណ៍មើលទៅដងផ្លូវដែល
ឆ្ពោះទៅអង្គរ។ នាយបង្ហាញនូវសេចក្ដីអាលោះអាល័យ ព្រោះថ្ងៃស្អែកនាយត្រូវចាកចេញ មិនដឹងថាថ្ងៃណានឹងបាន
មកម្ដងទៀត។ រថយន្តជាច្រើន គ្រប់ម៉ាកគ្រប់ធុនបរទៅមក តែមិនបានទាក់ភ្នែកនាយត្រីឡើយ គឺរូបកាយដដែល បែរជាផ្ដាច់អារម្មណ៍អណ្ដែតអណ្ដូងរបស់ខ្លួនម្ដងហើយម្ដងទៀត។ “គឺនាងទិវា” រាត្រីលាន់មាត់។ អាវយឺតលឿងរឹប
ទ្រូងពើងក្បំ ខោសខើចខ្លី រាងងខ្ទើតបោះជំហានមួយៗ ឆ្ពោះទៅទិសខាងជើងក្នុងទឹកមុខហាក់ស្រងូតស្រងាត់។ រាត្រីពេបមាត់ពេបកនឹងការស្លៀកពាក់បែបខើចខ្លីបែបនេះ តែកែវភ្នែកទាំងគូរបស់ខ្លួន ប្រឹងផ្ដិតយករូបភាពនេះញាំងឲ្យបេះដូងអង្រួនទ្រូងឌឹបៗ។ ទឹកដីអង្គរ ចាប់ផ្តើមធ្វើឲ្យរាត្រីមានចិត្តរាយមាយ “ប្រសិន
បើបានឈរក្បែរ ឆ្លងឆ្លើយសម្ដី លួងស្រីឲ្យសើច ប្រហែលជាសប្បាយចិត្តណាស់ហើយ។ បើបានស្នេហាតែក្នុងសុបិន លែងប្រាថ្នាឲ្យហួសពីនេះទៀតហើយ។ ទេ! មិនត្រូវទន់ជ្រាយបែបនេះទេ នាងមិនមែនជានារីតែម្នាក់ក្នុងលោកនេះទេ ខ្លួនមិនសមនឹងនាងទេ ខ្លួនមិនត្រូវនឹងនាងទេ”។ ពេលនេះជាពេលដែលរាត្រីគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន។ រាត្រីមិនយល់ពីចិត្តរបស់ខ្លួនដែលតែងតែមានរូបនារីម្នាក់ដែលគ្មានធម៌មេត្តាមកលើខ្លួន។
រថយន្តតូចមួយឈប់ពីមុខនាង រាត្រីភ្ញាក់ព្រើត ខណៈមនុស្សពីរនាក់ចេញមកចាប់នាងដាក់ក្នុងឡាន។ ត្រីរត់យ៉ាងលឿន ចេញទៅបំណងជួយនាង តែរថយន្តចេញផុតដោយបន្សល់នូវកូនកាបូបតូចមួយប៉ុណ្ណោះ។ រាត្រីរើសយកមកកាន់ជាប់ រត់ឆ្លេឆ្លាមួយសន្ទុះទើបស្រែកឲ្យគេជួយ។ មនុស្សក្នុងសណ្ឋាគាររត់ចេញមកមើលគ្រប់គ្នា។ ពួកគេនឹកឆ្ងល់ ខណៈមិនឃើញមានអ្វីកើតឡើងលើនាយកំឡោះម្នាក់នេះ។ មិត្តទាំង៣នាក់រត់ចេញយ៉ាងលឿនដែរសំដៅនាយត្រី៖
“ឯងកើតអី ត្រី?” នាយមាសសួរទាំងងឿងឆ្ងល់។
“នាង…នាងទិវា ត្រូវគេចាប់ទៅបាត់ហើយ”
“អ្ហាស៎! គេចាប់? ពិត…ពិតអ្ហេស?” មាសបន្ថែម។
“មែន ពិតមែនខ្ញុំឃើញផ្ទាល់នឹងភ្នែក ណោះ(គេចង្អុលទៅទិសខាងជើង) ឡានចេញទៅហ្នឹង” រាត្រីបញ្ជាក់បន្ថែម។
“ចុះចាំអីទៀត ប្ដឹងប៉ូលីសទៅ” (សំរិទ្ធ និងនិលលាន់មាត់ព្រមគ្នា)
“អឺ! ចុះទៅប្ដឹងឯណាទៅវ៉ី? ទម្រាប់តែប្ដឹងបាន សង្ស័យតែត្រូវគេ…”
“អាឃ្និល! បិទមាត់ឯងទៅ ឯងហ្នឹងវាចង្រៃណាស់” មាសគំហកដាក់មិត្ត។
“អ្ហេស! មានរឿងអីបានជាធ្វើ ឲ្យគផ្អើលគ្រប់គ្នា?” សាខុនមិត្តរបស់ទិវា ពោលបណ្ដើរ ដៃឆ្បូតសក់បណ្ដើរ។
“មែនហើយ! ប្រុសដើមទ្រូងប្រាំហត្ថ ស្រែកមើលតែគេបំពាន…” នីតាបន្ថែម តែមិនទាន់ចប់សម្តីផង នាយ មាស
ស្តីកាត់៖
“អ្នកនាងទាំងពីរ មិត្តរបស់អ្នកនាងត្រូវគេចាប់បាត់ហើយ”
ឮតែមិត្តត្រូវគេចាប់ នាងបើកភ្នែកធំៗសម្លឹងមុខគ្នា ហើយលាន់មាត់ព្រមគ្នា៖
“មិត្តខ្ញុំត្រូវគេចាប់!…មិត្តណាមួយ?”
“គឺអ្នកនាងទិវា!…” មាសតប
“ទិវាត្រូវគេចាប់!…”
នាយត្រីរៀបរាប់ទាំងមុខស្លេកស្លាំង ប្រាប់ដល់នាងទាំងពីរ ពីអ្វីដែលខ្លួនបានឃើញ។ បន្ទាប់ពីបានដឹងរឿងពិត នាងទាំងពីរបានទូរស័ព្ទហៅប៉ូលីសដែលជាសែស្រឡាយរបស់នាងស្រាប់។ ១៥នាទីក្រោយពីរង់ចាំទាំងអន្ទះសា ឡានប៉ូលីសក៏បានមកដល់។ ប៉ូលីសសួររកអ្នកឃើញហេតុ ហើយនាំទៅជាមួយ។ ត្រីឡើងឡានប៉ូលីសយ៉ាងលឿន ខណៈនាយមាសបញ្ជាឡានរបស់ខ្លួនទៅតាមក្រោយ ជាមួយនឹងមិត្ត២នាក់ទៀតដែលតាមពីក្រោយដោយរថយន្តសាខុនជាមួយនីតា។ អង្គុយលើឡាន រាត្រីបើកកូនកាបូប
តូចមើល ឃើញមានប្រាក់មួយ ចំនួនរួមទាំងវិក្ក័យបត្រចំនួនពីរ។ យកដៃលាតមើល រាត្រីភ្ញាក់ព្រើត។ វាជាវិក្ក័យបត្រទី១ចេញពីពេទ្យព្រះកុសុមៈ មានឈ្មោះ ចាន់ រាត្រីជាអ្នកជំងឺ និងទី២ គឺម្តាយរបស់ខ្លួនដែលត្រូវបានវះកាត់ពោះវៀនដុះស្នែងកាលពីពីរឆ្នាំមុន ហើយមានភ្ជាប់ជាមួយកាតសិស្សវិទ្យាល័យដែលខ្លួនបានបាត់តាំងពីមានគ្រោះថ្នាក់ចរាចរណ៍។ ខួរក្បាលរាត្រីចាប់ផ្ដើមរំលឹករឿងដើមទាំងហាមាត់ចង្រ្កោះ។ រឿងកន្លងរាប់ឆ្នាំ ខ្លួនទើបតែដឹង។ ការពិតធីតាចិត្តក្ខិណី
ដែលខ្លួនគិត ជាធីតាសួគ៌យ៉ាងពិតប្រាកដ។ នាងកាចឆ្នាស់ឆ្នើម តែមិនមែនជាមនុស្សគ្មានធម៌មេត្តាដូចខ្លួនគិតឡើយ។ គឺខ្លួនទេដែលមិនបានផ្តល់កិច្ចតបស្នង សូម្បីតែពាក្យសមគួរមួយម៉ាត់។
មើលតាមសញ្ញា ប៉ូលីសកំណត់ថារថយន្តក្រុមចោរនាំជនរងគ្រោះឡើងទៅភ្នំគូលែន។ ឡើងដល់លើភ្នំ ឃើញរថយន្តចាស់មួយដែលរាត្រីប្រាប់ថាគឺឡាននេះហើយ។ ប៉ូលីស ដឹងថារយន្តនេះជារថយន្តរបស់ក្រុមចោរដ៏ល្បីឈ្មោះនៅខេត្តសៀមរាប។ ពួកគេមិនហ៊ានចូលព្រៃទេព្រោះដឹងថាមិនមែនជាដៃគូរបស់ក្រុមចោរនេះ។ ហេតុនេះ ពួកគេបានហៅកម្លាំងមកបន្ថែមដើម្បីព័ទ្ធនៅជើងភ្នំសិន។ ប៉ូលីសមិនព្រមចូលព្រៃតាមរកទិវា រាត្រីសម្រេចលួច
ទៅខ្លួនឯង។
ម៉ោងជាងប្រាំបួន ភ្នំគូលែនពេលយប់ត្រជាក់ស្រឹប។ រាត្រីដើរមួយៗកាត់ក្រហែងថ្មធំៗ និង វល្លិតូចធំគ្រប់ប្រភេទ ដោយភ្នែកប្រឹងសម្លឹងត្រចៀកប្រឹងផ្ទៀងស្ដាប់។
ឪពុកម្ដាយទិវា បន្ទាប់បានទទួលដំណឹងនេះ បានប្រញាប់ប្រញាល់ឡើងយន្តហោះមកកាន់ខេត្តសៀមរាបទាំងយប់។ យន្តហោះចុះដល់អាកាសយានដ្ឋាន ទូរស័ព្ទផ្ដើមរោទិ៍៖
“អាឡូខ្ញុំភួងស័ក្ដិ ជម្រាបសួរ!”
“អឺ…ដឹងហើយ មិនបាច់ប្រាប់ឈ្មោះ មិនបាច់ជម្រាបសួរអីទេ”
“លោកជាអ្នកណា? មានការអី?”
“ជាមិត្តរបស់ឯង ណាអាស័ក្ដិ”(គេស្រែកខ្លាំងៗ)
“យើងមិនស្គាល់ឯងទេ”
“ស្គាល់មិនស្គាល់មិនសំខាន់ទេ រឿងដែលឯងត្រូវដឹងគឺកូនសម្លាញ់របស់ឯងកំពុងតែកម្សាន្តព្រៃជាមួយអញឯណេះ
ឯងយល់ទេ?”
គាត់ដឹងថាវានឹងកើតឡើង ហើយផ្ដើមតបទៅគេវិញក្នុងអារម្មណ៍នឹងស្ងប់៖
“បាន! តើឯងត្រូវការប៉ុន្មាន?”
“ហាស់ៗៗ…ល្អ…ល្អណាស់ ឯងពិតជាភួងស័ក្តិមែន សម្រាប់អ្នកដទៃគឺច្រើន តែសម្រាប់ ឯងមិនច្រើនទេ គឺ១០
លានដុល្លារ យ៉ាងម៉េច ជីវិតកូនឯងមួយពិតជា មិនថ្លៃពេកទេមែនទេ? ហាសៗៗ…”
“ពេលណា? កន្លែងណា ឯងនិយាយមក”
“ហាសៗៗ…ល្អ…ល្អ…ពិតជាល្អណស់ ទីកន្លែងគឺនៅភ្នំគូលែន តែពេលវេលាយើងប្រាប់ឯងតាមក្រោយ” និយាយចប់គេបិទទូរស័ព្ទយ៉ាងលឿន។ រីឯលោកស័ក្ដិងាកមកសម្លឹងមុខប្រពន្ធ ដែលកំពុងតែស្លេកស្លាំងភ័យញ័រខ្លួន។
នៅលើភ្នំគូលែន ទិវាស្ថិតក្នុងអាវយឺតសដៃខ្លីនិងខោខ្លីខើច ត្រូវគេចាប់ទាញកាត់ព្រៃ ដួលរលាត់ឈាមជង្គង់រហាច។ តែនាងហាក់មិនតក់ស្លុតសោះ នាងនៅតែប្រឹងស្រែកទាំងស្អកកទៅរកពួកនោះ៖
“ពួកអាចង្រៃ លែងយើងភ្លាម លែងយើង យើងឈឺណាស់ ឈឺណាស់…”
“បិទមាត់! ឪពុករបស់នាងទេដែលចង្រៃ! (បុរសមាឌធំសំបុរខ្មៅសក់រួញស្រែក គំហកខ្លាំងៗដាក់ទិវា) បើមិនមែនឪពុកនាងធ្វើបាបយើង ក៏យើងមិនធ្លាក់ខ្លួនបែបនេះដែរ នាងត្រូវដឹង”
“នេះមកពីឯងហ្នឹងវាល្ងង់ពេក អាខ្មៅ”
សម្ដីមួយមាត់ចុងក្រោយ ប្រៀបបីដូចប្រេងចាក់លើភ្លើង បុរសយាដៃ ស្នូរលាន់ផាច់ ទិវាស្ងាត់មាត់ឈឹង។
ពួកគេបាននាំនាងមកដល់កន្លែងឆ្ងាយមួយ ហើយរៀបចំសម្រាកនៅទីនេះ។ ដំរីបានចាត់កូនចៅពីរនាក់ ឲ្យយាមហើយនាំកូនចៅប្រាំនាក់ទៀតទៅតាមខ្លួនដើម្បីចរចា។ មុនចេញដំណើរ គេផ្ដាំកូនចៅ៖
“កុំប៉ះពាល់នាងដាច់ខាត បើនាងបញ្ហាអី ពីរនាក់ឯងជាអ្នករ៉ាប់រង ចាំឲ្យច្បាស់ ឮទេ? ” គេផ្ដាំកូនចៅមុនចេញទៅ។
រាត្រីកាន់តែត្រជាក់ ព្រះចន្ទចោលពន្លឺតាមប្រឡោះស្លឹកឈើ តំណក់សន្សើមស្រក់លើស្លឹកឈើជ្រុះឮសូរតក់ៗលាយឡំនឹងសព្វសត្វរាត្រីចរកំដររាត្រី។ ពភ្លាក់ឆាបឆ្វាច់ៗនឹងសត្វមូសដែលចេញមកបំពេញក្រពះ ខណៈទីទុយបើកភ្នែកធំៗសម្លឹង រកជីវិតរស់នឹងគេដែរ។
បើកភ្នែកព្រឹមៗ កម្រើកប្រឹងខ្លួនតិចៗ មានអារម្មណ៍ចម្លែក ពេលដឹងខ្លួនច្បាស់ ទើបដឹងថាខ្លួនកើយគល់ឈើក្នុងព្រៃ មិនមែនពួកក្នុងសណ្ឋាគារទេ។ នាងដឹងយ៉ាងច្បាស់ ពីអ្វីដែលបានកើតឡើងមុននេះ ខណៈដែលឃើញមនុស្សពីរនាក់កំពុងកាន់កាំភ្លើងឈរជ្រែងអមសងខាងខ្លួន។
“ពូ!…សុំអីញ៉ាំបន្តិចមក”
“ញ៉ាំរំបល់យក៍អី បើថ្មើរនេះអញមិនទាន់បានអីម៉ាលេបផង”(ម្នាក់ខាងឆ្វេងនិយាយ)
“នែអូនស្រី! ញ៉ាំរបស់បងទេ?” (ម្នាក់ខាងស្ដាំបន្ថែម)
“នែអាថ្លែន! កុំនិយាយច្រើនដល់រឿងហ្នឹង អញទ្រាំលែងបានឥឡូវហើយវ៉ើយ”
“មែនហើយ! អាក្ដាម មើលទៅសាច់នាងខ្ចីល្វក់អ្ហាស៎ អញបែបងាប់រស់នឹងនាងហ្នឹងឥឡូវហើយវ៉ី”
“នែ! ១០លានដុល្លារ នៅនឹងមុខវ៉ី កុំផ្ដេសផ្ដាស ក្រែងងាប់ខានឆ្ងាញ់មាត់។ ចាំបានលុយហើយ ធុនៗនេះអី
ដែលមាត់គេ ក៏ឆ្ងាញ់ដែរ”
ទិវាធ្វើភ្នែកម៉ក់ៗ នឹកឃើញភ័យក្រោយ ពេលស្ដាប់យល់ពីសម្ដីរបស់បុរសទាំងពីរ។
បុរសរាត្រី ដើរព្រៃមួយកំណាត់យប់ មើលលើក្រោម មុខក្រោយ ឆ្វេងស្តាំ មិនដឹងជាដល់ណា រកទិសមិនឃើញ។ បន្តដំណើរទៅមុខបន្តិច ស្រាប់តែឮមាត់មនុស្ស។ នាយដើរលបៗ បំបាំងខ្លួននឹងដើមស្រឡៅ ក៏អើតក្បាលមើលទៅរកម្ចាស់សំឡេងឃើញបុរសពីរនាក់ ឈរកាន់កាំភ្លើង។ ងាកក្រោមបន្តិច ឃើញនាងទិវា
ក្រញោនៗ ផ្ដេកខ្លួននឹងគល់ឈើ ដៃជាប់ចំណង។ ស្ថានភាពនេះ ធ្វើឲ្យចិត្តបុរសអាណិតនារីទ្វេឡើង។ នាយ
ប្រុងស្ទុះទៅភ្លាម តែគិតទាន់ថាមិនឈ្នះគេ ក៏រិះរកវិធីវិញ។ រាត្រីនឹកឃើញភ្លាមនូវវិជ្ជាដែលខ្លួនចេះតាំងពីតូច។
លើកដៃប្រណមសុំខមាទោស អារក្សអ្នកតារក្សាព្រៃភ្នំ ក៏បញ្ចេញសម្រែកជាសត្វខ្លា លាន់ពេញព្រៃ។ បុរសទាំង
ពីរបើកភ្នែកធំដាក់គ្នា រួចត្របាញ់ជើងឡើងកប់ចុងឈើទាំងមុខខ្មៅអែរ ពេលឮសំឡេងសត្វខ្លា។ បានឱកាស
នាយត្រីស្ទុះវឹង ត្រកងទិវា ហើយរត់ចេញយ៉ាងលឿន។
ចោរទាំងពីរក្រឡេកមកក្រោម មិនឃើញទិវា ទើបដឹងថាចាញ់កលគេ ក៏តម្រូតខ្លួនចុះក្រោមយ៉ាងលឿនដូច
ត្រកួត។ រាត្រីដឹងថា ពីរនាក់នោះកំពុងតែតាមពីក្រោយ ក៏ត្បុលចូលក្នុងព្រៃបន្លាជាប់នឹងផ្លូវ។ មកដល់ត្រឹម
ព្រៃបន្លានេះ បុរសទាំងពីរឈរសម្លឹង ផ្ទៀងត្រចៀក ព្រោះឮប្រោកៗញ័រគុម្ពោតព្រៃ។
“បន្លាច្រើនបែបនេះ ប្រហែលជាមិននៅទីនេះទេ” ម្នាក់ឈ្មោះថ្លែនពោលឡើង។
“ឈប់! អញសាកមួយគ្រាប់ពីរសិន”
ពោលមិនទាន់ផុតពីមាត់ផង សំឡេងកាំភ្លើងលាន់ផូងៗពីរគ្រាប់ផ្ទួនៗគ្នា រួចឈរផ្ទៀងត្រចៀក ស្តាប់មួយសន្ទុះមិនឮមានប្រតិកម្មក៏បន្តដំណើរយ៉ាងលឿនទៅមុខទៀត។
ស្ថិតក្នុងព្រៃបន្លា សំឡេងបេះដូងរបស់រាត្រីចាប់ផ្តើមអង្រន់ពេញទ្រូង លាន់សូរលើសលប់លើសំឡេងធម្មជាតិ ខណៈដែលកែវភ្នែកទាំងគូរបស់ខ្លួនសម្លឹងចំភក្រ្តាក្រឡង់របស់នារី។

ទិវារាត្រី

នេះជាវគ្គទី៦នៃរឿងទិវារាត្រី។ សូមជួយផ្តល់យោបល់ផង។
វគ្គទី៦
ច្រឡំ
រាត្រីសម្រេចចិត្តចាកចេញពីភ្នំពេញដើម្បីទៅមើលម្តាយ។ចំពោះនួននាយមានតែបន់ស្រន់សុំឲ្យទេវតាជួយ។ សង្ឃឹមថានាងនឹងអាចឆ្លងផុតគ្រោះនេះ។
រាត្រី ម្ដាយឈឺធ្ងន់ ខណៈខ្លួននៅតែក្រងើបមុខមិនរួច។ ប៉ុន្មានថ្ងៃនេះគាត់ចេះតែចុកពោះ។ ក្នុងនាមជាកូនប្រុស
ទោល រាត្រីបានត្រឹមសម្រក់ទឹកភ្នែក ពេលឮសំឡេងស្រែកថ្ងូរដ៏ឈឺចាប់របស់គាត់។ ជំងឺម្ដាយកាន់តែធ្ងន់រាត្រី
សម្រច នាំម្តាយទៅទៅពេទ្យនៅភ្នំពេញ។
នៅមន្ទីរពេទ្យ ម្តាយរាត្រីបានត្រឹមដេកថ្នូរនៅលើគ្រែ ពេលដែលគាត់គ្មានលុយបង់ថ្លៃព្យាបាល។ រាត្រីប្រឹងរត់
តត្រុក ដើម្បីរកឲ្យគេជួយ។ ដំបូងគេទៅជួប មិត្តទាំងអស់របស់គេ ដើម្បីខ្ចីលុយ។ និលនិងសំរិទ្ធ បានផ្តល់លុយ
បន្តិចបន្តួចឲ្យរាត្រី។ រាត្រីកាន់ប្រាក់ក្នុងដៃ ហើយលើកប្រណម អរគុណចំពោះមិត្ត។ ទោះបីជាប្រាក់មិនគ្រប់គ្រាន់
ក៏ដោយ ក៏គេត្រេកអរនឹងសន្តានចិត្តនេះ។
បានប្រាក់បីម៉ឺនរៀលរាត្រីនិងមិត្តទាំងពីរនាក់នោះបានធ្វើដំណើរទៅជួបគ្រូពេទ្យ។គ្រូពេទ្យជ្រួញចិញ្ចើម ហើយដើរចេញដោយមិននិយាយអ្វីមួយម៉ាត់ឡើយ។ទឹកប្រាក់បីម៉ឺនដែលជាទឹកចិត្តរបស់មិត្ត វាមិនមានតម្លៃស្មើនឹងចិត្តលោភលន់របស់គ្រូពេទ្យនេះឡើយ។
បញ្ហាមិនអាចដោះស្រាយបាន រាត្រីសម្លឹងមុខម្តាយដែលកំពុងតែឈឺចាប់នៅលើគ្រែ។ ទឹកភ្នែកកូនប្រុសស្រក់
មកម៉ាត់ៗ ពេលដែលខ្លួនដើរដល់ផ្លូវទាល់។
“អើ! មាស យើងនៅមាសម្នាក់ទៀត” និលពោលមកកាន់មិត្ត។ រាត្រីងើបមុខឡើង ស្ទុះចេញរត់វឹងទៅ
ក្រៅ ចំណែកឯនិលនិងសំរិទ្ធរត់សម្លឹងមុខគ្នាមួយសន្ទុះ ក៏ងាករត់ទៅតាមក្រោយ តែមិនឃើញរាត្រី ក៏ឆៀងចូលសាលាក្រែងបានជួបមាស។
ទិវាស្រី បន្ទាប់ខកការណាត់ ដែលផ្តើមឡើងដោយរាត្រីនោះមក ចិត្តនាងនៅតែក្តៅងំគ្មានរសាយឡើយ។ ពេល
មកសាលា នាងតែងតែរំពៃភ្នែករកគេ ដោយគិតថានឹងធ្វើឲ្យគេបាក់មុខម្តងទៀតឲ្យខាងតែបាន។ នៅអង្គុយនឹង
អាហារដ្ឋាន កំពុងតែជជែកគ្នាជាមួយនិតា និង សាខុន ស្រាប់តែនាងស្ងាត់មាត់លែង និយាយ ពេលឃើញនិល
និងសំរិទ្ធដើរចូលទៅ ព្រោះនាងដឹងថាអ្នកទាំងពីរនឹងរាត្រីជាមិត្តជិតស្និទ្ធ។ និល និង សំរិទ្ធ ឡើងសរសៃកតាំង
ពីចម្ងាយ ហើយមកដល់ទម្លាក់គូទអង្គុយលើកៅអី និលសល់ពាក្យចុងក្រោយៈ
“…កុំតែទប់ចិត្តទាន់ កុំអីអញដាក់អាពេទ្យហ្នឹងឲ្យផ្កាប់មុខម្តង”
“ហ៊ើយ! គ្នាអាណិតម៉ែអាត្រីណាស់វ៉ី ឥឡូវនៅដេកថ្ងូរនៅនឹងគ្រែ…អញមិនដែលឃើញគ្រូពេទ្យអីគ្មានចិត្តជាមនុស្សអីបន្តិចបែបនេះទេវ៉ី ” សំរិទ្ធបន្ថែម។
ដឹងថាម្តាយរាត្រីឈឺ ទិវាក្រោកភ្លែតចេញពីសាលា។ ពេលមកដល់មន្ទីរពេទ្យ នាងសួររកអ្នកជំងឺមកពីបាត់ដំបង។
ពេលចូលមកដល់ នារីធ្លាក់ថ្លើមក្តុក។ នាងនៅចាប់បានថាកាលខ្លួនជួបគាត់ ពេលរាត្រីត្រូវឡានបុក គាត់មាន
សុខភាពល្អណាស់។ តែពេលនេះ គាត់បែរនៅដេកថ្នូរលើគ្រែទៅវិញ ។
ទិវាងាកទៅជួបជាមួយគ្រូពេទ្យៈ
“តើលោកត្រូវការលុយប៉ុន្មាន?” សំណួរនេះគ្មានអ្នកណាហ៊ានឆ្លើយ បានត្រឹមតែឱនមុខចុះទាំងញ័រទទ្រើក។ ដឹង
ថាពួកគេមិនហ៊ាន នារីបន្តៈ
“ខ្ញុំនឹងឲ្យលុយអ្នកទាំងអស់គ្នា មួយជាពីរ ប៉ុន្តែអ្នកជំងឺម្នាក់នេះភ្លាត់ស្នៀត អ្នកទាំងអស់គ្នាក៏មិនបាច់រស់ដែរ” ពោលរួចនាងបានទាញលុយចេញមក ហើយយកទៅបង់តាមតម្លៃដែលគេចង់បាន។
ប្រាក់បង់រួច វិក្កយបត្រទទួលបាន ដំណើរការវះកាត់ពោះវៀតដុះស្នែងរបស់អ៊ំស៊ឹមក៏ដំណើរការជោគជ័យខណៈ
ពេលដែល កូនប្រុសរបស់ខ្លួនកំពុងតែនៅខាងក្រៅដើម្បីស្វះស្វែងរកប្រាក់នៅ ឡើយ។
ដំណើរការវះទទួលបានជោគជ័យ ទិវាក៏ចូលទៅមើលគាត់ ខណៈដែលគាត់នៅមិនទាន់ដឹងខ្លួននៅឡើយ។ ពេលអង្គុយសម្លឹងមុខគាត់ នាងនឹកឃើញកូនប្រុសរបស់គាត់។ នាងគិតថាមូលហេតុដែលរាត្រីមិនបានទៅជួប
នាង ប្រហែលមកពីម្តាយឈឺធ្ងន់។ ទោះជាពិតឬមិនពិតក៏ដោយ ក៏រឿងនេះ ជារឿងរបស់ខ្លួននិងរាត្រី គាត់ជាមនុស្សចាស់មិនពាក់ព័ន្ធទេ។
រាត្រីបានទៅជួបមាស ហើយបានសុំឲ្យមិត្តមកជួយម្តាយ។ មាសដែលជាមិត្តសម្លាញ់ ក៏ប្រញាប់ចេញមកជាមួយ
រាត្រី។ ពេលមកដល់មន្ទីរពេទ្យ អ្វីៗបានប្រែប្រួល។ អ៊ំស៊ឹមត្រូវបានព្យាបាលរួចរាល់ រាត្រីសួររកហេតុផល តែគ្រូ
ពេទ្យមិនព្រមប្រាប់ ព្រោះខ្លួនត្រូវទិវាគំរាមរួចទៅហើយ។
នេះជាអាថ៍កំបាំងទី២ បន្ទាប់ពីខ្លួនមានរបស់របួសដោយឡានបុករួចមក។ រាត្រីមិនយល់ហេតុ បានត្រឹមតែអេះ
ក្បាល។ តែទោះយ៉ាងណា បន្លាបានដកចេញពីទ្រូងមួយហើយនៅពេលនេះ។ ពេលនឹកដល់ថាម្តាយបានធូរ រាត្រីបានចេញទៅរកជួបថុង ម៉េងម្តងទៀត ដើម្បីនិយាយរឿង នួន។ ប៉ុន្តែពេលទៅដល់ មិនបានជួបគេទេ ហើយហាងរបស់លោកក៏ត្រូវដូរឈ្មោះថ្មីដែរ គឺឈ្មោះ អាហារដ្ឋាន “ទិវា”។ ពេលសួរអ្នកនៅបម្រើការនៅទីនោះ
គេប្រាប់ថាហាងនេះ ថុង ម៉េង បានលក់ឲ្យនាងទិវាបាត់ទៅហើយ។ រាត្រីគិតក្នុងចិត្តថា នាងកូនកុង្សីម្នាក់នេះ កំពុងតែបង្ហាញឥទ្ធិពលដែលធ្វើឲ្យខ្លួនមិនអាចរស់បានហើយ។ នាយរំលឹកខ្លួនឯងថា មិនត្រូវខ្លាចនាងទេ គឺត្រូវ
តែជួយនួនឲ្យបាន។ រាត្រីបានសួររកនាងទិវា ដើម្បីចង់ជួប ប៉ុន្តែបន្ទាប់ពីសម្លឹងមើលលើក្រោមហើយ រាត្រីត្រូវបានអ្នកបម្រើក្នុងហាងនោះដេញចេញ។
ពេលរាត្រីចេញផុត ទិវានិងមិត្តទាំងពីរ និតា និង សាខុនបានមកដល់។ អ្នកបម្រើការនៅទីនេះ តែងតែឱន
លំទោនចំពោះនាង។ មានអ្នកយកគាប់យកគួរខ្លះ តែងតែរាយការណ៍ ពីនេះពីនោះ ដើម្បីធ្វើខ្លួនឲ្យលេខធ្លោ ក្រែងបានឡើងកាន់ការធំ។ បុរសដែលបានដេញរាត្រីចេញមុននេះ គេកំពុងរៀបឬក ត្រៀមខ្លួន រាយការណ៍
ជូនមេ។
“សូមជម្រាប អ្នកនាង មុននេះ មានអាក្មេងម្នាក់ ខោមិនខោអាវមិនអាវ វាប្រាប់ថាឈ្មោះស្អី ត្រី រាត្រីអីមិនដឹង
ទេ ចង់មកជួបអ្នកនាងបាទ…”
ពេលឮថា រាត្រីមករកនាង ទិវាក្រឡេកមើលមុខអ្នករាយការណ៍ម្នាក់នេះដោយមិនដាក់ភ្នែក។ ចំណែកឯបុរស
នេះ ស្មានតែនាងជក់ចង់ស្តាប់ ក៏បន្ថែមល្បោយៈ
“ប៉ុន្តែកុំភ័យអីអ្នកនាង រឿងបែបនេះទុកឲ្យខ្ញុំចុះបាទ ខ្ញុំមិនឲ្យវាមកជិតហាងយើងទេ”
“គេនៅឯងណា?” នាងសួរដោយមិនខ្វល់ពីគេនិយាយអ្វីឡើយ អ្វីដែលនាងចាប់អារម្មណ៍ គឺរាត្រីបានមករកនាង
ដល់ទីនេះ។ នាងប្រឹងសញ្ជឹងក្នុងចិត្ត តើគេមកដើម្បីបកស្រាយការខកណាត់នោះមែនទេ ឬក៏មានការអ្វីផ្សេង។ នាងចង់ទៅជួបគេវិញ ប៉ុន្តែគិតថាប្រសិនបើគេចង់ជួបនាងគេនឹងមក ម្តងទៀតមិនខាន។
រាត្រី ពេលដែលខ្លួនមិនបានជួបនាងទិវានិងលោកថុង ម៉េង ខ្លួនក៏ប្រញាប់មកមើលម្តាយវិញ ព្រោះតាំងពីគាត់
វះកាត់រួចមក មិនមានអ្នកនៅកំដរគាត់ឡើយ។
ប្រហែលជាមួយសប្តាហ៍ បន្ទាប់ពីទទូលបានការព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យ អ៊ំស៊ឹម អាចចេញ
ត្រឡប់ទៅផ្ទះវិញបាន។ រាត្រីមិនទាន់ឲ្យម្តាយត្រឡប់ទៅបាត់ដំបងវិញទេ ដោយទុកឲ្យគាត់ស្នាក់នៅជាមួយខ្លួនក្នុងបន្ទប់ជួលនេះសិន។ ម្តាយចេញពីពេទ្យ រាត្រីបន្តស្វែងរកនួន។ នាយជឿជាក់ថានួនស្ថិតនៅក្នុងដៃរបស់ទិវា និង លោក ថុង ម៉េង។ ពេលនេះជាពេលដែលចំណងនេះត្រូវ
តែស្រាយ។ នាយនឹងព្យាយាមជួបនាងទិវាម្តងទៀត តែខ្លួននឹងមិត្តទៅជួបនាងនៅសាលានោះទេ ព្រោះទីនោះមិនមែនជាកន្លែងសមរម្យសម្រាប់ដោះស្រាយបញ្ហាឡើយ។
ទៅជួបនឹងទិវាលើកនេះ នាយបានជួបនឹងអ្នកដែលធ្លាប់ធ្វើការជាមួយគ្នា។ រាត្រីបានប្រាប់រឿងរ៉ាវដែលបាន
កើតឡើង ហើយមិត្តដែលធ្លាប់រួមការងារបានបញ្ជាក់ថា នាងទិវាជាមនុស្សម្នាក់ដែលមិនគួរប៉ះពាល់ឡើយ។ រាត្រីនៅតែបញ្ជាក់ដដែលថា ទិវាត្រូវតែដោះលែងនួនមកវិញ។ សម្តីដែលអ្នកទាំងពីរបានជជែកគ្នា បានឮដល់អ្នកបម្រើម្នាក់ដែលពូកែរាយការណ៍។ គេញញឹមជាប់ ដឹងថាលើកនេះមានរឿងភ្គាប់ចិត្តចៅហ្វាយ
ទៀតហើយ ដែលពេលនេះនាងកំពុងនៅខាងក្នុង។
“អ្នកនាង ឥឡូវអាត្រីវាមកហើយ វាមករកនាងម្នាក់ឈ្មោះនួនដែលត្រូវថៅកែមុនដេញចេញ”
ឮថារាត្រីមករកស្រីម្នាក់ឈ្មោះនួន នាងមន្ទិលក្នុងចិត្ត ហើយក៏ចេញទៅក្រៅភ្លាមដើម្បីជួបគេ តែពេលនាង
ចេញមក គេចេញផុតទៅហើយ។ ទិវាបានសួរអ្នកបម្រើការក្នុងហាង ពីឈ្មោះនាង ម្នាក់ឈ្មោះនួន ពួកគេ
ប្រាប់ថា នួននិងរាត្រីស្រឡាញ់គ្នាយូរហើយ ហើយពេលរាត្រីត្រូវបណ្តេញចេញ នួនក៏សុំឈប់ដែរ។
បន្ទាប់ពីដឹងថារាត្រីមានមនុស្សក្នុងចិត្ត ទិវាប្រែប្រួលទឹកមុខ។ នាងប្រឹងសញ្ជឹងគិតពីខ្លួនឯង តើអ្វីដែលខ្លួន
បានធ្វើ និង កំពុងធ្វើ ធ្វើដើម្បីអ្វី? ហេតុអ្វីបានជាខ្លួនដើរដល់ចំណុចនេះ? តើខ្លួនកំពុងតែវង្វេងឬ?
នាងមិនយល់ពីចិត្តខ្លួនឯង ហេតុអីក៏ខ្លួនចេះតែតាមរករឿងរកហេតុជាមួយរាត្រី។
រាត្រី ពេលត្រឡប់មកបន្ទប់វិញ ក៏បើកភ្នែកធំៗ សម្លឹងមនុស្សម្នាក់ទៀតក្រៅពីម្តាយរបស់ខ្លួន។ ម្នាក់នោះគឺនួន។ នាងបានត្រឡប់មកវិញ ដោយសុវត្ថភាព។ នាងបានរៀបរាប់រឿងហេតុដែលបានកើតឡើង។ ការពិតនាងត្រូវបុរសវ័យកណ្តាលម្នាក់សង្រ្គោះ នៅពេលនាងសន្លប់នៅលើដងផ្លូវត្រង់ស្តុបសន្ធរម៉ុក។
រាត្រីសប្បាយចិត្តណាស់ តែក៏ហាក់ដូចជាភ្ញាក់ខ្លួនបន្តិចដែរ ព្រោះការបាត់ខ្លួនរបស់នួនមិនទាក់ទងជាមួយ
ថុងម៉េង និង នាងទិវានោះទេ។ ប្រសិនបើខ្លួនបានជួបពួកគេមុននួនបង្ហាញខ្លួនប្រហែល ជាអាចកើតរឿងធំ
ព្រោះការយល់ច្រឡំនេះ។
រឿងរបស់រាត្រីនិងទិវាចាប់ផ្តើមស្ងាត់ ចាប់ពីពេលនោះមក។ ទិវាឃាំងចិត្តខ្លួនឯង ឈប់រករឿងរកហេតុជា
មួយរាត្រី។ ចំណែកឯរាត្រីក៏បញ្ចប់លែងសួររកឬសគល់ ពេលដឹងថាខ្លួនយល់ច្រឡំចំពោះគេត្រង់ចំណុច
នេះមក។
រាត្រីនិងនួនបានព្យាយាមរកការងារថ្មី។ នួនបានទៅបម្រើការនៅខាងអាហារដ្ឋានដដែល ចំណែករាត្រីបានទៅធ្វើការជាអ្នកកាសែតម្នាក់។ អ្នកទាំងពីរនៅក្នុងបន្ទប់តែមួយ ហើយនាក់ទំនងរបស់
ពួកគេ ស្ថិតនៅលើការស្មានរបស់អ្នកជិតខាង។

ទិវារាត្រី

វគ្គទី ៥
វង្វេង
ក្រោយពីមានជម្លោះនៅអាហារដ្ឋាន រាត្រីត្រូវបានបណ្តេញចេញ។ រាត្រីមិនសុខចិត្តឲ្យខ្លួនឯង
ត្រូវគេប្រមាថឡើយ ពិសេសនារីម្នាក់នោះ។ បន្ទាប់ពីរាត្រីត្រូវបានបណ្តេញចេញរួចមក នួន
ត្រូវលោកថៅកែថុង ម៉េងស្តីបន្ទោស ព្រោះនាងបានប្រាប់រឿងនេះទៅគេ។ ពេលដែលត្រូវថៅ
កែស្តីបន្ទោស នួនមិនបានតបតអ្វីឡើយ។ នាងបានត្រឹម តែប្រឹងឈរទប់ទឹកភ្នែក។ នាងគិតក្នុង
ចិត្តថា ហេតុអ្វីបានខ្លួនទៅវិញ ដែលជាអ្នកខុស? ហេតុអ្វី បានជាគេមិនយល់ពីភាពឈឺចាប់របស់
ខ្លួន?
បន្ទាប់ពីទទួលពាក្យស្តីបន្តោស ពាក្យដែលនាងពោលចុងក្រោយ គឺសុំឈប់ពីការងារនេះ ហើយ
ក៏ដើរចេញទាំងទឹកភ្នែក។ ចេញពីអាហារដ្ឋាននេះ នាងមិនមានកន្លែងស្នាក់នៅទេ នាងបាន ទៅ
ជួបរាត្រី រាត្រីឲ្យនាងស្នាក់នៅបណ្តោះអាសន្ន។ អ្នកទាំងពីរ ត្រូវប្រឈមនុខនឹងការខ្វះខាតទាំង
ថ្លៃបន្ទប់ និង ការចំណាយប្រចាំថ្ងៃ ព្រោះតែបាត់បង់ការងារ ។ រាត្រីតែងតែធាក់កង់ពីរ នាក់នួន
ដើម្បីស្វែងរកការងារថ្មី តែពេលដែលឃើញមុខអ្នក ទាំងពីរ គេតែងតែគ្រវីក្បាលមិនទទួល។
ថ្ងៃនេះរាត្រីចេញទៅក្រៅតែម្នាក់ឯង នួននៅផ្ទះធ្វើបាយ។ ថ្ងៃនេះរាត្រីមិនដើរតាមហាងរកដូចមុនទេ គេបានទៅអានកាសែតនៅជាប់របងសាលាសន្ធរម៉ុក។ គ្រាន់តែទាញកាសែតមកអានបាន២ទំព័រ
រាត្រីប្រែទឹកមុខ។ រាត្រីដឹងភ្លាមថា ជាទង្វើរបស់ថៅកែនោះ។ នាយទាញកង់ធាក់ចេញ អារម្មណ៍
មិននៅនឹងខ្លួន ខណៈកំហឹងពេញទ្រូងប្រុងនឹងស្ទុះចេញមក។ រាត្រី ទើបតែដឹងពីមូលហេតុដែលខ្លួន
មិនអាចរកការងារថ្មីបាន។ គិតពីភាពអយុត្តិធម៌មួយនេះ ជើងរបស់រាត្រី ធាក់កាន់តែលឿន សំដៅ
អាហារដ្ឋានរបស់លោក ថុង ម៉េង ដែលកន្លែងខ្លួនធ្លាប់ធ្វើការ។ គ្រាន់តែមកភ្លាម រាត្រីទម្លាក់កង់
ចោល ដោយមិនវាយជន្ទល់ ហើយរត់ចូលទៅធាក់ទម្លាយទ្វារបន្ទប់លោកថុង ម៉េង ក្នុងកែវភ្នែក
ពេញដោយកំហឹងសម្លឹងសំដៅ ខណៈដែលលោកកំពុងអង្គុយនិយាយជាមួយនាងទិវាយ៉ាងលំទោន។
ទ្វារបន្ទប់របស់ថុង ម៉េងត្រូវរបើកដោយកម្លាំងជើងរបស់ រាត្រី ធ្វើឲ្យលោក ថុង ម៉េង និង នាងទិវា ងាកមកសម្លឹងគេទាំងស្រឡាំងកាំង។ រាត្រី គ្រវាសភ្នែកបន្តិច ដាក់នាងទិវា ហើយក៏សម្លឹងមុខថុង
ម៉េងជាប់ ក្នុងក្រសែភ្នែកមិន ព្រិចមួយពព្រិចសោះ។ ពេលឃើញអ្នកទាំងពីរនៅជាមួយគ្នា រាត្រីដឹង
ភ្លាមថា ទិវា ជាអ្នកនៅពីក្រោយរឿងនេះ។
“បើលោកចង់ឈ្នះខ្ញុំ ក៏មិនគួរយកឈ្នះដោយអំពើដ៏សែនថោកទាបបែបនេះដែរ…” ផ្ញើសម្តីត្រឹម
មួយប្រយោគនេះរួច រាត្រីធាក់ទ្វារមួយជើងទៀត ហើយកក៏ឈានជើងចេញ ខណៈដែលមនុស្ស
ជាច្រើនបានសម្លឹងមករកខ្លួន។ ថុង ម៉េងស្រឡាំងកាំង ហាមាត់ចង្រ្កោះ ព្រោះគិតមិនដល់ថា រាត្រី
ស៊ើងដល់ម្លឹង។ ចំណែកទិវាស្រី ក៏សម្លឹងមិនព្រិចភ្នែកដែរ ចំពោះកាយវិការច្រឡោតរបស់រាត្រី។
នាងនឹងស្មានមិនដល់សោះ ថាគេក្លាហានបែបនេះ។ ពេលរាត្រីចេញផុត ទិវាងាកសំដៅលោកថុង
ម៉េង។
“ហេតុអី? ហេតុអីក៏?”
“អូ! អីចេះទេ អ្នកនាង។ ការពិត ដោយសារគេបានប៉ះពាល់អ្នកនាង ហេតុនេះ ទើបខ្ញុំបណ្តេញគេចេញ ហើយផ្សាយព័ត៌មានលើទំព័រកាសែតថា គេបានលុចលុយភោជនីយដ្ឋានខ្ញុំ្ ហើយត្រូវបណ្តេញចេញ”
“ផ្តេសផ្តាស មែន!” ពោលរួចនាងក្រោកពីកៅអី ចំណែកឯលោកថុង ម៉េង តបវិញយ៉ាងលឿនថាៈ
“បាទមែន! អាក្មេងហ្នឹងវាផ្តេសផ្តាសមែន អម្បាញ់មិញបើកុំតែវារត់ទៅទាន់ កុំអីខ្ញុំឲ្យពួកអាដែងអស់នេះ ដាក់មួយប្រាវទៀតបាត់ទៅហើយ”
“អ្នកដែលផ្តេសផ្តាស មិនមែនគេទេ គឺលោក”
“អ្ហាស៎! ” ថុងម៉េងបើកភ្នែករឹតតែធំ។
“ហេតុ…ហេតុ ហេតុអី? អ្នកនាង…?” លោកបន្ថែមទាំងញ័របបូរមាត់។
“បើហាងនេះគ្មានគេ ខ្ញុំមិនត្រឹមតែមិនទិញទេ ហើយថែមទាំងត្រូវបិទទ្វារចោលទៀតផង។ ”ពោលរួច
នាងដើរចេញទៅ តែបានប៉ុន្មានជំហាន នាងមកបញ្ជាក់ “ នេះជាអ្វីដែលលោកត្រូវដឹង”
លក្ខខណ្ឌនេះ ធ្វើឲ្យថុង ម៉េង យកដៃអេះក្បាល ព្រោះមុននេះ និយាយគ្នាត្រូវល្អណាស់ រឿងផ្ទេរហាង
នេះទៅនាង តែឥឡូវគ្រាន់តែរឿងក្មេងរត់តុម្នាក់ នាងចង់លុបកិច្ចសន្យាទិញហាងនិងគំរាមបិទហាងនេះ
ទៀត។ ពេលនេះថុង ម៉េងបង្ខំចិត្តធ្វើទំនាក់ទំនងល្អជាមួយរាត្រីឡើងវិញ។ ថៅកែហាងចេញឆ្ការដៃឆ្ការ
ជើង ឲ្យកូនចៅទៅតាមរករាត្រី។ អ្នកក្រោមបង្គាប់គ្រាន់តែឮបញ្ជារបស់លោកថុង ម៉េង នាំគ្នាចេញទៅ
រករាត្រី និងចែកទិសដៅគ្នាស្វែងរកដោយធ្វើយ៉ាងណាត្រូវចាប់រាត្រីឲ្យបាន ដើម្បីប្រគល់ខ្លួនជូនលោក
វិញ។
រថយន្តមួយរបស់ អាហារដ្ឋានរបស់លោកថុង ម៉េង បានមកដល់ស្តុប ពេទ្យលោកសង្ឃ ហើយបាន
ព័ទ្ធចាប់រាត្រី ហើយរាត្រីប្រើកម្លាំងរំដោះខ្លួន តែត្រូវពួកនោះក្រៀកជាប់។ កូន ចៅថុងម៉េង ព្រោះតែ
ចង់ភ្គាប់ចិត្តចៅហ្វាយ បានដាក់រាត្រីយ៉ាងចាស់ដៃមុននឹងញាត់ចូលទូទឡាន ។
ពេលចាប់រាត្រីដាក់ឡាន ហើយរៀបចេញទៅ មានរថយន្ត ជាច្រើនបានមកស្ទាក់ពីមុខ ធ្វើឲ្យរថយន្ត
អូសកង់ ផ្អើលអស់អ្នកដំណើរតាមដងផ្លូវ។ ក្រុមដែលមករារាំង បានចេញមករំដោះរាត្រីចេញ ដោយបានចេញមកប្រតាយប្រតប់ពេញដងផ្លូវ។ កូនចៅ ថុង ម៉េង ត្រឡប់មកជួបចៅហ្វាយវិញ ផ្ទៃ
មុខដាមដោយស្នាមរបួស ធ្វើឲ្យលោកបើកភ្នែកធំៗ ព្រោះមិនយល់ហេតុ។
“ហេតុអី? ម៉េចបានជាពួកឯងត្រូវ…”
“លោកថៅកែ អាត្រីត្រូវគេរំដោះបាត់ហើយ ”
“ថា ម៉េច? ឯងថាម៉េច?”
“តែមិនអីទេ លោកថៅកែ វារត់រួចមែន ប៉ុន្តែពួកខ្ញុំបានប្រដៅវាយ៉ាងធ្ងន់ដៃ មើលទៅវាពិបាករស់
ណាស់លោកថៅកែ”
“អា…អា អាចង្រៃយក៍…អញមិនមែនឲ្យពួកឯងទៅវាយវាទេ អញឲ្យឯងទៅហៅវាមកធ្វើការវិញ…”
សំឡេងអមដោយកំហឹង របស់ ថុង ម៉េង បានបញ្ចប់ជាមួយនឹងបាតដៃរបស់គាត់ លាន់សូរផាច់ៗ
ធ្វើឲ្យកូនចៅម្នាក់នោះ អង្អែលថ្ពាល់ញាប់ស្មេញ ហើយពោលតិចៗថា “ស្មានៗ តែត្រូវទៅ ប្រដៅវា មិនដឹងថាទៅអញ្ជើញវាមកសោះ យីភ្លេចសួរឲ្យច្បាស់!”
រាត្រីត្រូវបាននាយ មាស និង ក្រុមរបស់គេ នាំមកផ្ទះមួយនៅបឹងប៉ាយ៉ាប។ កន្លែងនេះមានសុទ្ធតែ
មនុស្សប្រុសៗ ដែលមាសបានប្រាប់ថា ជាអ្នកធ្វើការជាមួយគ្នា។ មាសប្រឹងជជីកសួររាត្រី ពីរឿង
ដែលខ្លួនត្រូវគេវាយ ប៉ុន្តែរាត្រីមិនតបទៅមិត្តវិញភ្លាមៗទេ។
ក្រោយពីបាត់រាត្រីពេញមួយថ្ងៃ នួនបានចេញទៅរក។ ម៉ោងប្រមាណជា៧ព្រលប់ ភ្នំពេញមានភ្លៀង
ធ្លាក់យ៉ាងក្រាស់។ នួនប្រឹងដើរក្រោមភ្លៀង តាមរករាត្រី តែឃើញតែមនុស្សដែលខ្លួនមិនចង់រក។
នៅតាមបណ្តោយផ្លូវកម្ពុជាក្រោយ ជិតស្តុបសន្ធរម៉ុក នួនបានដួលសន្លប់ក្បែររន្ធលូមួយ ខណៈដែលមានអ្នកដំណើរជាច្រើនបានធ្វើដំណើរទៅមក។
ព្រលឹមឡើង រាត្រីត្រូវបាននាយមាសជូនមកបន្ទប់របស់គេនៅទឹកថ្លាវិញ ប៉ុន្តែពេលមកដល់រាត្រីមិន
បានជួបនួនទេ។ នាយដឹងថានាងមិនមែនចាកចេញទេ ព្រោះ អីវ៉ាន់របស់នាង នៅក្នុងបន្ទប់នេះនៅ
ឡើយ។
មួយថ្ងៃពេញ រាត្រី មិនអាចរកនួនឃើញ។ នាយគិតថា ប្រហែលជាលោកថុង ម៉េង និង នាងទិវា
ដែលចាប់នាងទៅ។ រាត្រីគិតថា នេះជាសង្គ្រាម រវាងខ្លួននឹង នាងទិវាឬលោកលោកថុងម៉េង មិន
មែននួនទេ។
រាត្រីនៅសំកុក រហូតម៉ោងប្រហែលជាមួយរំលងអាធ្រាត នៅមិនទាន់ចូលសម្រាក។ នាយគិតថា
ខ្លួន ត្រូវនិយាយជាមួយនាងទិវាឲ្យដឹងសខ្មៅ ព្រោះខ្លួនមិនអាចបន្តរស់នៅបែបនេះតទៅទៀតទេ
ហើយខ្លួនរឹតតែមិនអាចនាំទុក ដល់អ្នកនៅជុំវិញខ្លួនទៀតផង។
ស្អែកឡើង រាត្រីបានទៅជួបជាមួយថុង ម៉េង ដើម្បីឲ្យគេដោះលែងនួនមកវិញ។ ពេលមក ជួប
លោកភ្លាម រាត្រីបានសុំណាត់ជុំនាងទិវា ដើម្បីនិយាយរឿងនេះឲ្យដាច់ស្រេច។ លោកថុង ម៉េង ដែលខ្លាចអាប់ឱនពេលសុំឲ្យរាត្រីមកធ្វើការវិញនោះ ពេលឮថា រាត្រីត្រូវការជួបនាងទិវា ក៏ប្រញាប់
រូតរះទាក់ទងនាងភ្លាម ដោយមិនបាននិយាយរឿងឲ្យរាត្រីមកធ្វើការវិញដោយផ្ទាល់ឡើយ។
ទិវាស្រី ពេលឮថារាត្រីណាត់ជួបនៅអាហារដ្ឋាន របស់ថុង ម៉េង បានមានអារម្មណ៍ប្លែក កំហឹងរបស់ខ្លួនចំពោះគេហាក់បានរសាយបន្តិចម្តងៗ។ អ្វីដែលនាងចង់ដឹងបំផុតនោះ តើរាត្រីនឹង
និយាយពាក្យណាមួយមករកខ្លួន ជាលើកដំបូង។
ពេលវេលាណាត់ជួបបានមកដល់ អាហារដ្ឋានរបស់លោកថុង ម៉េងត្រូវបានបិទ មិនទទួលភ្លៀវ
ម៉ោងប្រមាណជាប្រាំមួយ នារីបានមកដល់ អាហារដ្ឋាននេះចាំមុន។ ចំណែករាត្រីកំពុងត្រៀមរាបចំទាញកង់ចេញដំណើរក្នុងទឹកមុខអួរអាប់ ។ រៀបនឹងចេញដំណើរ
ទៅហើយ ស្រាប់តែមានរថយន្តអ្នកបាត់ដំបងមួយបានមកប្រាប់ដំណឹង។ ឮថាម្តាយឈឺធ្ងន់ រាត្រី
បានអូសកង់យកទុកវិញ ហើយចេញទៅបាត់ដំបងបាត់ទៅ ខណៈដែលនាងទិវាកំពុងអង្គុយចាំ
ដោយអន្ទះសារ។

ទិវារាត្រី

ខាងក្រោមនេះ ជាវគ្គទី៤។ សូមជួយផ្តល់យោបល់ផង។

វគ្គទី៤
ការងារថ្មីជួបរឿងចាស់
ក្រោយពីចេញពីគេហដ្ឋានគហបតីនោះមកត្រីខំរកការងារថ្មីអស់រយៈពេលជិត២ខែ ទើបរកបានការងារជាអ្នកបម្រើតាមតុក្នុងភោជនីយដ្ឋានមួយនាមាត់ទន្លេ។ ល្ងាចឡើង
នាយតឺនុយខោអាវ ធាក់កង់ចាស់ម្នាក់ឯងឆ្ពោះទៅអាហារដ្ឋានដើម្បីបំពេញការងារ។
បានកន្លះខែ ត្រីស្គាល់មិត្តថ្មីជាច្រើន ពិសេសនារីម្នាក់ដែលតែងតែអង្គុយជជែកគ្នា
លេងពេលស្រាកភ្ញៀវ។
“បងត្រី! បងមានដែលទៅលេងស្រុកទេ?”
“មាន! ទើបទៅពីរខែមុននេះឯង ចុះខាងនួនវិញ?”
“ខ្ញុំខានទៅពីរឆ្នាំហើយ”
“ពីរឆ្នាំហើយ! មិនចេះនឹកផ្ទះទេអ្ហេស៎?”
“នឹក! តែ…តែ…ណ្ហើយ គ្មានអីទេ នែ! បងត្រីអ្ហា៎ បងយល់ថាអ្នកបម្រើដូចខ្ញុំនេះយ៉ាង
ម៉េចដែរ”
“យល់យ៉ាងម៉េច? ខ្ញុំមិនដឹងយល់យ៉ាងម៉េចផង គឺធម្មតាទេ ដូចតែខ្ញុំដែរហ្នឹង”
“ទេ! មិនដូចទេ ខុសគ្នាឆ្ងាយណាស់ ត្បិតតែជាអ្នកបម្រើដូចគ្នា តែខ្ញុំជាស្រី ត្រូវភ្ញៀវ​
ប្រមាថមាក់ងាយរាល់ថ្ងៃ លូកមុខលូកក្រោយ បងមិនឃើញទេអ្ហេស? ”
“ឃើញហើយ! បើនួនដឹងដែរ ម៉េចក៏បណ្តោយខ្លួនធ្វើអី?”
ពេលរាត្រីសួរបែបនេះ នួននៅស្ងៀមឱនមុខចុះ លែងតប។ ចំណែករាត្រីក៏មិនសូវយក
ចិត្តទុកដាក់នឹងរឿង នាងប៉ុន្មានដែរ ហើយក៏ងារដើរចេញព្រោះមានភ្ញៀវចូលមក។
ចាប់ពីថ្ងៃនោះមក នួនមិនមានទឹកមុខរីករាយដូចមុនទេ។ នាងចេះតែលួចសម្លឹងរាត្រី
ក្នុងចិត្តចង់ទម្លាយរឿងក្នុងចិត្ត តែមិនហ៊ាន។
ឃើញអាការខុសប្រក្រតីរបស់នួន រាត្រីក៏ជ្រួញចិញ្ចើម។
“មានអីមិនសប្បាយចិត្តអ្ហេស?” រាត្រី
ឮសំណួរនេះ នាងងើបមុខសម្លឹងសំដៅកែវភ្នែករាត្រីក្នុងទឹកមុខស្មើ ខណៈពេលដែល
ទឹកភ្នែកនាងស្រក់មកម៉ាត់ៗ ធ្វើឲ្យរាត្រីហាមាត់ ស្រឡាំងកាំង។ ពេលដែលនាងប្រឹង
ជូត ទឹកភ្នែកនាងហូររឹតតែខ្លាំង។ ដោយទប់ទឹកភ្នែកមិនឈ្នះនឹង នាងផ្តេកក្បាល
សម្រក់លើស្មារាត្រី។ រាត្រីងាកឆ្វេងស្ដាំ ខណៈដែលមានមនុស្សជាមួយចំនួនបាន
សម្លឹងមករកពួកគេ។
“នួន! ប្រយ័ត្នគេឃើញ បើនួនមានរឿងអី ប្រាប់ខ្ញុំមកក្រែងខ្ញុំអាចជូយបានណា៎”
ឮរាត្រីនិយាយបែបនេះ នាងងាកចេញ រត់ទៅសំងំក្នុងបន្ទប់ទឹកបាត់ទៅ។
ចេញពីធ្វើការ នួនបានណាត់រាត្រីទៅមាត់ទន្លេ។ ពេលមកដល់មាត់ទន្លេ នួននៅសំងំ
កែវភ្នែកទាំងគូសម្លឹងទៅរកផ្ទៃទឹក។
“នួន! មានរឿងអីអ្ហេស? និយាយមក ក្រែងខ្ញុំអាចជួយបាន”
“ជួយខ្ញុំអ្ហេស៎?” នាងងើយមុខសម្លឹងសំដៅរាត្រី រួចបន្ត “យឺតពេល ហើយបងជួយខ្ញុំ
មិនបានទេ”
“ធ្ងន់ធ្ងរដល់ម្លឹងផងអ្ហេស? បើខ្ញុំជួយមិនបាន ប្រាប់លោកថៅកែទៅ គាត់ប្រាកដជាជួយ
បាន ព្រោះគាត់ជាមនុស្សស្រួលនិយាយគ្នាទេ”
“ថៅកែអ្ហេស៎? គេនឹងអ្ហេស? បងដឹងទេ ខ្ញុំធ្លាក់ខ្លួនមកដូចសព្វថ្ងៃនេះគឺ ដោយសារតែ
គេដែរ និយាយមកសុទ្ធតែចង់ជួយ ចង់លើកស្ទួយស្អី បោកប្រាស់ទេ”
“បោកប្រាស់! មិនអាចទេ គាត់ជាមនុស្សចិត្តបានសឹងអីហ្នឹង”
“ចិត្តបានអ្ហេស! ចិត្តបានអាចលក់ខ្ញុំដែរទេ?”
“លក់! នួនត្រូវគាត់លក់? ” រាត្រីពោលទាំងភ្នែកស្លឺ
“បងត្រី ខ្ញុំនិយាយដោយមិនខ្មាសអៀនឡើយ បើបងទៅប្រាប់គេបន្តទៀត ខ្ញុំក៏ឥតថាដែ។
…ត្បិតតែខ្ញុំសើចសប្បាយរាល់ថ្ងៃ តែរូបភាពអតីតកាលបានដក់ជាប់ក្នុងខួរក្បាលរបស់ខ្ញុំ
ជានិច្ច វាតាមមកលងជីវិតខ្ញុំជានិច្ច។ បងដឹងទេ ខ្ញុំជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូន៦
នាក់។ ហេតុតែក្រីក្រ ខ្ញុំបង្ខំចិត្តចាកចេញពីគ្រួសារមករកការងារធ្វើនៅភ្នំពេញ។ មកដំបូងៗ
រកការងារធ្វើមិនបានសោះ ខ្ញុំស្ទើរតែលើកដៃសុំទានទៅហើយ។”
មកដល់ត្រឹមនេះ នាងយកដៃជូតទឹកភ្នែកបន្តិច ទើបបន្ត “តែថ្ងៃមួយខ្ញុំបានមកដល់ហាងនេះ
បំណងសុំការងារក្នុង នាមជា អ្នកបោសសម្អាត លាងចានជាដើម។ តែលោកថៅកែទីនេះ
គាត់មិនឲ្យខ្ញុំធ្វើការងារនេះទេ គាត់ឲ្យខ្ញុំធ្វើជាអ្នករត់តុធម្មតាវិញ។ ខ្ញុំសប្បាយចិត្តណាស់
ខ្ញុំលើកដៃប្រណមអរគុណគាត់។ ខ្ញុំគិតថាទេវតាពិតជាមានភ្នែកមែន។ ទឹកមុខខ្ញុំប្រែជា
ស្រស់ញញឹមរាល់ថ្ងៃ ពិសេសខ្ញុំបានស្លៀកពាក់ស្អាតបាត ត្រឹមត្រូវនឹងគេ ថ្ងៃណាក៏ទទួល
ពាក្យសរសើរដែរ។ តែភាពស្រស់ស្អាតរបស់ខ្ញុំ បែរជានាំឲ្យខ្លួនធ្លាក់រណ្ដៅងើបមិនរួច”
“ធា្លក់រណ្ដៅ! ខ្ញុំ…ខ្ញុំមិនយល់ទេនួន” នាយតបទាំងជ្រួញចិញ្ចើម។
“គឺមានបុរសវ័យកណ្ដាលម្នាក់ ខ្ញុំមិនស្គាល់គេទេ រហូតមកដល់ពេលនេះ គេឈ្មោះអីក៏
ខ្ញុំមិនទាន់ដឹងដែរ ខ្ញុំគ្រាន់តែជាដឹងថាគេជាមនុស្សមានអំណាច មានទ្រព្យច្រើន។ ពេល
គេមកទីនេះម្ដងៗ ភ្ញៀវផ្សេងទៀតត្រូវហាមមិនឲ្យចូល។ តាំងពីឃើញខ្ញុំដំបូង គេចេះតែ
មើលមុខខ្ញុំក្នុងក្រសែភ្នែកគួរឲ្យខ្លាច។
ពេលគេត្រឡប់ទៅវិញលោកថៅកែក៏មកសួរខ្ញុំ។ គាត់ប្រាប់ថា គេចង់បានខ្ញុំទៅដេកជា
មួយគេ គេនឹងឲ្យតម្លៃខ្ពស់។
ត្បិតតែខ្ញុំជាអ្នកក្រ ត្បិតតែមិនដែលស្គាល់ភាពឡូយឆាយនឹងគេ មិនដែលមានឡាន
ទំនើប ផ្ទះធំទ្រនំខ្ពស់នឹងគេ តែខ្ញុំស្រឡាញ់ខ្លួនខ្ញុំណាស់ ខ្ញុំប្រកែកដាច់ខាត។ …វានៅ
តែឥតប្រយោជន៍ នៅពេលលោកថៅកែបញ្ជាក់ថាម្នាក់នេះមិនព្រមមិនបានទេ។…ខ្ញុំ
ភ័យណាស់ ខ្ញុំមិនអាចធ្វើអ្វីកើតក្រៅពីសម្រក់ទឹកភ្នែក អង្វរឲ្យគេដោះលែងខ្ញុំនោះ
ឡើយ។ តែគេមើលមិនឃើញ ស្ដាប់មិនឮពាក្យអង្វររបស់ខ្ញុំនោះឡើយ។ ទាំងលោកថៅ
កែ ទាំងបុរសនោះ គិតតែនាំគ្នាសើច។ ចូលដល់ឡានគេទៅហើយ គ្មានសង្ឃឹមទៀតទេ
តែខ្ញុំនៅតែប្រឹងបក់ដៃឲ្យ មនុស្សម្នាដែលធ្វើដំណើរតាមដងផ្លូវជួយ។ នៅតែឥតប្រយោជន៍ គេបានត្រឹមតែបង្ហាញនូវទឹកមុខអាណិតអាសូរប៉ុណ្ណោះ។ ទីបំផុត ខ្ញុំត្រូវគេនាំមកដល់
សណ្ឋាគារទំនើបមួយ។ ស្ថិតក្នុងបន្ទប់វិចិត្រដោយសម្ភារទំនើបៗដែលជាក្ដីស្រមៃរបស់ខ្ញុំ តែវាបែរជាធ្វើឲ្យខ្ញុំសម្រក់ទឹកភ្នែករឹតតែខ្លាំង” រាត្រីផ្ទៀងត្រចៀក ហាក់ភ្លេចថាខ្លួនកំពុង
អង្គុយក្នុងភោជនីយដ្ឋានទៅហើយ ព្រោះអារម្មណ៍គេបានទៅដល់បន្ទប់ដែលនួនរៀប
រាប់ប្រាប់ ហើយប្រុងជួយនាង តែរឿងបានកន្លងទៅហើយ។ នួនប្រឹងជូតទឹកភ្នែកខ្លួនឯង
ហើយបន្ត៖
“បន្ទប់លេចចេញនូវវត្តមានបុរសដែលមើលទៅមុខស្លូតបូត សម្តីទន់ភ្លន់គួរឲ្យគោរព
តែពាក្យដែលគេពោល មកកាន់ខ្ញុំជាលើកទីមួយ គឺជាបញ្ជាមួយដែលតម្រូវឲ្យខ្ញុំអាក្រាត
ហើយដើរទៅមកឲ្យគេមើល។ ទឹកភ្នែករបស់ខ្ញុំស្ទើរក្លាយជាឈាម ខណៈរូបកាយត្រូវ
គេញាំញីតាមចំណង់”
មួយសប្ដាហ៍គត់ ខ្ញុំក្លាយជាកន្ថោររបស់គេ។ ខ្ញុំខ្លាចបំផុតទឹកមុខដែលញញឹមជាប់។
ខ្ញុំមានបំណងលាចាកពីលោកនេះ តែស៊ូទ្រាំរស់រស់នៅជាមួយរូបភាពនេះតទៅទៀត ពេលខ្ញុំគិតដល់គ្រួសារឯស្រុកដែលចាំលុយខ្ញុំផ្ញើទៅរាល់ខែ។
រាត្រីជាអ្នកសិក្សា វោហារមានគួរ គេខំប្រឹងនិយាយលើកទឹកចិត្តនាង ដើម្បីផ្តល់ក្ដីសង្ឃឹម
ដល់នាង។ ចំណែកនួន ជានារីអភ័ព្វ ទោះដឹងថាខ្លួនអស់អ្វីៗក៏ដោយនួននៅតែសង្ឃឹម នៅតែជឿជឿថាខ្លួននឹងអាចរកបុរសម្នាក់មកស្រោចស្រង់ជីវិតរបស់នាង។ ម្នាក់នោះ
គឺប្រហែលជារាត្រី។ ក្រោយពីដឹងរឿងនាង រាត្រីកាន់តែមានភាពស្និទ្ធស្នាលនឹងនាង
ជាងមុន។ ទំនាក់ទំនងអ្នកទាំងពីរមិនធម្មតា ក្នុងក្រសែភ្នែកមិត្តរួមការងារ។ រាត្រីចាប់
ផ្តើមកើតកំហឹងជាមួយថៅកែរបស់ខ្លួន ហើយគិតរកឱកាសនិយាយជាមួយគេឲ្យដឹង
សខ្មៅម្តង។
អាហារដ្ឋានថ្ងៃនេះ ហាក់ស្ងាត់ជ្រងំ ត្រីនិងនួនអង្គុយជែកគ្នាតាមទម្លាប់។ អ្នករួមអាជីព
ដើរទៅមក ផ្លែផ្កាសម្តីចំអន់លេង ធ្វើឲ្យរាត្រីសើចកក្អឹក ខណៈនួននៅតែញញឹមជាប់។
ភ្ញៀវចូលមកដល់ គ្រប់គ្នាសម្រួលឥរិយាបថ។ យុវតីបីនាក់ស្ថិតក្នុងសម្លៀក សំពាក់
និស្សិត តែឡូយឆាយខុសពីនិស្សិតធម្មតា។ ភ្ញៀវថ្មីទាំងបីរូបនេះ តម្រង់ទៅរកតុអាហារ
ជាមួយនឹងភ័ក្ត្រាញញឹមញញែម តែមិនសម្លឹងមុខអ្នកណាម្នាក់ឡើយ។
ជាទម្លាប់របស់រាត្រី ពេលឮថាមានភ្ញៀវចូលមក នាយស្ទុះស្ទារមុនគេ យកមីនុយជូន
ភ្ញៀវ។ លើកនេះគ្រាន់ តែចេញទៅដល់តុភ្ញៀវ រាត្រីស្រឡាំងកាំង ខណៈភ្ញៀវងាកមក
បើកភ្នែកស្លឹងសម្លឹងមុខរាត្រី។ រាត្រីឱនមុខចុះ អារម្មណ៍ប្រែខុសប្រក្រតី។ នាយគិតក្នុង
ចិត្តថា ផែនដីនេះតូចចង្អៀតមែន។ នាងនេះសាំញ៉ាំណាស់ឲ្យតែជួប មិនចេះអត់រឿងទេ លើកនេះមិនដឹងជាមានអ្វីកើតឡើងមកលើខ្លួនឡើយ។ យុវតីជាភ្ញៀវ សម្លក់ស្លែ ពេល
រាត្រីឱនមុខចុះ។ នាងគិតថាខ្លួនអាក្រក់ប៉ុណ្ណាទៅ ទើបធ្វើឲ្យគេឱនមុខចុះ លែងមើល
មុខខ្លួនបែបនេះ។ ជាអ្នកមានម្នាក់ ជាអ្នកមានអំណាចម្នាក់ តែងតែត្រូវការឈ្នះអ្វីដែល
នាងចង់ឈ្នះ។
“នែ! លោក ក្នុងហាងនេះមានអីខ្លះ?”
“អ្នកនាង អញ្ជើញមើលបញ្ជីមុខម្ហូបនោះទៅ ដឹងហើយ”
“មិនចង់មើលទេ” នាងដំឡើងសំឡេង ជាមួយនឹងកែវភ្នែកខ្មៅនិល មូលក្រឡង់សម្លឹង
ចំមុខកំឡោះរាត្រី ខណៈគេកំពុងសំយុងមុខ។
រាត្រីគិតក្នុងចិត្តថា អ្វីៗមិនខុសពីការគិត។ វាចាប់ផ្ដើមកើតឡើងហើយ។ នាយចង់តែ
ស្រែកតបទៅវិញ តែស៊ូទ្រាំព្រោះខ្លួនតូចទាប ម្យ៉ាងខ្លួនតាំងចិត្តមិនឈ្លោះជាមួយនឹង
មនុស្សស្រី។ នាយផ្ដើមរៀបរាប់ ទិវាសើចខឹកៗ។ មិត្តទាំងពីរដែលរួមដំណើរ សំឡឹង
មុខគ្នាធ្វើភ្នែកឡិងឡង់ព្រោះចម្លែក។
“ពួកឯងមើលស្អីអ្ហាស៎ នីតា សាខុន…?”
“ថ្ងៃនេះឯងកើតអី?…” ពួកគេសួរព្រមគ្នា។
“កុំចង់ដឹង ” ពោលរួចនាងលើកកែវភេសជ្ជផ្សើមបំពង់ក ភ្នែកដៀងសំដៅរាត្រី រួចបន្ត
ទៀត។
“ឥឡូវខ្ញុំមិនដឹងថាម្ហូបណាឆ្ងាញ់ទេ លោកជួយហៅម្ហូបប្រាំមុខឲ្យខ្ញុំ តែត្រូវធានាថាឆ្ងាញ់”
ឮបែបនេះ រាត្រីទម្លាក់មីនុយ លើតុក ហើយដើរចេញបាត់។ នាងទិវាសម្លឹងពីក្រោយ
ក្នុងចិត្តកាន់តែក្តៅទៅៗ គិតថាគេព្រហ៊ើនជាមួយខ្លួន គេមិនគោរពខ្លួន។ នាងឲ្យអ្នក
បម្រើក្នុងហាងទៅហៅថៅកែឲ្យមកជួប។ អ្នកបម្រើទាំងអស់ ភ័យឆ្លេឆ្លា រត់ជាន់ជើងគ្នា។
លោក ថុង ម៉េង ថៅកែហាងនេះ ដឹងថាមានរឿងជាមួយនាង ហើយដឹងថាជាកូនរបស់
លោកស័ក្តិស្រាប់ផង លោកប្រឹងរូតរះចេញមកទាំងញ័រជើង ហើយក្នុងចិត្តក្តៅនឹងរាត្រីរក
អ្វីប្រៀបពុំបាន។
លោកថុង ម៉េងប្រឹងអង្វរនាងទិវា សុំឲ្យនាងទុកពេលឲ្យលោក ដើម្បីលោកបាននិយាយ
ជាមួយរាត្រីឲ្យ រាត្រីមកសុំទោសនាងចំពោះមុខមនុស្សទាំងអស់នេះ។ តែទិវាប្រាប់ទៅ
វិញថា មិនត្រូវការការសុំទោសពីគេទេ ប៉ុន្តែគ្រាន់តែផ្តាំតាមលោកឲ្យទៅប្រាប់គេថា នាង
មិនចេះលើកលែងឲ្យអ្នកណាទេ។
ទិវាស្រី មកអាហារដ្ឋាននេះក្នុងបំណងភ្លក្សរស់ជាតិអាហារ តែបែរបានជាភ្លក្ស ត្រឹមចិត្ត
សឿងរបស់រាត្រី អតីតអ្នកបើកឡានរបស់ខ្លួនទៅវិញ។
ទិវាចេញផុត លោកថុង ម៉េង ជ្រែងចង្កេះ ស្រែកឡូឡា ជេប្រទេច ដោយទាំងអ្នកបម្រើការដទៃដែលមិនមានបានចូលរួមជម្លោះនេះដែរ។ រាត្រីត្រូវបានលោក
ថៅកែរូបនេះ ហៅទៅចូលក្នុងបន្ទប់ ប៉ុន្តែគេមិនចូលបន្ទប់ទេ គេថាបើកលោកត្រូវការនិយាយ
ឲ្យមកនិយាយខាងក្រៅមក។ ដោយសារក្នុងអាហារដ្ឋានអត់មានភ្ញៀវ លោកថៅកែបញ្ជា
ឲ្យគេ បិទទ្វារ ហើយចាប់ផ្តើមពន្លះជាមួយរាត្រី។
“អាត្រី អាអែងមានចាំទេ កាលដែលអាចមកសុំអញធ្វើការ ឯងជាអ្នកអង្វរអញ ឥឡូវនេះ
ឯងបានបាយ ស៊ីឯងបែរជាវាយបំបែកឆ្នាំងបាយ។ ឯងទុកកន្លែងនេះជាស្អី ជាកន្លែងឯង
ចងកំហឹង ជាកន្លែងឯងបញ្ចេញ ឫទ្ធិអ្ហេស? ”
“មែន! ខ្ញុំ…គឺខ្ញុំជាអ្នកសុំលោក ខ្ញុំសុំមកបម្រើលោក តែខ្ញុំលក់តែកម្លាំងពលកម្ម ខ្ញុំមិន
លក់កិត្តិយសទេ”
“កិត្តិយស រំបល់យក៏ស្អី?…អើ! ខួរក្បាលនិស្សិតដូចជាពួកគេឯង វារឹងតែអីចឹង តែទីបំផុត
វាបានស្អីអ្ហាស? អាឯងមានដឹងទេ អម្បាញ់មិញបើសិនជានាងថាហាងនេះត្រូវបិត អញ
ត្រូវចប់ មនុស្សទាំងអស់នេះ ក៏ត្រូវចប់ដែរ” លោកលើកដៃចង្អុលទៅអ្នកបម្រើឯទៀត។
“ទម្លាប់ញ៉មៗ អ៊ីចឹងបានជាគេជាន់ឈ្លី។ ខ្ញុំមិនឲ្យអ្នកណាមកជាន់ឈ្លីក្បាលខ្ញុំតាមអំពើចិត្ត
ទេ។ ខ្ញុំត្រូវការតម្លៃជាមនុស្ស ហើយយើងទាំងអស់គ្នាសុទ្ធតែជាមនុស្ស ហេតុអីក៏ឲ្យគេជាន់
ឈ្លី ឲ្យគេបញ្ជាដោយគ្មានហេតុផល តាមអំពើចិត្តគេទេ។ លោកអាងហេតុផលបែបនេះ
ហើយទើបលោកលក់នួនមែនទេ? ”
ឮសម្តីចុងក្រោយរបស់រាត្រី លោកថុង ម៉េង ស្រែកទៅវិញខ្លាំងៗ។
“អាត្រី ! អាចង្រៃ ឯងឆាប់ចេញពីហាងនេះ ទៅចេញទៅ”
“បើលោកមិនដេញ ក៏ខ្ញុំត្រូវតែទៅដែរ” ពោលរួចគេក៏ចុះទៅ ទាញកង់ ធាក់ចេញទាំងក្តៅ
ពេញទ្រូង។ រ
ធ្វើការជាអ្នកបម្រើតាមតុអាហារ ស្គាល់គ្រប់ជំពូកមនុស្ស។ អ្នកខ្លះមិនត្រឹមតែស៊ីអាហារទេ
មនុស្សក៏ស៊ីដែរ។ រាត្រីនិងនួនសុទ្ធតែជាមនុស្សដែលត្រូវគេជិះជាន់។ កាលពីមិនទាន់ចូល
ប្រលូកក្នុងការងារនេះ រាត្រីគិតថា វាងាយស្រួល មិនចាំបាច់ប្រើខួរក្បាលវ័យឆ្លាតអ្វីទេ។
តែពេលបានមកធ្វើការទីនេះ ទើបគេភ្ញាក់ខ្លួន។ អ្វីដែលខ្លួនយល់ឃើញនោះគឺខុសហើយ។

ទិវារាត្រី

នេះជាវគ្គទី៣ នៃរឿងទិវារាត្រី។ សូមមេត្តាជួយណែនាំផង។
ផ្នែកទី៣
ចិត្តក្នុងចិត្ត

ទិវាស្រីអង្គុយក្នុងឡានម៉ាស៊ីនត្រជាក់ ប៉ុន្តែហាក់មានអារម្មណ៍ ថាក្តៅទៅៗ។​
ពិសេសពេលគ្រវាសកន្ទុយភ្នែក ឃើញបុរសសុព័រឡានម្នាក់នេះ។ នារីគិតថា
គេគួរតែណែនាំខ្លួន មុនចេញដំណើរមក ហើយគួរតែនិយាយ គួរសមជាមួយ
ខ្លួនជាចៅហ្វាយ។
“នែលោក! ឲ្យលឿនបន្តិចបានទេហ្នឹង?”
នេះ ជាសំឡេងដ៏ស្រួសស្រែសរបស់នារីស្រស់សោភាម្នាក់ ប៉ុន្តែសំឡេង នេះ​
ប្រៀបបាននឹងសំឡេងរន្ទះ ប៉ះងំនឹងត្រចៀក បានឆាបដួងព្រលឹងនាយកំលោះ
ឲ្យវិលវល់រកទីសំចតគ្មាន។ រាត្រី នៅខំតាំងចិត្ត សង្រួមអារម្មណ៍បង្កើនល្បឿន
តាមបញ្ជារបស់នារីជាចៅហ្វាយ។ តែល្បឿនរថយន្តដ៏ទំនើបមួយនេះ មិនបាន
រំសាយកំហឹងនាងទេ តែវាបែរជាធ្វើឲ្យនាងក្តៅទ្វេឡើង។
“ឲ្យលឿនបន្តិចទៀត!”
ពេលនាងដំឡើងសំឡេងបន្ថែម រាត្រីបែកញើសពេញខ្លួន បង្កើនល្បឿនបន្ថែម
ទៀត គឺបន្ថែមតាមសំណើររបស់ចៅហ្វាយ។
“លឿនពេកហើយ! បន្ថយបន្តិចវិញ” នាងនៅតែបន្តទាំងខឹងសម្បាដដែលធ្វើឲ្យ
រាត្រីភ័យច្រើនជាងខឹង។ រាត្រីគិតថា តើកុងទ័រកម្រិតណាដែលត្រូវចិត្តនាង បើ
នឹងសួរក៏មិនហ៊ាន ក្រែងនាងស្រែកដាក់ថែមទៀត។
ទម្រាំដល់សាលា រាត្រីត្រូវនាងក្រឡុកច្រើនសា ព្រលឹងស្ទើរបែកខ្ញែកវិលវល់
រកកន្លែងដើមសឹងមិនឃើញទៅហើយ។ ក្នុងចិត្តបុរសក្ដៅក្រហាយពេកពន់
ប្រមាណ តែចង្រៃអី គេជាចៅហ្វាយខ្លួន។ ចរិតញ៉មៗ និង ស្ងៀមស្ងាត់ មិនតបតរបស់ត្រីធ្វើឲ្យម្ចាស់ស្រីខឹងកាន់តែខ្លាំងឡើងៗប៉ុណ្ណោះ។ ក្នុងចិត្តនារី
ចង់លេងឲ្យអស់ដៃ តែដល់សាលាទៅហើយ។
មកដល់ភ្លាម ភ្នែកដ៏ច្រើនសម្លឹងមើលត្រី ខណៈពេលដែលចុះពីរថយន្ត មានស្រី
ស្អាតប្រចាំសាលាចេញមកជាមួយដែរ។ មើលទៅហាក់ដូចជាហំហានសំបើម
តែតាមពិតជីវិតស្ថិតក្រោមគំនាប។ មិត្តភ័ក្ដិដេញដោលសួរ តែរាត្រីមិនឆ្លើយទេ
ព្រោះក្ដៅពេក ក្ដៅរហូតដល់បែកញើសពេញខ្នងទៅហើយ ទោះទើបនឹងចុះពី
រថយន្តម៉ាស៊ីនត្រជាក់ដោយ។
“អាត្រី! ឯងមិនទាន់ប្រាប់គ្នាទេវ៉ី!” (និល)
“ខ្ញុំគេ មានអីប្លែកវ៉ី?” រាត្រីតបទាំងត្រមក់ត្រមុយ។
“ចុះនាងមានដែលសួរនាំពីឯងទេអ្ហាស៎?” (សំរិទ្ធ)
“គ្មានទេ! បានហើយឈប់ខ្សឹបខ្សៀទៅ គ្នាស្ដាប់គ្រូមិនឮទេ”
ចេញពីរៀនរាត្រីនៅឈរចាំចៅហ្វាយនាយក្បែរឡាន។ ម៉ោង១២:០០ ទៅហើយ
នាងមិនទាន់មកទៀត។ នាយត្រីយកដៃស្ទាបក្បាលពោះធ្វើមុខស្ងូញ ព្រោះមិន
មានអាហារពេលព្រឹកដូចគេ។ លើកនេះរាត្រីក្ដៅបែកផ្សែង នាយមិនខ្វល់ឡើយ
ទោះក្លាយជាស្អីក៏ដោយចុះ។
ម៉ោងជាងមួយរសៀល ទើបឃើញនាងឈានជើងចេញពីបន្ទប់រៀន។ ឃើញ
ដំណើរមួយៗ បែបនារីបង្ហាញម៉ូដរបស់ទិវា ធ្វើឲ្យរាត្រីលួចពេបមាត់។ ក្នុងចិត្ត
បន់ឲ្យតែនាងដើរធ្លាក់ជង្ហុកឲ្យខ្មាសគេម្ដង។ គ្រាន់តែ រាត្រីគិតតែក្នុងចិត្ត ទិវា
ស្រីដើរក្រឡាច់កជើង ប៊ិះដួល ធ្វើឲ្យរាត្រីទប់មាត់សើចឃឹកៗរង្គើខ្លួន។ ទិវាស្រី
ខឹងខ្លាំងណាស់ ទើបដោះស្បែកជើងគ្រវាត់ចោល ហើយដើរជើងទទេសំដៅឡាន
ឃ្ញើចៗ។
ដើរមកដល់រថយន្ត ឃើញឫកបែបព្រងើយកន្តើយរបស់រាត្រី នារីស្រែកភ្លាម។
“ម៉េចមិនបើកទ្វារឡាន មិនដឹងខ្លួនឯងធ្វើអីទេអ្ហេស?”
ឮបែបនេះ រាត្រីភ្ញាក់ខ្លួនព្រើត ស្ទុះភ្លែតទាំងរញីរញ័របើទ្វារឡានឲ្យចៅហ្វាយស្រី។
រាត្រីគិតមិនដល់ ព្រោះពេលចេញពីផ្ទះនាងបើកទ្វារចូលខ្លួនឯង។
គ្រាន់តែចៅហ្វាយស្រីអង្គុយភ្លាម រាត្រីបញ្ជារថយន្តចេញភ្លែត ដែរ ព្រោះខ្លាចត្រូវ
មាត់ទៀត។
“នែ លោកដ្រាយវើ! ខ្ញុំមានឲ្យចេញឡានឬនៅ?”
អារម្មណ៍រាត្រីចាប់វិលវល់ ព្រោះមុននេះ ថាត្រូវធ្វើតាមតួនាទី មិនចាំបាច់ចៅហ្វាយ
ប្រាប់ តែពេលនេះ នាងបែរជានិយាយថា នាងមិនទាន់ប្រាប់ ម៉េចបានជាធ្វើ។
ការពិត មនុស្សសម្រាប់ខុស ធ្វើអ្វីក៏មិនត្រូវដែរ។
“នែលោក! ម៉េចក៏បើកលឿនម្ល៉េះ?” នារីសួរដោយបើកភ្នែកសម្លឹងសំដៅរាត្រី។
នាយត្រីបានត្រឹមគ្រវាសកន្ទុយភ្នែកតាមកញ្ចក់ តែល្បឿនឡាននៅតែលឿននៅ
ឡើយ។
“លោកប្រញាប់ទៅស្លាប់មែនទេហ្នឹង? បើចង់ស្លាប់ កុំនាំទុក្ខដល់ខ្ញុំណា៎”
នារីស្រី កាន់តែបញ្ចេញកំហឹង កាន់តែក្តៅទ្វេឡើង ប្រោះសូហ្វ័រឡានម្នាក់នេះ
មិនតបមួយម៉ាត់សោះ។ ចំណែករាត្រី ពេលនេះ ដូចទូកកណ្តាលទន្លេត្រូវខ្យល់
បោកបក់។ ចៅហ្វាយក្រមុំនៅតែក្តៅ នាងធាក់ជើងនាយដែលជាន់ពីលើហ្វ្រាំង
ខ្លាំង។ នាយត្រីចង់ផ្ទុះសំណើច ពេលឃើញអាការខឹងច្រឡោតរបស់នាង។
“ឈប់ឡាន! ឮប្រាប់ថាឲ្យឈប់ទេ? ឲ្យឈប់ឡានភ្លាម…” ស្រែកមិនទាន់ផុត
ពីមាត់ផង ឡានទច់ងក់ ទិវាបះជើងបះដៃ។
“អឺស! លោកមិនចេះបើកឡានទេអី បានជាឈប់ឡានរបៀបនេះ ? ខ្ញុំមិនដែល
ឃើញមនុស្សធុនលោកឯងនេះទេ”
ចង់និយាយយ៉ាងណា ស្ដីយ៉ាងណាក៏នាយត្រីមិនតប។ តែការអត់ធ្មត់មិនតបត
របស់រាត្រី បានត្រឹមតែបញ្ឆេះកំហឹងនាងប៉ុណ្ណោះ។ រាត្រីគិតក្នុងចិត្តថា ឡាន
កំពុងតែលឿន ចង់ឲ្យឈប់ ឲ្យឈប់ភ្លាមៗ ទាល់តែជាន់ហ្រ្វាំងខ្លាំង ស្ដីគ្នាទៀត។
នាយគិតមិនយល់សោះ ថាហេតុអីក៏មានមនុស្សចម្លែកបែបនាងនេះ គេស្លូតប៉ុណ្ណឹង
ហើយនៅមិនលើកលែងឲ្យទៀត តែរាត្រីហាក់លែងសូវឃ្លាន ព្រោះហួសពេលទៅហើយ។
ឡានឈប់ទ្រឹង នារីក្រោកទម្លាក់គូទកៀរនាយត្រីឲ្យខ្ទប់នឹងទ្វារឡាន ដៃនាងតោងចង្កូតជាប់។
“បើកខ្លួនឯងម្ដងមើល!”
ពូកតៃកុងត្រូវនាងដណ្ដើមបាត់ទៅហើយ ខ្លួនត្រូវខ្ទប់នឹងទ្វារឡានទៀត រាត្រីក៏សម្រចចិត្តចុះចេញ ឈរច្រត់ចង្កេះលើចិញ្ចើមផ្លូវភ្នែកសម្លឹង មើលមេឃ ធ្វើមុខស្មើ ហាក់គ្មានរឿងអ្វី។
“នៅឈរដល់ណា? មិនឡើងមក!” នាងបើកកញ្ចក់ ជះកំហឹងដែលគ្មានថ្ងៃរសាយនោះ
ដាក់រាត្រីបន្ថែមទៀត។
នាយត្រីបើកទ្វារបាំងក្រោយ ប្រុងឡើងតាមបញ្ជានាង តែនាងនៅតែស្រែក៖
“លោកជាចៅហ្វាយខ្ញុំមែនទេ បានជាហ៊ានទៅអង្គុយខាងក្រោយ? មកខាងមុខភ្លាម!”
ពេលនេះរាត្រីចាប់ផ្តើមវិលវល់ក្នុងចិត្ត គិតអ្វីមិនចេញ ធ្វើអ្វីមិនកើត ក៏មកខាងមុខតាម
នាងបង្គាប់។ តែមិនទាំងបានអង្គុយស្រួលបួលផង នាងចាប់ផ្ដើមជាន់ដូចហោះ ធ្វើឲ្យ
នាយត្រីបះជើងច្រងាង រួចនាងប៉ោងមាត់សើចរង្គើខ្លួន។ នាងខឹងច្រើននឹងនាយត្រីដោយ
មិនដឹងមូលហេតុ តែអ្វីដែលសំខាន់នោះ គឺនាងហាក់បានរសាយចិត្ត ពេលបានធ្វើបាប
បុរសម្នាក់នេះ។ នាងជ្រែឡានពេញផ្លូវ ដោយមិនខ្លាចញញើតនឹងប៉ូលីសនគរបាលណា
ម្នាក់ឡើយ ព្រោះឲ្យតែឃើញឡានរបស់នាង គេមិនហ៊ានបក់ដៃទេ។ ចំណែកនាយត្រី
ប្រឹងទាំងដៃ ទាំងជើងខំទប់ខ្លួន ខ្សែក្រវាត់ការពារក៏ពាក់មិនទាន់។ នាងក្រមុំដឹងថានាយ
ត្រីហេវបាយ នាងបញ្ជាឡានហួសផ្ទះ នាងខំធ្វើឲ្យនាយត្រីមានប្រតិកម្ម តែនាយនៅតែ
អង្គុយធ្វើមុខស្មើ។ នាងនៅតែបញ្ជាឡាន ទៅមកៗជុំវិញទីក្រុងភ្នំពេញ ចាំមើលតើនាយ
ត្រីពូកែទ្រាំដល់ណា។
ជាច្រើនម៉ោងកន្លងផុតទៅ ឡាននាងមកដល់ព្រែកលាបទៅហើយ។ នាងខឹងខ្លាំងណាស់
ធ្វើនាយត្រីមិនបែកសោះ បែរជាខ្លួនទ្រាំនឹងឃ្លានអាហារមិនបាន។ នាងបញ្ជាឡានចូល
ភោជ្ជនីយដ្ឋានមួយ។ ឡានទច់ង៉ក់ នាងដើរចុះទាំងមួម៉ៅ។ នាយត្រីនៅតែអង្គុយក្នុងឡាន
ដដែល។ ទៅដល់ក្នុង មិនឃើញនាយត្រីទៅតាមក្រោយ នាងខឹងរឹតតែខ្លាំង ស្ទុះចេញមក
វិញភ្លាម។ មកដល់ឃើញនាងអង្គុយច្រត់ចង្កាធ្វើព្រងើយ។ នាងសើយសំពត់ឆ្វាច់ ធាក់ទ្វារ
ឡានពីរជើ
ងខ្លាំងៗ នាយត្រីក៏បើកកញ្ចក់អើតមើល ឃើញចៅហ្វាយជ្រែងចង្កេះ ភ្នែកសម្លក់ស្លែសំដៅ
ខ្លួន។
“ម៉េចមិនចុះមក?”
នាយត្រីចុះភ្លាម ពេលឮបញ្ជា។ មកដល់ក្នុង អ្នកទាំងពីរអង្គុយទល់មុខគ្នា នាយត្រីងាកឆ្វេង
ងាកស្ដាំ មើលលើមើលក្រោម មិនហ៊ានមើលមុខនាងចំឡើយ ខណៈដែលនាងនៅតែបើក
ភ្នែកធំៗសម្លក់នាយចំៗ។ នាងប្រាប់ឲ្យនាយត្រីកុម្ម៉ង់ម្ហូប តែនាយនៅតែប្រើកាយវិកាចង្អុល
នេះនោះមិនចេញស្តីឡើយ។
ទិវានៅតែបន្តបង្ករឿង សូម្បីតែញ៉ាំអាហារក៏នាងមិនធ្វើឲ្យនាយត្រីហូបបានឆ្ងាញ់ឡើយ។
ឃើញត្រីលូកយករបស់អី នាងលូករបស់ហ្នឹងដែរ។ ពេលនាយត្រីនៅស្ងៀម នាងស្រែក
គំហកដាក់ធ្វើឲ្យនត្រីខ្មាសគេ។ តែទោះយ៉ាងណារាត្រីនៅតែទប់ចិត្តទប់អារម្មណ៍មិនតបត
ព្រោះគេជាចៅហ្វាយ។ នាយត្រីដឹងច្បាស់ថា ពេលនេះខ្លួនកំពុងក្លាយជាល្បែងរបស់គេ
ហើយ។ ខ្លួនមិនគ្រាន់តែត្រូវគេជួលឲ្យមកបម្រើការប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបករណ៍ សម្រាប់
គេបញ្ចេញកំហឹងផងដែរ។
មួយថ្ងៃគត់ អ្នកទាំងពីរមិនទាន់បានដល់ផ្ទះ។ ចេញពីញ៉ាំអាហារ នាងឲ្យរាត្រីបញ្ជារថយន្ត
វិញ។ ទិវាហាក់មិនសប្បាយចិត្តសោះ ទោះត្រីត្រូវនាងធ្វើបាបយ៉ាងចាស់ដៃក៏ដោយ។
នាងខឹងខ្លាំងណាស់ ក្ដៅបំផុតនោះគឺគេមិនតប សូម្បីមួយម៉ាត់សោះ។ ចេញពីភោជនីយដ្ឋាន
វិញ ទិវានៅស្ងៀមលែងមាត់ ព្រោះមានអារម្មណ៍ថាហត់នឿយណាស់ទៅហើយ។
ដៃបញ្ជារថយន្ត តែរាត្រីចិត្តនៅតែគិត។ នាយនឹកស្រណោះនឹងខ្លួនឯង ហេតុអីក៏មកជួប
តែនឹងរឿងបែបនេះ។ ហេតុអីក៏ខ្លួនមិនមែនជាអ្នកសម្រេចអ្វីៗដោយខ្លួនឯង ហេតុអីក៏ខ្លួន
ត្រូវគេបញ្ជាសព្វបែបយ៉ាង ជាពិសេសមនុស្សស្រី។ រឹតតែគួរឲ្យឈឺចាប់នោះគឺស្រីដែលចេះតែខឹងមិននិយាយហេតុផលដូចជានាងនេះ។ បើ
សិនឋានៈគ្នា គិតថានឹងលេងឲ្យស្គាល់ខុសត្រូវម្ដង តែចង្រៃអីគេជាចៅហ្វាយ។ តឹងទ្រូង
បំផុត គឺនៅពេលដែលខ្លួនចង់និយាយ តែមិនអាចនិយាយបាន ហើយមិនមែនមិនបាន
ដោយដោយសាគថ្លង់នោះទេ។ ប្រសិនបើគថ្លង់ ប្រហែលជាប្រសើ ព្រោះមិនបានឮពាក្យ
ដ៏មុតស្រួចរបស់មនុស្សស្រី។
មកដល់គេហដ្ឋានគហបតីវិញ រាត្រីរូតរះបើកទ្វារឡានជូនចៅហ្វាយក្រមុំឲ្យទាន់ចិត្ត ខ្លាច
នាងខឹងច្រលោតទៀត។ ឃើញកាយវិការបស់គេ ទិវាលួចញញឹមក្នុងចិត្ត ហើយក៏ដើរ
បង្ហួសទៅ។
យប់នេះ រាត្រីប្រះខ្លួនគេង យកដៃគងថ្ងាស គិតពីជីវិតខ្លួន ពិសេសគិតពីជីវិតដែលជាខ្ញុំ
គេបែបនេះ។ រាត្រីតូចចិត្តណាស់ តូចចិត្តដែលខ្លួនកើតមកក្នុងត្រកូលអ្នកតូចទាប។ គេងមិនលក់រាត្រីដើរមកអង្គុយមាត់បង្អួចសម្លឹងទៅក្រៅ។ នេះជាយប់១៥កើត តែគ្មាន
ន័យទេ ព្រោះមេឃជិតភ្លៀងទៅហើយ។ នាយគ្មានវាសនា បានឃើញពន្លឺដ៏ស្រទន់នៃ
ព្រះចន្ទពេញបូរមីនោះទេ សម្រាប់រាត្រីនេះ បានត្រឹមតែឃើញផ្លេកបន្ទោរ នឹងស្នូររអឹក
នៃផ្គរន្ទះជំនួសវិញ។ រាត្រីលួចសម្លឹងសំដៅបង្អួចបន្ទប់ដែលចោលបន្លឺពណ៌ពងមាន់។ កែវភ្នែករបស់រាត្រីសម្លឹងឃើញនាងជានារីមានសម្រស់ល្អផ្តាច់ តែស្ដាយណាស់ដែល
ខ្លួនមិនមែនចៅចិត្រ ហើយនាងនោះ មិនមែនជាឃុននារី។
ថ្ងៃនេះ រាត្រីភ្ញាក់ពីព្រលឹម ស្រោចផ្កាជុំវិញគេហដ្ឋានរួចរាល់ ចាប់សម្អាតខ្លួន តឺនុយ
ខោអាវនិសិត្សយ៉ាងស្អាត់ អង្គុយបត់ជើងក្បែរសាឡុងចាំចៅហ្វាយចេញមក។ ក្រឡេក
មើលទីជុំវិញ ឃើញអ្វីៗពិតគួរប្រាថ្នាគួរអាល័យ។ នេះហើយជារបស់អ្នកមាន នេះហើយ
ជីវិតអ្នកមាន ខុសពីអ្នកក្រ សូម្បីសុំមកបម្រើគេក៏ពិបាកដែរ។
ម៉ោងជិតប្រាំពីរ លោកភួងស័ក្ដិចេញមកក្នុងសម្លៀកបំពាក់គេងយប់។ អង្កុយលើសាឡុង
លោកទាញវ៉ែនតាលើតុមកពាក់ ទើបពោលមួយៗទៅកាន់រាត្រី៖
“ម៉េចមកចាំទាំងព្រលឹមម្ល៉េះត្រី?”
“បាទ! ជម្រាបប្រសាសន៍តេជគុណ ខ្ញុំមកនេះគឺសុំលោក អនុញ្ញាតឲ្យ ខ្ញុំបានលាឈប់
ផងទានប្រោស” នាយពោលដោយ លើកដៃសំពះ។
“លាឈប់!” គាត់បើកភ្នែកធំៗដាក់នាយត្រី។
“បាទទានប្រោស!”
“មិនទាន់បានមួយខែផង លាឈប់ហើយ”
“ភ្ញាក់ផ្អើលអីប៉ាវា!” លោកស្រីឈានជើងមួយៗ ពោលសំដៅ អ្នកទាំងពីរ។
“អឺ! ម៉ាក់វាអ្ហា៎ អង្គុយចុះមក និយាយរឿងរាត្រីបន្តិចមើល”
“រឿងរាត្រី! ហីមានរឿងអីក្មួយ?”
“បាទ! លោកស្រី ខ្ញុំគិតសុំអនុញ្ញាតលាឈប់ហើយ”
“លាឈប់! ទើបតែមកសោះហ្នឹង សុំឈប់ហើយ?”
“បាទ!…”
លោកស្រីទិសាសម្លឹងមុខស្វាមី ហាក់មិនអស់ចិត្ត។
“ម៉ាក់ប៉ា! ម៉ូតូកូនមិនទាន់ធ្វើរួចទេ កូនចង់ជិះឡានទៅមួយ ថ្ងៃទៀត” នាងពោល
ពេលមកជិតដល់ហើយគ្រវាសភ្នែក សម្លឹង នាយត្រីភ្លែត។
“អង្គុយមកកូន ប៉ាមិនចង់ឲ្យបើកខ្លួនឯងទេ តែឥឡូវពិបាកហើយ”
“ពិបាករឿងអីប៉ា?” នាងពោលដោយច្របាច់ដៃប៉ានាងថ្មមៗតាមទម្លាប់។
“អឺ! គឺគ្មានអ្នកជូនកូនទៅទេ ភីជាប់ជូនប៉ាឯងទៅធ្វើការ ឯរាត្រីគេសុំឈប់ហើយ”
អ្នកស្រីទិសា។
“ឈប់!…“ នាងភ្ញាត់មាត់ដោយក្រឡេកកន្ទុយភ្នែកសាជាថ្មីសំដៅរាត្រីដែលអង្គុយបត់
ជើង ឱនមុខចុះយ៉ាងរាបសានោះ។ នាងគិតថាម្នាក់នេះ ចិត្តខ្លាំងមែន។ បើគេចង់ឈប់
ជាសិទ្ធិរបស់គេ ហើយគិតថាខ្លួនក៏មិនខ្វះមនុស្សប្រើដែរ។ ហេតុនេះ រាត្រីត្រូវបាន
អនុញ្ញាតឲ្យឈប់ភ្លាមៗ ដោយមិនបាច់ពន្យល់ហេតុផល។

ទិវារាត្រី

នេះជាវគ្គ២នៃប្រលោមលោក ទិវារាត្រី។ សូមជួយអាននិងផ្តល់យោបល់ផង។

វគ្គ២
និស្សិតនិងការងារ

រយៈពេលមួយខែ រាត្រីមានមិត្តជិតស្និទ្ធ៣នាក់។ ពេលចេញពីរៀន ពួកគេមិនទៅ
ផ្ទះភ្លាមៗទេ នាំគ្នានិយាយគ្នាលេងពីរឿងផ្សេងៗ។ ពេលខ្លះនិយាយដើមគ្រូ
និយាយពីសាលា និយាយរឿងសង្គម និយាយរឿងស្រី ។ល។
“អ្ហេកនយើង! សល់ពេលទំនេរ គិតរកការធ្វើអ្ហី?” (សំរិទ្ធ ជាបុរសសក់រួញ មាន
ទឹកមុខញញឹមជាប់)
“អាក្រញ៉ាញ់អ្ហើយ! គិតតែរៀនទៅ ការងារស្អីអ្ហាស៎?” (និលជាបុរសសម្បុរខ្មៅ
មាទធំ សម្តីច្រើន)
“នែ! អាឃ្និល គ្នាឈ្មោះសំរិទ្ធ មិនមែនក្រញ៉ាញ់ទេវ៉ី”
“សំរិទ្ធអ្ហេស៎!……..ហឹស….អាក្ដុកទេដឹង”
“ឯង!…” ពោលមិនទាន់ផុតពីមាត់ផង គេស្ទុះទៅច្របាច់ក៏គ្រញិចនាយនិល។
ប៉ុន្មាននាក់ ទៀតនាំគ្នាអង្គុយសើច។ រាត្រីនិងមាស បានគេទាំងពីរធ្វើឲ្យសើច
កុំអីអង្គុយសំកុកធ្វើមុខក្រញូវរាល់ថ្ងៃ ព្រោះពួកគេគិតច្រើន បារម្ភច្រើនពីជីវិត
និងអនាគត។ បន្ទាប់សើចសប្បាយបានបន្តិច ពួកវិលមករកសភាពដើមវិញ។
“ចុះរឿងរៀននោះ ប៉ះពាល់ទេវ៉ី” រាត្រី
“ប៉ះគឺប៉ះខ្លះហើយ តែយើងជាអ្នកក្រ បានមករៀនទីនេះចាត់ទុកថាសំណាងហើយ
ភូមិគ្នាវិញមានតែគ្នាមួយទេ ក្រៅពីនោះគេឈប់អស់ហើយ គឺបញ្ចប់ការសិក្សាដោយ
ខ្លួនឯង តែសញ្ញាបត្រអី មិនដឹងទេ” (សំរិទ្ធពោលដោយញាក់ចិញ្ចើម)
“មែន! គ្នាឯកភាព រឿងរៀន បើសិនយើងចេះលៃពេល វាមិនប៉ះពាល់ណាស់ណា
នោះទេ សំខាន់គឺយើងមានចិត្តចង់រៀនឬអត់” មាសតបមួយៗតាមទម្លាប់។
“ហ្នុង! ចុះខាងខាងរាត្រីវិញយ៉ាងម៉េចដែរវ៉ី” និល
“អ៊ីចឹង ស្រេចតែគ្នាយើងទេ បើបានធ្វើ ជួយប្រាប់គ្នាផង គ្នាសុំធ្វើដែរ”
ពិភាក្សាគ្នារួច ពួកគេចេញទៅកន្លែងស្នាក់នៅរៀងៗខ្លួន។ សំរិទ្ធនិងនិលគេស្នាក់នៅ
វត្តនន្នមុនី គេមិនអស់ថ្លៃជួលផ្ទះដូចអ្នកទាំងប្រាំទៀតទេ។ រាត្រីកំពុងតែសុំគេទៅស្នាក់
ជាមួយ តែខាងវត្តមិនទាន់អនុញ្ញាត។ ឯនាយមាស ហាក់សំណាងជាងគេ ព្រោះបាន
នៅជាមួយបងប្អូន។
ចូលមកដល់ថ្ងៃថ្មី នៅមុខសាកលវិទ្យាល័យ ពួកគេចាប់ផ្តើមពិភាក្សារឿងចាស់។ តែមុន
នឹងចូលសាច់រឿង តាមទម្លាប់និលនិងសំរិទ្ធ ជាអ្នកផ្តើមសាច់រឿងសិន។
“ពួកម៉ាក! ចូលឆ្នាំសកលហ្នឹង គម្រោងទៅកម្សាន្តឯណាវ៉ី?” និលអង្គុយកន្ធែកជើង ខ្នង
ផ្អែកកៅអីពោលទៅកាន់មិត្តទាំង៣នាក់ទៀត ខណៈភ្នែកសម្លឹងមើលមេឃ។
“គម្រោងអីលោកអ្ហើយ! មានដែលប៉ើងឆ្នាំងមើលទេអ្ហាស៎?” សំរិទ្ធ។
“ស្អីអ្ហាស៎! ក្រហ្នឹង ដើរលេងកាត់សាញខ្លះមិនបាន?” និល
“បាន! បាន! ឈប់បង្អាប់គ្នាឯងទៅ និយាយរឿងការងារវិញអ្ហី” មាស។
“ត្រូវ! ពួកម៉ាក គិតរឿងក្រពះវិញ កុំឲ្យវាកូរខ្មាសគេ” សំរិទ្ធ
“អ្ហើយ! ពិបាកណាស់វ៉ី ទៅរកការងារអីក៏គេសួររកបទពិសោធន៍ដែរ បែបគ្មានសង្ឃឹមទេ
សម្លាញ់” និល
“អើ! និយាយរឿងសួររកបទពិសោធ គ្នាធ្លាប់ទៅសម្ភាសម្តងដែរ។ កាលហ្នុង គេសួរថា
តើប្អូនធ្លាប់មានបទពិសោធធ្វើការអីខ្លះ។ មកសួរចំអាសំរិទ្ធ សំរិទ្ធឆ្លើយប្រាវ”
“ឯងឆ្លើយថាម៉េចអ្ហាស៎?” សំរិទ្ធ
“អ្ហឹស! ម៉ាស្អាត តាមលំដាប់លំដោយ ពេលព្រលឹមស្រាងៗ រែកទឹកដាក់ពាង ពេលថ្ងៃរះ
ភ្លាមដឹកគោដាក់វាល បើខែភ្ជួរ ជួយភ្ជួរឪ… ”
“ចុះឯងថាម៉េចទៀត?” (សំរិទ្ធបន្ថែមសំណួរយ៉ាងទាន់ចិត្តទៀត)
“មានថាម៉េច បើអ្នកសម្ភាស គេដើរចេញបាត់ទៅហើយ ឲ្យទៅរៀបរាប់ប្រាប់ឲ្យអាណា
ស្តាប់វ៉ី”
“ហាស៎…ហាស៎…មានមនុស្សធុនឯងនេះដែរអ្ហាស។ ម៉ាកៗនេះអី បើបានយកទៅធ្វើការ
ច្បាស់ជាតឹងទ្រូងងាប់មិនខាន ហាស៎…អូយអញដាច់ខ្យល់ឥឡូវហើយវ៉ី ហាស…ហាស…”
(សំរិទ្ធសើច ហាមាត់ប៉ុនខ្លោងទ្វារ ចំណែករាត្រីនិងមាសឃឹកៗសើចរង្គើខ្លួន ខណៈពេលដែល
នាយនិលសំឡក់ស្លែដាក់មិត្ត)
មាស និងត្រីមានគំនិតចាស់ទុំ។ ពួកគេមិនសូវលេងសើចច្រើននិងនិយាយប៉ប៉ាច់ប៉ប៉ោចច្រើន
ដូចសំរិទ្ធនិងនិលទេ។ និលនិងសំរិទ្ធចូលចិត្តខ្សឹបខ្សៀវផ្សេងៗ ពិសេសរឿងស្រីញី។ ឲ្យតែឃើញ
ស្រីៗ គេមើលតាំងពីរបៀបដើរ ឈរអង្គុយ រួចធ្វើការវាយតម្លៃម្នាក់នេះបែបនេះ ម្នាក់នោះបែបនោះ
ពេលខ្លះ គេវិភាគដល់អ្នកគ្រូនៅសាកលវិទ្យាល័យនេះទៀត ជាពិសេសអ្នកគ្រូក្រមុំចាស់។
ថ្ងៃនេះចេញពីរៀន នាយត្រីនិងមិត្ត មិនបានអង្គុយនិយាយគ្នាទៀតទេ។ សំរិទ្ធនិងនិលជាប់ណាត់
ទាត់បាល់ ឯនាយមាស ទៅរកការងារក្រៅម៉ោងធ្វើ។ ចំណែករាត្រីត្រូវបានម្តាយប្រាប់ឲ្យទៅ
រកពូម្នាក់ ឈ្មោះភី។ ពេលទាក់ទងគាត់រួច គាត់ប្រាប់ថាមានការងារមួយ ហើយថ្ងៃនេះ
គាត់ណែនាំឲ្យត្រីទៅធ្វើការ។
វិមានដ៏ស្កឹមស្កៃនៅបឹងកេងកងនេះ ទ្វារបិទបើកៗ មិនស្វាង ព្រោះរថយន្តទំនើបៗបរចេញចូលៗ
មិនចេះដាច់។ ត្រីភ្ញាក់ព្រឺក្បាលខ្ញាក ញើសចាប់ផ្តើមផ្សើមខ្នង ពិសេសពេលឈានជើងចូល
ដល់ខាងក្នុង។
“ត្រី! អង្គុយមក នៅឈរត្រែតត្រតដល់ណាទៀត?”
“អូហ៎! ” នាយឆ្លើយដោយភ្ញាក់ ទើបដាក់គូទថ្មមៗកៅអីធ្វើពីឈើខ្លឹមនោះ។
“អឺ!…អង្គុយចាំនៅទីនេះហើយ តិចទៀតតេជគុណអញ្ជើញចេញមកហើយ មិនបាច់ពូប្រាប់
បែបបទអីទេ ព្រោះឯងរៀនបានខ្ពស់ជាងពូផង”
“បាទ!…តែ…”
“នេះអ្ហេស៎! ភី…?” សំឡេងនេះបានកាត់ផ្ដាច់សម្ដីរាត្រី។
“បាទ! បាទ! នេះ…នេះហើយតេជគុណ គេជាក្មួយរបស់ខ្ញុំ”
នាយត្រីងាកចំមុខ បន្តិចទើបដាក់ភ្នែកហើយលើកដៃ យ៉ាងរាបសា។
“ជម្រាបប្រណិបតន៍តេជគុណ…”
លោកភួងស័ក្ដិ បុរសល្បាយអាចមន៍ខ្លាដកវ៉ែនតាពីចង្កេះមកពាក់ហើយ សម្លឹងលើសម្លឹងក្រោម។
“អឺ!…ចេះបើកឡានទេ?”
“បាទ! ខ្ញុំមិនចេះទេ តេជគុណ” រាត្រីលើកដៃយ៉ាងលំទោន
“អឺ!…បើមិនចេះក៏មិនអីដែរ តែត្រូវរៀន” ពោលរួចគាត់ងាកទៅរកពូភី “នែ! ភី…”
“បាទ! បាទ! មានការអីដែរទានប្រោស?”
“អឺ!…គេជាក្មួយឯង អីចឹងឯងជួយប្រាប់ ជួយបង្រៀនគ្នាផង អូហ៎! ក្មួយ ឈ្មោះអីដែរ?”
“ខ្ញុំបាទឈ្មោះរាត្រី ទានប្រោស”
លោកស័ក្តិមិននិយាយអ្វីគ្រាន់តែងក់ក្បាល ហើយត្រឡប់ចូលក្នុង។ រាត្រីមិនបានមើលមុខ
គាត់ចំទេ តែក្រឡេកមួយភ្លែតទៅ គាត់មានភ្នែកមុត ម៉ត់ចត់ អាចជាមនុស្សកាន់ការធំ។
មិនខុសទេ ភីបានបញ្ជាក់ថា គាត់ជាអតីតមេទាហានខ្មែរក្រហមម្នាក់ ដែលបានចុះចូលហើយទទួលកាន់មុខការច្រើននៅក្នុងរាជការសព្វថ្ងៃនេះ។ រំលឹកដល់រឿង
នេះ គេនឹកឃើញឪពុកដែលជាមេទាហានខ្មែរក្រហមម្នាក់ដែរ ប៉ុន្តែម្ដាយប្រាប់ថាគាត់មិន
មែនជាមនុស្សឆ្លាតម្នាក់នោះទេ។
រាត្រីសប្បាយចិត្តណាស់ បានការងារធ្វើ មានបាយម្ហូប មានកន្លែងស្នាក់នៅត្រឹមត្រូវ។
ពូភីបង្រៀន រាត្រីឲ្យបើកឡាន។ ត្រឹមមួយសប្ដាហ៍ រាត្រីចេះស្ទាត់។ ចេញពីរៀន ត្រីលែងមានពេលអង្គុយនិយាយលេងជាមួយមិត្តទៀតហើយ ព្រោះប្រញាប់មកផ្ទះ
ក្រែងគេត្រូវការប្រើ។ ដំបូងៗ នាយត្រីច្រើនចាំជូនលោកស្រីដែលជាភរិយាលោកស័ក្តិ
ទៅនេះទៅនោះ មានទៅផ្សារ ទៅហាងខាត់ស្បែក ទៅចូលរួមក្នុងពីធីផ្សេងៗ។ អ្នក
បម្រើឯទៀតប្រាប់ថា ផ្ទះនេះមានតែកូនស្រីម្នាក់ មិនសូវនៅផ្ទះទេ ព្រោះជាប់រៀនច្រើន
រហូតដល់យប់បន្តិចទើបត្រឡប់មកដល់ផ្ទះ តែត្រីមិនដែលឃើញទេ តាំងពីបានមកទី
នេះ។ នៅពេលយប់ឡើង រាត្រីតែងតែលួចសម្លឹង សំដៅបន្ទប់ដែលបំភ្លឺដោយអំពូលភ្លើង
ពណ៌ពងមាន់។ នាយត្រីតែងតែស្លុងអារម្មណ៌នឹងស្រមោលដែលឆ្លុះតាមវាំងនននោះ។
ស្រមោលនេះ ស្ដែងរាងស្រឡូន លែងសក់អន្លាយ។
ស្អែកថ្មីបានមកដល់ រាត្រីត្រូវជំនួសពូភីចាំបើកទ្វារ។ ម៉ោងជាងប្រាំបួនយប់ ស៊ីផ្លេម៉ូតូ
រោទិ៍ឡើង។ នាយត្រីភ្ញាក់មីងមាំង ព្រោះដេកលក់លីវៗទៅហើយ។
“ពូភី! ពូទៅណាហើយហ្នឹង ម៉េចមិនបើកទ្វារ?…”
នាយត្រីចាក់សោទាំងញ័រដៃ ព្រោះម្ចាស់សំឡេងហាក់មានកំហឹង។ ទ្វារមិនទាន់ទាំង
បើកផង នាងបន្លឺសំឡេងបន្ត៖
“រវល់ធ្វើអីហ្នឹងពូ បានជាស៊ីផ្លេស្ទើរបែកមេឃហើយមិនឮសោះ?” នារីពោលឡើងទាំង
ក្រមក់ក្រមូវ រួចបន្តដំណើរផ្ញាច់ៗ ឆ្ពោះទៅក្នុងដោយ មិនក្រឡេកមើលមុខអ្នកណាទាំង
អស់។
ត្រីមិនបានតប ពេលនាងដើរហួសហើយទើបនាយងើបមុខសម្លឹងពីក្រោយបន្តិចហើយ
ក៏ទម្លាក់ភ្នែកវិញយ៉ាងលឿន ខ្លាចគេឃើញ ហើយងាកទៅបណ្តើរម៉ូតូចៅហ្វាយទៅទុក។
ស្អែកឡើង រាត្រីបណ្ដើរកង់ចេញទៅរៀន។ ពេលបើកទ្វារចេញ សំឡេងចៅហ្វាយស្រីបាន
បង្អាក់ដំណើរ។
“រាត្រី! ទៅរៀនអ្ហេស៎?”
“បាទ! លោកស្រី តើលោកស្រីមានការអីមែនទេទាន?”
“មាន! ថ្ងៃនេះទិវាកូនខ្ញុំមិនចង់ជិះម៉ូតូទេ ឯងជួយជូននាងទៅបន្តិច ទៅហើយចូលរៀន
តែម្ដងទៅ”
“បាទមិនអីទេលោកស្រី តើអ្នកនាងអញ្ជើញទៅពេលនេះមែនទេ?”
“ចា៎!…ឯងចាំបន្តិចសិន….ទិវាកូន! ម៉េចរួចរាល់ឬនៅហ្នឹង?”
“ចា៎! រួចអីឥឡូវហើយម៉ាក់…”
បន្ទាប់ពីឮសំឡេងនេះ រាត្រីយកកង់ទៅទុកវិញ។ ចូលបញ្ជារថយន្តប្រាដូស៊េរីទំនើបមក
ចាំចៅហ្វាយនាយឯមុខផ្ទះ។ រាត្រីអន្ទះសាក្នុងចិត្ត ព្រោះដល់ម៉ោងចូលរៀនទៅហើយ។
ម្ភៃនាទីកន្លងផុត ទើបឮសំឡេងលាម្តាយ។ ក្នុងចិត្តម៉ួម៉ៅតែមិនហ៊ានមាត់ព្រោះគេជាចៅ
ហ្វាយ។ ស្នូរជើងកុបៗ ចៅហ្វាយស្រីបើកទ្វារចូលអង្គុយដោយមិនបានមើលសូហ្វ័រឡានថ្មី
ឯកំលោះរាត្រីរវល់តែមួរម៉ៅ ដាក់ចង្កាកើយលើចង្កូតរថយន្ត ប្រឹងទប់អារម្មណ៍។
“តោះ! អាចទៅបានហើយ…” ពោលរួចនាងក្រឡេកសំដៅតៃកុងឡាន ឯតៃកុងឡានក៏
ត្រៀមស្នាមញញឹមងាកមករកម្ចាស់ស្រី។ កែវភ្នែកទាំងពីរគូបញ្ឈរស្លឹង លែងព្រិច។ រាត្រី
ស្រឡាំងកាំង បេះដូងលោតដុកដាក់ភ័យញ័រដៃជើង បះរោមខ្ញាកៗ។ ចង្វាក់បេះដូងម្ចាស់
ស្រីក៏អង្រន់ទ្រូងដែរ។ នាងបញ្ឈរភ្នែកស្លឹង សម្លឹងមុខនាយត្រីដែលជាប់ដោយស្នាមញញឹម
ស្ងួតនោះ។ ពេលនេះក្នុងចិត្តរាត្រីស្ទាក់ស្ទើរ មិនដឹងថាគួរនិយាយ ឬមិនគួរ គួរបន្តញញឹម
ឬមិនគួរ។ អ្វីៗវាចៃដន្យពេក ពាក្យពេចន៍ទាំងឡាយហាក់កប់បាត់ទៅ រកនិយាយអ្វីក៏មិន
ចេញ។ ទីបំផុត រាត្រីសម្រេចងាកតម្រង់ទៅមុខ ចាប់បញ្ជាឡានទៅមុខយឺតៗ ភ្នែកសម្លឹង
ទៅមុខ មិនហ៊ានងាកឆ្វេងស្ដាំឡើយ។ ម្ចាស់ក្រមុំក៏រក្សាលំនឹងដែរតែភ្នែករបស់នាងដៀង
មើលសុព័រឡានកំលោះរូបនេះតាមកញ្ចក់។ នាងហាក់មានអារម្មណ៍ក្នក់ក្នាញ់នឹងគេដែល
មិននិយាយគួរសមជាមួយខ្លួនជាចៅហ្វាយ។ រាត្រី គិតមិនចេញ បានត្រឹមបញ្ជាឡានមួយៗ
ខ្លាចម្ចាស់ស្រីឃ្នើសចិត្ត។

ទិវារាត្រី

នេះជាប្រលោមលោកមួយ ដែលខ្ញុំចំណាយពេលអស់៤ឆ្នាំដើម្បីសរសេរ។
ស្នាដៃនេះ គ្រោងនឹងបោះពុម្ពក្នុងពេលឆាប់ៗខាងមុខនេះ។ ប្រសិនបើ មិត្ត
អ្នកអាន បានអាន ហើយឃើញមានចំណុចខុសឆ្គងត្រង់ចំណុចណាមួយ
សូមមេត្តាជួយផ្តល់យោបល់ផង ដើម្បីស្រួលខ្ញុំបាទកែលម្អ។

វគ្គ១
នាគ្រាដំបូង

ឆ្នាំ២០០២ នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ… និស្សិតប្រជ្រៀតគ្នានៅ
ឯច្រកចូលទៅកន្លែងផ្ញើម៉ូតូកង់។ ស្ថិតក្នុងឯកសណ្ឋាននិស្សិត យុវតីជិះ
ម៉ូតូគុបពណ៌ស្លែ កំពុងស្ថិតក្នុងកែវភ្នែករបស់យុវនិស្សិតម្នាក់ដែលកំពុង
បញ្ជាកង់ចាស់ត្រាកៗពីក្រោយ។ ភ្លាមនោះ សំឡេងដ៏ស្រួយស្រែសក៏
បន្លឺឡើង។
“នែលោក! អត់ភ្នែកទេអីហ្នឹង?” នារីភក្ត្រាក្រឡង់បែរផ្លែសម្ដីមុតស្រួច។
“បាទ! ខ្ញុំមាន មានតើ! តែ…” បុរសដែលលួចគយគន់គេពីក្រោយតប
ទាំងញ័រភ័យ។
“បើមាន ម៉េចមិនមើល?”
“ខ្ញុំ…ខ្ញុំមើលតើ តែកង់ខ្ញុំដាច់…”
“មិនបាច់ទាញហេតុផល យករួចខ្លួនទេ” នារីវាយជន្ទល់ចុះ ដំឡើងកែវ
ភ្នែកដៃម្ខាងច្រត់ចង្កេះម្ខាងចង្អុលមុខ។
ឃើញនារីចង្អុលមុខចំៗបែបនេះ បុរសភ័យបុកប៊ឹបៗ គ្រាប់ញើសចាប់
ផ្តើមផ្សើមខ្លួនទាំងព្រលឹម ។
“សុំទោសអ្នកនាង អស់ថ្លៃប៉ុន្មាន ខ្ញុំសង”
“…មិនដឹងទេ” នារីដៀងកន្ទុយភ្នែកសម្លក់។
នាយកំលោះជ្រួញចិញ្ចើមយកដៃឈ្លីថ្ងាស ហើយបន្ត៖
“អ៊ីចឹង តើ…?”
“ទៅកន្លែងជួសជុលជាមួយខ្ញុំ ធ្វើអស់ប៉ុន្មានគឺប៉ុណ្ណឹងហើយ” បញ្ចប់
សម្ដី នារីត្រឡប់ម៉ូតូទាំងមុខក្រមូវ ឯយុវជនថយកង់បញ្ច្រាស់ មកវិញ
ទាំងខ្លួនរឹងក្រញង់ ព្រោះមនុស្សចោមរោមជុំទិស។ មកដល់លើ នារី
ពោលយ៉ាងដាច់អហង្កាជាថ្មី៖
“នែ៎! ឲ្យលឿនបន្តិចមក ព្រោះខ្ញុំប្រញាប់ចូលរៀនវិញ”
បុរសមិនតប ឡើងធាក់កង់ទាំងមុខស្ញូញក្នុងចិត្តគិតថា កង់បញ្ជា
ដោយកម្លាំងមនុស្ស ម៉ូតូបញ្ជាដោយកម្លាំងម៉ាស៊ីន តើធ្វើម៉េចទាន់។
ខ្លួនចង់ប្រាប់ហេតុផលនេះទៅគេ តែគិតទៅប្រហែលជាត្រូវគេស្ដីឲ្យ
ទៀតផងក៏មិនដឹង។ គិតដល់ចំណុចនេះ ក៏លះបង់គំនិតនេះចោល
ព្រោះថាខ្លួនជាអ្នកក្រទន់ខ្សោយហេតុផលមួយក៏ទន់ខ្សោយដែរ។
ភ្នែកខំរំពៃរកតែមិនឃើញអ្នកណាដែលស្គាល់អាចពឹងបានសោះ។
អារម្មណ៍ក៏ប្រឹងគិត ជើងក៏ប្រឹងធាក់ក្រែងមិនទាន់ម៉ូតូគេ។ ចេញមក
ដល់ខ្លោងទ្វារ បុរសមានកាយវិកាច្រេមច្រុមៗបែបស្ទាក់ស្ទើរ ព្រោះ
ឡានវឹងទៅវឹងមកច្រើនពេក។ សំឡេងលាន់ប្រាវមនុស្សផ្អើលឆមក
មើល…
នារីចេញទៅហួសឆ្ងាយបន្តិច ទើបងាកក្រោយ តែមិនឃើញបុរសនោះ
សោះ។ ចិន្តាក្ដៅឆេវ គិតថាខ្លួនចាញ់បោកគេហើយ។ នារី ត្រឡប់មក
វិញ តាំងចិត្តរកឲ្យឃើញ ព្រលះឲ្យស្គាល់ស្នាដៃ។ មកដល់ ឃើញមនុស្ស
កុះករ តែនាងមិនយកចិត្តទុកដាក់ទេ នេត្រារំពៃរកមនុស្សបោកប្រាស់
តែមិនឃើញ ក៏សសៀរចូលក្រុមមនុស្សដែលកំពុងចោមរោមមើល ក្រែង
ពួននៅទីនោះ។ បានដូចបំណង នាងក្រឡេកឃើញយុវជនរូបនោះមែន
តែគេកំពុងតែដេកស្ដូកស្ដឹង លោហិតដាបខ្លួន។ ឃើញបែបនេះនារីឈរ
ធ្មឹង។ ពេលឡានពេទ្យមកដល់ មិនដឹងជាផលអ្វី បានជានាងឡើងទៅ
ជាមួយ។ អង្គុយនឹងបង់ចាំមើលលទ្ធផលពេទ្យដោយចិត្តអន្ទះសា គិត
ពីបញ្ហារបួសរបស់គេ។ ពិចារណាពីអត្តចរិតរបស់ខ្លួនឯងដែលហាក់ពុំ
សូវសម។ គ្រាន់តែស៊ីញ៉ូម្ខាងសោះ បង្កឲ្យមានរឿងហេតុធំបែបនេះ។
គិតបណ្ដើរ ដៃលូកបណ្ដើរ ឃើញកាតសិស្សដែលមានឈ្មោះថា ច័ន្ទ
រាត្រី មកពីវិទ្យាល័យបរវេល។ លូកបន្តទៀត ឃើញប្រាក់ពីរពាន់រៀល
នាងយកដៃស្ទាបទ្រូងខ្លួនឯង ដកដង្ហើមធំ នឹកហួសចិត្ត។ នារីគិតសួរ
ខ្លួនឯងថា តើនាងខុសឬ?
ទឹកដីកវី ខេត្តបាត់ដំបង សុរិយាគងភ្នំ ត្រៀមពន្លិចខ្លួនចោលលោកា
អ៊ំស៊ឹមនៅតែឱនងើបៗក្នុងវាលស្រែនៅឡើយ។ ម្ចាស់ស្រែហៅឲ្យ
សម្រាកពីរបីដងហើយ តែគាត់នៅតែឆ្លើយថាចាំបង្ហើយដៃបន្តិចសិន
លុះតែថ្ងៃលិចមើលលែងឃើញ ទើបគាត់ឈប់។ មកដល់ផ្ទះអុចចង្កៀង
ថ្លុងៗដុសឆ្នាំងក្រាកៗ អារម្មណ៏មិនសូវនៅនឹងខ្លួន ព្រោះនឹកដល់កូន
ប្រុសទោល ដែលទើបតែចាកចេញទៅថ្មីៗ។ ពេលថ្មើនេះធ្លាប់តែឮ
សំឡេងកូន បើមិនគៀងមាន់ទាចូលទ្រុង ក៏អានសៀវភៅឮៗឲ្យម្តាយ
ស្តាប់។ នាមជាម្តាយពេលបានឃើញកូនមានចំណេះ ឃើញកូនដើរតាម
គន្លងធម៌ សប្បាយចិត្តរកអ្វីប្រៀបពុំបានឡើយ។ ពេលស្ងាត់លែងបាន
ឮសំឡេងកូន គាត់ដកបង្ហើមធំរាងញយបន្តិច។ អារម្មណ៍កំពុងតែរលឹក
ដំណឹងកូនបានមកដល់។ អ៊ុំស៊ឹមភ័យប្រហោងពោះ ទម្លាក់ឆ្នាំងចោល
គាត់ប្រញាប់ប្រញាល់ រៀបចំអីវ៉ាន់ដាក់បង្វេចរអ៊ូតិចៗផងថា៖
“អាត្រីអើយ អាត្រីកូនម៉ែ អ៊ីចឹងហើយបានជាម៉ែមិនដាច់ចិត្តឲ្យទៅ
ឆ្ងាយពីភ្នែកច្រមុះ មិនធម្មតាទេ បារម្ភបំផុតអារឿងហ្នឹង ផ្ដាំហើយផ្ដាំ
ទៀត តែនៅតែកើតឡើងឲ្យទាល់តែបាន។”
ម៉ោងប្រមាណជាង១រំលងអាធ្រាត្រ គាត់មកដល់មន្ទីរពេទ្យ។ គាត់
ដើរយ៉ាងលឿនសំដៅបន្ទប់ ស្របពេលដែលយុវតីកំពុងនៅកំដរជន
រងគ្រោះនៅឡើយ។ កំពុងតែសួរនាំ គ្រូពេទ្យក៏ចេញមក។ ពេទ្យប្រាប់
ថាអ្នកជំងឺផុតពីគ្រោះថ្នាក់ហើយ តែមិនទាន់ដឹងខ្លួនទេ ព្រោះខ្ទាតច្រើន
ត្រឡប់ពេក។ អ្នកទាំងពីរត្រូវបានគេអនុញ្ញាតឲ្យចូលទៅមើលជនរង
គ្រោះ។ អ៊ំស៊ឹម សម្រក់ទឹកភ្នែក កាន់ដៃកូនជាប់។ នារីក្រមុំឈរពីក្រោយ
ព្រិចភ្នែកញាប់ៗដែរ។ ដោយនឹកឃើញថាម្តាយរាត្រីមកដល់ហើយ
នាងក្រមុំត្រឡប់ទៅវិញ ជាមួយនឹងក្រសែភ្នែកស្ទើរស្ទាក់ ជំហានបោះ
ទៅមុខ ភក្រ្តាងាកក្រោយ។ ចេញមកដល់ក្រៅ ម្តាយទូរស័ព្ទមកល្មម
ព្រោះគាត់ត្រឡប់មកពីខេត្តជិតដល់ភ្នំពេញហើយ។
ស្អែកឡើង នាងក្រមុំឆ្លៀតនាំយកផ្លែឈើខ្លះមកជូនអ្នកជម្ងឺ។
“ជម្រាបសួរអ៊ំស្រី!…”
“អូហ៎! ក្មួយទេអ្ហេស៎…ចុះត្រូវជាមិត្តភ័ក្តិអាត្រីមែនទេក្មួយ?”
“ចា៎…ចា៎…ចា៎ត្រូវជាមិនមិត្ត…គឺមិត្តនឹងគ្នាចា៎ អូហ៎នេះ…នេះផ្លែ
ឈើសម្រាប់រាត្រីណាអ៊ំ”
“យី! អានេះ ទើបតែមកមិនបានដប់ថ្ងៃផង ចេះមានមិត្តជាស្រី
ទៀត។ មិនដូចឪវាសោះ ឪវាមិនងាយស្គាល់អ្នកណាទេ សូម្បី
តែអ៊ំហ្នឹង ការជាមួយគាត់រាប់ខែមិនសួររកអ៊ំទេ ទាល់តែសួរទើប
ឆ្លើយ” អ៊ំស៊ឹមនិយាយចេញកាយវិកាទាំងញញឹមញញែម ភ្នែក
សម្លឹងមុខនាងក្រមុំជាប់។ ឯនារីស្រីអង្គុយចាំស្ដាប់ ពេលខ្លះយក
ដៃទប់មាត់សើចរង្គើខ្លួន។
“អូហ៎! និយាយអ៊ីចឹងក្មួយឈ្មោះអី ហើយកូនចៅអ្នកណាដែរ?”
“ចា៎! ខ្ញុំឈ្មោះ ទិវា ប៉ាខ្ញុំឈ្មោះស័ក្តិ ហើយម៉ាក់ខ្ញុំឈ្មោះ ទិសា”
“សក្តិ…ទិសា គឺ…”
“មានការអីអ៊ំស្រី ស្គាល់គាត់ដែរមែនទេអ៊ំ?”
“អូហ៎ទេ! អត់ទេក្មួយ គ្រាន់តែយល់ថាឈ្មោះនេះពីរោះប៉ុណ្ណោះ តើ…”
“អ្នកទាំងពីរ…អាចចូលបានហើយ” សំឡេងគ្រូពេទ្យផ្ដាច់ការសន្ទនា
អ្នកទាំងពីរ។
ចូលទៅដល់ រាត្រីហើបមាត់និយាយតិចៗ៖
“ម៉ែ! ឈឺណាស់ ជួយកូនផងម៉ែ” គេនិយាយតិចៗទាំងបិទភ្នែក។
អ៊ំស៊ឹម យកដៃអង្អែលសព្វផ្ទៃមុខកូនថ្នមៗដោយស្ងួនចិត្តអាណិតកូន
ទោលមួយនេះ។
“ម៉ែ! ស្អែកកូនទៅរៀនឯភ្នំពេញហើយ” គេនៅតែបន្តទាំងបិទភ្នែក។
ឮកូនមមើមមាយ ទឹកភ្នែកអ៊ំស៊ឹមស្រក់លើផ្ទៃមុខកូន។ គាត់នឹកអាណិត
កូន សូម្បីតែមមើមមាយក៏មិនភ្លេចរឿងរៀនដែរ។ ចង់រៀនខ្លាំងពេក ដឹង
ថាម៉ែគ្មានលុយ ខំចិញ្ចឹមមាន់ទា ជ្រូក ទុកមួយឆ្នាំមុន។ ឃើញកូនមាន
ចិត្តបែបនេះ គាត់ក៏ជួយខ្នាស់ខ្នែង ប្រមែប្រមូលកេរអាករខ្លះបំពេញឲ្យកូន។
នាងក្រមុំឈរធ្មឹងសម្លឹងទៅកំលោះរូបនេះ បន្តិចក្រោយមកនាងថយក្រោយ
មួយៗ តែភ្នែកទាំងគូនៅតែសម្លឹងសំដៅនាយត្រី ទាល់តែដៃរុញទ្វារបិទផុត។
មកដល់ក្រៅទូរស័ព្ទរោទិ៍ឡើង។
នារីចេញផុត រាត្រីបើកភ្នែក និយាយបានតិចៗ ទឹកភ្នែករេចៗហូរចេញមក
ព្រោះខានឃើញពន្លឺថ្ងៃយូរហើយ។ មើលឆ្វែងស្ដាំ ឃើញម្ដាយកំពុង
សម្រក់ទឹកភ្នែក។ នាយធ្លាក់ថ្លើមក្ដុក ប្រឹងហើបមាត់មួយៗថា៖
“ម៉ែ!…ម៉ែយំទៀតហើយ នឹកពុកទៀតអ្ហា៎?”
អ៊ំស៊ឹមបើកភ្នែកធំៗ ហួសចិត្តពេលឮកូនសួរបែបនេះ។
“អា…អាយ៉ូសម៉ារយ! ឯងមិនត្រូវឡានបុកបែកអាចម៍ វាសំណាងណាស់
ហើយ អាត្រី!”
រាត្រីភ្ញាក់ព្រើត ក្រោកអង្គុយឆ្ងក់ សម្លឹងមើលទីជុំវិញខ្លួន ដឹងថាជាមន្ទីរពេទ្យ។
នាយនឹកឃើញភ្លាម យកដៃទះថ្ងាសខ្លួនឯង។ ម្ដាយកូនទើបតែបែកគ្នាមិនទាន
បានមួយខែផង តែអ្នកទាំងពីរហាក់រលឹកគ្នាខ្លាំងណាស់។ អ្នកទាំងពីរ អង្គុយជជែកគ្នាពីនេះពីនោះលាយជាមួយនឹងសំណើចមួយៗតាមទម្លាប់។
អ៊ំស៊ឹមសម្លឹងមុខកូនជាប់។ គាត់បានសួររាត្រីពីមិត្តនារីដែលខ្លួនបានទាក់ទង។
រាត្រីហាក់ភាំងនឹងសំណួរម្ដាយ ព្រោះមិនដែលមានសោះ បានត្រឹមតែបដិសេធ។
អ៊ំស៊ឹមហាក់មិនយល់ ថាកូនកុហក ក៏ដូចជាមិនមែន ព្រោះកូនមិនដែលលាក់បាំង
នឹងគាត់ទេ ហើយរឿងបែបនេះក៏មិនគួរឲ្យលាក់បាំងនោះដែរ។ អ៊ំស៊ឹមធ្វើភ្នែកស្លឹង
ព្រោះមិនយល់ហេតុ។ គាត់គិតថាតើ ហេតុអីក៏នាងមកយកចិត្តទុកដាក់នឹងរាត្រី
យ៉ាងនេះ។ គិតមិនចេញបានត្រឹមលួចដកដង្ហើមធំ ហើយងាកមកសម្លឹងមុខកូន។
សម្រាកនៅពេទ្យបានមួយសប្ដាហ៍ រាត្រីសម្រេចចិត្តចេញ។ ចេញទៅទូទាត់លុយកាក់
ពេទ្យប្រាប់ថាមានគេចេញរួចរាល់ហើយ។ ឆ្ងល់ណាស់ សួរពេទ្យ ពេទ្យថាគេមិនឲ្យ
ប្រាប់ទេ។ អ្នកទាំងពីរមិនថាអ្វី ក៏ជម្រាបលាគ្រូពេទ្យហើយចេញទៅខេត្តបាត់ទៅ។
នៅបាត់ដំបងបានត្រឹមមួយសប្ដាហ៍ រាត្រីសុំម្ដាយមករៀនវិញ។ អ៊ំស៊ឹមមិនចង់ឲ្យកូន
មកទេ តែកូនចេះតែទទូចសុំដដែលៗពេក ក៏ដាច់ចិត្តទាំងក្ដីបារម្ភ។
“កូនអ្ហា៎! ចេះប្រយ័ត្នប្រយែងណាកូន” ពោលរួចហុចកញ្ចប់បាយឲ្យទៅកូនគ្រាន់ហូប
តាមឡាន។
“បាទម៉ែ ម៉ែកុំបារម្ភអី ។ ម៉ែ! កុំទៅធ្វើការយប់ៗពេកមកផ្ទះឲ្យទាន់ភ្លឺណាម៉ែ”
“យី! អាកូន ឯងប្រដៅវា វាមកប្រដៅឯងវិញព្រងើយ។ បានហើយ! ម៉ែដឹង ម៉ែអាច
ធ្វើបាន ទើបម៉ែធ្វើ ម៉ែសង្ឃឹមថាកូននឹងខំរៀន មិនធ្វើឲ្យម៉ែអស់សង្ឃឹមទេ”
រាត្រីឈានជើងចេញ ជាមួយនឹងកែវភ្នែកងាកសម្លឹងរកម្ដាយ។ ឡានបរទៅមុខ
យឺតៗ ហើយបង្កើតល្បឿនបន្តិចម្ដងៗ អ៊ំស៊ឹមឈរមើលកូនរហូតដល់ឡានចេញ
ផុត។ ក្នុងរថយន្ត នាយអង្គុយសញ្ជឹងពីម្ដាយ អាយុហាប្លាយទៅហើយ នៅតែ
លំបាកចិញ្ចឹមកូន។ ខ្លួនក៏ណាស់ដែរ អាយុជាងម្ភៃទៅហើយនៅតែគ្មានលទ្ធភាព
ចិញ្ចឹមម្ដាយ បែរជាឲ្យគាត់ចិញ្ចឹមទៅវិញ។ បារម្ភខ្លាំងណាស់ ចេញមកពីធ្វើការ
ត្រូវចម្អិនបាយដោយខ្លួនឯង ថ្ងៃខ្លះរវល់ពេក ចម្អិនពីព្រឹកទុកដល់ល្ងាច។ អ្វីដែល
នាយបារម្ភបំផុត គឺខ្លាចពេលគាត់ឈឺថ្កាត់គ្មានអ្នកណាមើល មិនដឹងថ្នាំសង្កូវនៅ
ឯណា។ កាន់តែគិត កាន់តែបារម្ភ។ ជីវិតខ្លួនហាក់គ្មានសំណាងដូចគេ រស់នៅ
ដោយខ្វះទ្រព្យ ខ្វះទាំងសាច់ញាតិ។ បើមិនរៀន រកធ្វើស្រែនឹងគេក៏មិនកើត
ព្រោះស្រែលក់អស់ហើយ។ បើខ្លួននៅជួយម្ដាយច្បាស់ជាខ្ញុំគេមួយជីវិត ងើបមុខ
មិនរួចទាំងម្តាយទាំងកូន។ តាំងចិត្តខំរៀន ក្រែងជីវិតអាចអណ្តែត ឡើងដូចគេ។
មកដល់បន្ទប់ជួលឯភ្នំពេញ ស្រាប់តែឃើញកង់កញ្ចាស់របស់ខ្លួននៅមុខបន្ទប់។
រាត្រីឆ្ងល់ណាស់ រឹតតែគួរឲ្យឆ្ងល់ទៅទៀតនោះគឺកង់នេះត្រូវបានជួសជុលយ៉ាង
ស្អាត។ ឡើងជិះសាកលមើល ហ្វ្រាំងស៊ីល្អណាស់។

ទិវារាត្រី

ទិវារាត្រី, Sok thou

Sok thou

ទិវារាត្រី, Sok thou

Sok thou

វគ្គទី៨
បេះដូងមានស្នេហ័ តែចិត្តមិនហ៊ាន
បុរសរឹតតែមិនដឹងថារូបកាយដ៏ស្រឡូនដែលខ្លួនលួចសម្លឹងលួចស្រមៃកំពុងស្ថិតក្នុងប្រអប់ទ្រូងរបស់ខ្លួនដែរ។ នាយរំលឹកប្រាប់ខ្លួនឯងជាថ្មីថា គឺនារីម្នាក់នេះហើយ ដែលបានព្រោះព្រំជីវិតដល់ខ្លួន។ ទិវាស្រីហាក់មិនតក់ស្លុតនឹងហេតុអាសន្នប៉ុន្មានទេនាពេលនេះ អ្វីដែលនាងចាប់អារម្មណ៍គឺកំលោះស្រុកស្រែរូបនេះ មកត្រកងកាយនាង។ ខុសពីពេលមុនដែលសូម្បីតែសម្តីឆ្លើយឆ្លងក៏គ្មាន។ ដួងចិត្តរាយមាន តែនាងរំលឹកខ្លួនឯងថា រាត្រីមានគូរួចទៅហើយល់។
“ឈាម!” នាងភ្លាត់មាត់ពេលយកដៃប៉ះស្មារាត្រីដែលមានរបួស។ រាត្រីយកដៃទប់មាត់នាងជិត ព្រោះខ្លាចក្រុមចោរនោះឮ។
រាត្រី ផ្តោតនេត្រា សម្លឹងមុខនាងជាថ្មី។ នាងជានារីដែលមានកែវនេត្រាស្រទន់ខុសពីពេលមុន។ រាត្រីគិតថា វាជាលើកទីមួយហើយដែលខ្លួនបានមើលមុខនាងចំ ហើយជិតបែបនេះ។ ការពិតនាងពិតជាស្អាត ស្អាតជាងអ្នកណាទាំងអស់។ ទើបតែពេលនេះទេដែលខ្លួនមើលឃើញថានាងជាស្រីដ៏ស្លូតបូតម្នាក់។ រាត្រីលើកយកពេលវេលាដែលកន្លងទៅមកពិចារណាឡើងវិញ គេចង់យកពាក្យសម្តីដែលផ្អែមល្ហែមទាំងប៉ុន្មានមកលាងជម្រះ នៅក្នុងចិត្ត របស់ខ្លួនដែលតែងតែប្រមាថមាកងាយទៅលើរូបនាង។ ឃើញរាត្រីសម្លឹងខ្លួនបែបនេះ បបួរមាត់ដ៏តូចស្ដើងក៏កម្រើកឡើង៖
“ម៉េច សុខៗមកទីនេះធ្វើអី?”
រាត្រីហាក់ភ្ញាក់បន្តិច ចង្វាក់បេះដូងដើរញាប់ជាងមុន រកតបទៅវិញភ្លាមៗ តែបបូរមាត់ចេះតែញ័រខុសពីធម្មតា៖
“ខ្ញុំ…ខ្ញុំ…ខ្ញុំ…នែខ្ញុំ…”
ឃើញអាការញ័រភ័យបែបនេះ ទិវាក៏ញញឹមពព្រាយ។
“ នៅភ័យមិនទាន់បាត់មែនទេ?”
រាត្រីឆ្លើយនឹងនាង មិនរួចបានត្រឹមងាកមុខចេញយកដៃជូតមុខ គិតមិនយល់ពីចិត្តខ្លួនឯង ហេតុអីឲ្យតែឃើញមុខនាង ឮសំឡេង ធ្វើឲ្យនាយញ័រ ហើយរឹតតែចម្លែក គឺនៅពេលនេះ ខ្លួនភ័យជាងមុនទ្វេដង។ នាយ ប្រឹងអង្វរចិត្តខ្លួនឯង ព្រោះមានតែនៅលើភ្នំគូលែននេះទេ ដែលជាឱកាសដ៏ល្អសម្រាប់និយាយពាក្យក្នុងចិត្ត។ ពេលចេញផុតពីភ្នំនេះទៅ ឱកាសនៅនឹងកន្លងទៅឆ្លាយមិនខាន។
“រាត្រី!” នាងបន្លឺសំឡេងហៅឈ្មោះរាត្រីជាលើកទីមួយ ហើយវាក៏ជាលើកដំបូងដែរដែលនាងវាចាទន់ភ្លន់ ផ្អែមល្ហែមមកកាន់រាត្រី។ ពេលនេះអារម្មណ៍ រាត្រីកាន់តែវិលវល់ មិនដឹងថាវាជាសុបិន ឬជាការពិត មិនដឹងថា តើវាជាទឹកចិត្តនៃភ្នំគូលែន ឬវាជាទឹកចិត្តនារី។ តែទោះជាមូលហេតុបែបណាក៏ដោយ ទោះវាជាក្តីសុបិន ក៏ខ្លួននឹងដើរជាតួឯកកំដរសាច់រឿងក្នុងសុបិន តុបតែងវាមិន ឲ្យមានភាពរកាំឡើយ។ រាត្រីចាប់ងាកខ្លួនមកបន្តិចៗ តាំងចិត្តបើកភ្នែកសម្លឹង មុខនាងឲ្យចំដើម្បីនិយាយឆ្លងឆ្លើយជាមួយនាង។ ប៉ុន្តែកែវភ្នែកដែលរាត្រីបើក នៅតែពោពេញដោយភាពភ័យខ្លាច ពិសេសពេលសម្លឹងចំកែវភ្នែកនារីម្នាក់នេះ។ រាត្រីនៅតែមិនអាចផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងបាន បានត្រឹមឈរបន្តឲ្យចង្វាក់បេះដូង លោតខុសចង្វាក់ប៉ុណ្ណោះ។
ឃើញសភាពរបស់រាត្រី ទិវានៅតែឈរធ្មឹង ចាំមើលបបូរមាត់របស់បុរស ម្នាក់នេះហាស្តីជាមួយខ្លួនដោយចំពោះ បើទោះដឹងថាគេមានគូ។
ទិវារាត្រី បានត្រឹមតែឈរសម្លឹងមុខគ្នា។ ទិវាស្រី មិនខ្វល់ថាពាក្យនោះ ជាពាក្យអ្វីនោះទេ ឲ្យតែចេញពីមាត់បុរសម្នាក់នេះ។
“ភ្លើងពិល…” រាត្រីពោលរួច ស្ទុះទៅចាប់ដៃទិវា។ ដឹងថាក្រុមចោរដើរសំដៅ រាត្រីទាញដៃនាង ចូលសំងំក្នុងព្រៃម្ដងទៀត។
“ឮត្រង់នេះ! ចូលព្រៃនេះបាត់ហើយ” ពួកចោរលាន់មាត់ពេលមកដល់កន្លែងដែលរាត្រីនិងទិវាឈរមុននេះ។
“ចូលទៅ!…” ម្នាក់ឈ្មោះថ្លែនពោលរួច ក៏ឈានជើងចូលក្នុងព្រៃ។
រាត្រីដឹងថា ពួកចោរតាមពីក្រោយ ក៏ប្រាប់ទិវាឲ្យរត់ឲ្យលឿនជាងនេះ។ ពួកចោរបានដេញប្រផិតប្រផើយ តែមិនទាន់ រហូតដល់មាត់អូរមួយរាត្រីនាំនាងចូលសំងំក្នុងទឹកដែលមានឫសឈើសៃម៉ៃ សំយាកក្នុងទឹកនោះ។
តាមមកដល់ត្រឹមអូរនេះ ពួកគេបាត់ដាន។ ជ្រងពិលមើលក៏មិនឃើញឈរមួយសន្ទុះក៏នាំគ្នាផ្លាស់ទី ដើររកតាមកន្លែងដែលសង្ស័យរៀងៗខ្លួនចេញទៅទៀត។
ដឹងថាពួកគេទៅបាត់ អ្នកទាំងពីរនាំគ្នាឡើងលើគោកវិញ។ រាត្រីគ្រវាសកន្ទុយភ្នែកឆ្វាច់ៗសំដៅទិវាស្រីដែលស្ដែងសារពាង្គស្ទើរតែទាំងស្រុងពេលទើបងើបពីទឹក ខណៈដែលពន្លឺចន្ទ្រាបានជះមកតាមប្រឡោះស្លឹកឈើ។
“ផ្សាជើងណាស់!” ទិវាពោលឡើងទាំងឱបដៃ ខណៈប្រាណញ័រចំប្រប់។
“ឈឺ…ឈឺខ្លាំង…ទេ…”
“ចា៎…”
វាចាមួយម៉ាត់នេះ ជាចម្លើយដែលធ្វើឲ្យកម្លោះជនបទស្លាប់ចិត្តដោយសារអាណិតស្ងួនស្រី។ នឹងស្មានមិនដល់សោះ ចម្លើយថា “ចា៎” របស់នារី ពីរោះរងំរណ្តំក្នុងបេះដូងខ្លួនដល់ម្លឹង។ ពេលសម្លឹងចំកែវភ្នែកមុតថ្លា ភក្ត្រាក្រឡង់របស់នារីពេលណា បេះដូងរាត្រីចាប់ផ្តើមញាប់ញ័រស្ទើរលោតចេញពីសារពាង្គ។
បេះដូងកំលោះរាត្រីទទួលស្គាល់ខ្លួនឯងថាពិតជាមានបេះដូងទន់ជ្រាយខុសពីការតាំងចិត្ត។ តើជាមួយនារីដទៃដូចក្រមុំម្នាក់នេះដែរឬយ៉ាងណា? តើបេះដូងនេះ ភ័យខ្លាចនារីស្រី ឬកញ្ជ្រោលចង់ផ្ញើបេះដូងលើទ្រូងនាង?
សម្លឹងចំទឹកមុខបែបអឹមអៀនរបស់រាត្រី ទិវាលួចប្រមាណក្នុងអារម្មណ៍បណ្តើរដោយស្នាមញញឹមហាក់ សប្បាយចិត្តប្លែក។ វាជាអារម្មណ៍រីករាយយ៉ាងពិសេស ដែលនាងមិនធ្លាប់មាន។ គឺនាងបង្កើតបានអារម្មណ៍មួយថ្មីទៀត នៅពេលបានសំឡឹងមុខកម្លោះសម្បុរស្រអែម។ រាងកាយដែលឈឺចាប់ ភាពភ័យខ្លាច បានរសាយបាត់អស់ពេលបានសម្លឹងមុខកំលោះម្នាក់នេះ។
“ម៉េច សុខៗ មកទីនេះធ្វើអី?” នាងសួរផ្អៀងផ្អង។
រាត្រីនៅតែច្រិមច្រុម រកឆ្លើយនឹងនារីឲ្យទាន់ចិត្ត តែពេលនេះ បេះដូចចាប់ ផ្តើមរំអុកកាន់តែខ្លាំង មិនដឹងថាត្រូវឆ្លើយតបទៅនារីយ៉ាងម៉េចវិញទេ។
“ខ្ញុំ…ខ្ញុំចង់មកនៅទីនេះបានឃើញគេចាប់អ្នក…អ្នកនាងដាក់ឡាន…”
“ម៉េចក៏លោកភ័យម្ល៉េះ? ខ្លាចខ្ញុំអ្ហេស៎?”
“ខ្ញុំ…ខ្ញុំ…”
ពេលនារីដេញសួរបែបនេះ រាត្រីរឹតតែភ័យញ័រជើង។ អារម្មណ៍នៅពេលនេះកាន់តែច្របល់ រំជួលមិនស្ងប់ មិនដឹងត្រូវនិយាយពីអ្វី ព្រោះចិត្តមិនស្តាប់បញ្ជា។ រាត្រីបិទភ្នែកបន់ស្រន់អំណាចនៃរុក្ខជាតិតូចធំធ្វើជាវត្ថុស័ក្ដសិទ្ធនាភ្នំគូលែន ជួយផ្តល់កម្លាំងចិត្តដល់ខ្លួនឲ្យមានសេចក្តីក្លាហានក្នុងការឆ្លើយតបទៅនារី ម្នាក់នេះវិញក្នុងនាមជាកូនប្រុសដើមទ្រូងប្រាំហត្ថ។ រាត្រីបន់ស្រន់ក្នុងចិត្តបណ្តើរ គិតបណ្តើរថា នាងគ្រាន់តែនារីម្នាក់សោះហេតុអ្វីក៏ត្រូវខ្លាច? នាងហ៊ាន និយាយមករកយើង ហេតុអ្វីយើងមិនអាចតបទៅវិញ? ខ្លួនត្រូវតែគិតថា នាងគឺជាមនុស្សធម្មតាម្នាក់ នាងគឺជានារីដ៏សាមញ្ញម្នាក់។ បិទភ្នែកប្រមូលអារម្មណ៍ មួយសន្ទុះរាត្រីប្តេជ្ញាបើកភ្នែក សម្លឹងមុខនាងឲ្យចំ និយាយជាមួយនាងមួយៗ ច្បាស់ៗ។ កែវភ្នែកទាំងគូបើកឡើង សេចក្តីក្លាហានក៏មានស្រេច សម្លឹងចំចំពោះមុខ។ តែពេលដែលសេចក្តីក្លាហានចេញមក នៅខាងមុខមានតែដើមឈើ ច្រូងច្រាង មិនឃើញទិវា។ រាត្រីបើកភ្នែករឹតតែធំ ខ្លួនប្រែជាស្រាលដូចសំឡី។
“អ្នកនាង…អ្នកនាង…អ្នកនាងទិវា…” សម្រែកបញ្ចេញទាំងស្លន់ស្លោ ខ្លួនស្រាលដូចសំឡី។ នាយស្ទុះទៅមុខស្រែកហៅនាងពីរបីម៉ាត់ទៀត រួចបង្វិលខ្លួនងាកមកក្រោយវិញ ឃើញទិវាញញឹមបង្ហាញថ្ពាល់ខួចមករកខ្លួន។ រាត្រីពេលនេះហាក់ចិត្តធំបន្តិច នាយសម្លឹងមុខនាងយ៉ាងយូរ។ នាយគិតថាពេលនេះ គួរតែជាពេលសមស្រាប់សម្រាប់ខ្លួនហើយ ក្នុងការនិយាយពាក្យពេចន៍ក្នុងចិត្ត។
ទិវាសម្លឹងមករាត្រី ដោយសញ្ជឹងពីរូបគេ។ មើលទៅគេហាក់ យកចិត្តទុកដាក់នឹងខ្លួនខ្លាំងណាស់។ តើក្នុងចិត្តរបស់គេ ទុកខ្លួនជាអ្វី? ចុះម្នាក់ឈ្មោះនួននោះ? ចុះរាល់អំពើដែលខ្លួនបានធ្វើបាបគេ គេនៅចងចាំក្នុងចិត្តទេ? ឬក៏គេជាមនុស្សមិនចេះប្រកាន់? នារីកម្រើកបូបរមាត់តិចៗ ចង់បញ្ជាក់ពីរឿងនេះ តែសំឡែងមួយបានកាត់ផ្តាច់។
“នៅឲ្យស្ងៀម! លើកដៃឡើងលើ”
នេះជាសំឡេងក្រុមចោរ បានបន្លឺជំនួស។ ឮគេប្រាប់ឲ្យលើកដៃ រាត្រីស្ទុះភ្លែតមកឈរបាំងពីមុខ ការពារនារី។ ត្បិតតែកាំភ្លើងពីរដើមកំពុងតម្រង់សំដៅខ្លួន ប៉ុន្តែរាត្រីមិនញ័រភ័យដូចប្រឈមមុខនឹងនារីឡើយ។ ទិវាស្រីក៏យ៉ាងដូច្នេះដែរ ពេលត្រូវគេភ្ជង់បែបនេះ មិនត្រឹមតែមិនភិតភ័យទេ ថែមទាំង សប្បាយចិត្តព្រោះបានឃើញបុរសម្នាក់នេះ ចេញមុខការពារទាំងទឹកចិត្តក្លាហានបែបនេះ។ ពេលនេះនាងគិតថា តើនៅមានបុរសឯណាមួយ ដែលអាចបង្ហាញឲ្យនាងបានឃើញនៅនឹងភ្នែក ចំពោះព្រឹត្តិការណ៍ពេលនេះបានដែរឬទេ?
“មិនអាចប៉ះពាល់នាងបានទេ?” សំឡេងរបស់រាត្រីចំពោះចោរទាំងពីរ។
“ស្អី! ឯងចង់ធ្វើវីរបុរសមែនទេ? យឺស! អាសត្វក្មេង” ពោលរួច ប្រុងស្ទុះសំដៅរាត្រី តែម្នាក់ទៀតចាប់ដៃជាប់។
“កុំយកចិត្តទុកដាក់នឹងអាក្មេងនេះ គិតពីផលប្រយោជន៍យើងវិញ”
“មិនអាចប៉ះពាល់នាងបានទេ” រាត្រីស្រែកកម្លា តែសំឡេងនេះបន្លឺមិនទាន់ផុតពីមាត់ល្អផង រាត្រីត្រូវមួយជើងដួលផ្ងារពោះ ហើយម្នាក់នោះហក់ ប្រុងថែមមួយជើងទៀត តែនារីស្រែកឃាត់៖
“ឈប់សិន! បើពួកឯងចង់ចាប់យើង ចាប់មកតែមិនឲ្យប៉ះពាល់គេទេ” ពោលរួចនាងដើរសំដៅ ចោរទាំពីរនាក់នោះ។ ឃើញបែបនេះ រាត្រីក្រោកឈរភ្លែត។
“ឈប់! ”
“ម៉េច? ឯងចង់ត្រូវទៀតអ្ហេស?”
“ចាប់ខ្ញុំទៅផង” ឮបែបនេះ ពីរនាក់នោះសម្លឹងមុខគ្នា ហើយសើចហាមាត់ចង្ក្រោះ។
“ឯងហ្នឹងអ្ហេស? យកទៅធ្វើអី? ”
“កុំនិយាយជាមួយវាច្រើន‌! សំឡេះវាចោលទៅ”
“បើហ៊ានប៉ះពាល់គេតែបន្តិច ខ្ញុំនឹងស្លាប់ឲ្យពួកឯងមើល ចាំមើលតើពីរនាក់ឯងត្រូវដោះស្រាយជាមួយអាខ្មៅ នោះយ៉ាងម៉េច”
ឮនារីពោលបែបនេះ ចោរទាំងពីរសម្លឹងមុខគ្នា ហើយងាកមកនិយាយជា មួយនាងយ៉ាងលឿន។
“បាន‌! អីចឹង អង្គុយចុះនៅនឹងគល់ឈើនឹងទៅ” ក្រុមចោរយកកាណុងកាំភ្លើងចង្អុលបង្ហាញ។
“ចំណែកអាមួយនេះ ចងដៃវាឲ្យជាប់ ព្រោះវាពូកែណាស់”
“មិនឲ្យចងគេទេ ហើយត្រូវឲ្យគេមកអង្គុយក្បែរខ្ញុំ” នារីដំឡើងសំឡេង ដាក់លក្ខខណ្ឌម្តងទៀត។
“នាង…នាងឯងកុំហួសហេតុពេក តិចថាអញទ្រាំមិនបានវ៉ី”
“បើឯងទ្រាំមិនបាន ឯងចង់ធ្វើអី ឬក៏ឯងមិនត្រូវការលុយទេ?” នាងពោលតបទាំងញាក់ចិញ្ចើម។
“បានហើយ! បិទមាត់នាងឯងទៅ។ ហ្អឹស!… ចង់ធ្វើបានអាក្មេងនេះទៅនៅក្បែរ គ្មានកេរ្តិ៍ខ្មាសបន្តិច សោះវ៉ី…ស្រេចតែនាងឯងទៅ យកទៅធ្វើអីក៏ធ្វើទៅ ចាំអញបិទភ្នែក”
ទិវាសម្លក់ស្លែ ពេលគេមាក់ងាយរូបនាង។ នារីក្តៅស្លឹកត្រចៀកមិនតិចទេ ព្រោះនេះជាលើកទីមួយហើយ ដែលខ្លួនត្រូវកម្ទេចមនុស្សដូចជាពីរនាក់នេះប្រមាថបែបនេះ។ នៅនឹងគល់ស្រឡៅដ៏ធំនេះ អារម្មណ៍អណ្តែត អណ្តូងរបស់តួអង្គទាំងពីរបានរសាត់ទៅឆ្ងាយ ព្រោះគ្រោះភ័យកំពុងស្ថិតនៅនឹងមុខ។ កែវភ្នែករបស់ទិវាស្រី ពោរពេញដោយកំហឹង ខណៈរាត្រីកំពុងខ្វល់ខ្វាយ គិតរកមធ្យោបាយរំដោះនារីចេញ។ ចំណែកឯក្រុមចោរ ទាំងពីរនាក់ កំពុងបញ្ឈរភ្នែកជាប់ ខ្លាចក្មេងស្រីនេះរត់រួច ខានបានលុយ ហើយបង់ទាំងជីវិតទៀត។
ពន្លឺចន្ទ្រាចាំងចូលតាមប្រឡោះស្លឹកឈើ ជះរស្មីលើធីតាស្រីដែលបិទភ្នែក គេងនឹងគល់ឈើនេះទៅហើយ ធ្វើឲ្យកំឡោះរាត្រី អង្គុយសម្លឹងវង់ភក្ត្រនារីមិនដាក់ភ្នែក។ កាន់តែសម្លឹងទិវាស្រីកាន់តែស្រស់ វង់ភ័ក្រ្តក្រហមរលោកដូចមាក់ប្រាង សមនឹងបបូរមាត់តូចស្ដើង កញ្ចឹងកសម៉ដ្ឋខៃ ទ្រូងក្បំ ចង្កេះរៀវស្ដួចសមនឹងត្រគាកសាយក្លុំសណ្ដូកសណ្ដូងដោយជើងទាំងគូដ៏ស្រឡូន បង្ហាញសាច់សខ្ចី។ កាន់តែមើល កាន់តែស្រស់ កាន់តែមើលបេះដូងកាន់តែកន្ត្រាក់ញាប់ទៅៗ។ ខណៈពេលដែលបេះខ្លួនកន្ត្រាក់ដោយសេចក្តីស្នេហា ចិត្តរបស់កំលោះរូបនេះ ក៏អាណិតស្រស់ស្រីដែលលងលក់ទាំងរងាញ័រញាក់ ដោសារតែនារីស្ថិតក្នុងសម្លៀកបំពាក់ខើចខ្លី គួបផ្សំនឹងអាកាសធាតុដ៏ត្រជាក់នាភ្នំគូលែននេះផង។ ក្តីអាណិតនេះ ធ្វើឲ្យរាត្រីដោះអាវរបស់ខ្លួនដណ្តប់ឲ្យនារី រួច ញញឹមនឹកអស់សំណើចក្នុងចិត្តត្បិតអាវនេះរាងចាស់បន្តិចទៅហើយ។ នាយដឹងថា បើប្រៀបធៀមទៅនឹងក្រណាត់ជូតគ្រឿងសង្ហារិមនៅផ្ទះរបស់ទិវា ក៏អាវនេះចាស់ជាងដែរ។
ចំណែកចោរទាំងពីរនាក់ ដែលកំពុងអង្គុយយាម នាំគ្នាពេបមាត់ពេបក នឹកថាក្រយៅរបស់រាត្រីបានត្រឹមតែជាទូកចម្លង។
“អាសត្វក្មេង! ឆ្អើមណាស់អ្ហាស ”
“នែ! អាថ្លែន បើឯងគ្មានវាសនាដូចគេទេ កុំទៅថាគេ មិនគិតថាល្អទេអី បើសិនជានាងនោះហៅឯងទៅអង្គុយក្បែរហ្អាស?”
“អាចង្រៃយក៍ បើឯងមិនសរសើរកុំមកបង្អាប់វ៉ី កំពុងតែក្តៅស្រាប់ផងអ្ហាស”
“អើ គ្នាក៏មានអារម្មណ៍មិនល្អជាមួយក្មេងពីរនាក់នេះដែរ វាបានដេកយ៉ាងស្រួល ចំណែកយើងនៅបញ្ឈរភ្នែកយាមវាទៅវិញ”
“ចុះអាណាឲ្យយើងចង់បានលុយឪវាធ្វើអីវ៉ី”
“អើ ‌បើអីចឹង យើងឯកភាពគ្នា បិទមាត់ឈប់និយាយទៅចុះ។ ឥឡូវអញដេក ឯងយាម ហើយពេលឯងត្រូវការដេកចាំដាស់អញ អញយាមម្តង” ពោលរួច គេទម្លាក់ខ្លួនដេកឱបកាំភ្លើង ចំណែកឯដៃគូរបស់ខ្លួនប្រុងតវ៉ា តែតវ៉ាមិនទាន់។ គ្រាន់តែថាដេកភ្លាម គេស្រមុកភ្លែត ធ្វើឲ្យដៃគូរបស់ខ្លួនដាស់គេភ្លាម។
“ស្អីអ្ហាស! អញទើបដេកមិនបានមួយសាឡេតផង ឯងដាស់អញធ្វើអី?”
“អើ! ក្រែងឯងថាពេលអញត្រូវការដេក ឲ្យដាស់ឯងអ្ហេស? ម៉េចឯងចង់ ក្រឡាស់សម្តីអ្ហេស?”
“អើ ឥឡូវឯងដេកវិញទៅចឹង តែបើអញត្រូវការដេកម្តងចាំអញដាស់ឯង”
“អ៊ីចឹង ឥឡូវឯងដេកទៅ អញយាមម្តង ហើយពេលអញត្រូវការដេច សឹមអញដាស់ឯង” ពោលរួចគេក្រោកអង្គុយឆ្ងក់ ចំណែកដៃគូរបស់ខ្លួនទម្លាក់ខ្លួនដេកវិញ តែមិនទាន់ទាំងបានបិទភ្នែកល្អផង ដៃគូរបស់ខ្លួនដាស់វិញ ធ្វើឲ្យរាត្រីសើចខឹកៗ នៅនឹងគល់ស្រឡៅ។
“អេអាមួយនេះ ឯងសើចស្អីអ្ហាស ម៉េចចង់ងាប់អេ្ហស”
ឮគេសំឡុតបែបនេះ រាត្រីងាកមុខចេញលែងតប។ ងាកមុខសម្លឹងនាងទិវា រាត្រីឃើញមូសយ៉ាងធំបានខាំកញ្ចឹងកនាង។ រាត្រីចង់វាយមូសនោះ តែខ្លាចនាងភ្ញាក់ព្រោះមើលទៅកំពុងដេកលក់ យ៉ាងស្កប់ស្កល់។ នឹកដូច្នេះ នាយលូកដៃចូលយឺតៗ សន្សឹមៗក្នុងបំណងចាប់មូស តែស្រាប់តែពេលនោះនារីបើកភ្នែកតិចៗ ឃើញមនុស្សស្ទុងៗឈ្ងោកមកក្បែរខ្លួន ទិវាក៏ស្រែកមួយសំឡេង រំពងព្រៃភ្ញាក់ទាំងចោរទាំងពីរស្រែកតាមក្រោយ ចំណែកឯរាត្រីផ្ងារក្រោយបះគូទច្រងាង ភ្នែកបើកធំ ហាក់ស្រឡាំងកាំង។
“រាត្រី លោក…លោកចង់…ចង់ធ្វើអីខ្ញុំ” នារីក្រោកឈរសម្លឹងសំដៅរាត្រី ទាំងញ័រភ័យ។
“ខ្ញុំ…ខ្ញុំ…ខ្ញុំចង់…ចង់”
“លោកចង់…ចង់ស្អី?”
“វាចង់រំលោភនាងហ្នឹង ដឹងទេ” ម្នាក់ឈ្មោះថ្លែនពោលឡើង។
“លោក លោក…” ទិវា
“មិន…មិនមែនទេ” រាត្រី
“យើស! អាក្មេង ឯងហ៊ានប្រកែកផងអ្ហេស អញឃើញច្បាស់ណាស់ អញអង្គុយជ្រងោនៅទីនេះហើយ ឯងនៅចង់ផ្តេសផ្តាស់ទៀត ពិតជាក្មេងឈាមរាវមែន ”
“លោកឯងបិទមាត់ទៅ ទុកឲ្យគេនិយាយ” ទិវាតបទៅម្នាក់ឈ្មោះថ្លែននោះវិញ។ ឃើញក្មេងស្រីនេះស្តីឲ្យខ្លួនបែបនេះ កំហឹងឡើងពេញទ្រូង នាយក្រោកឈរយកកាំភ្លើងចង្អុលនាងភ្លាម។
“នែមីក្មេងចម្កួត‌‌ បិទមាត់នាងឯងឲ្យជិតទៅ តិចត្រូវម៉ាគ្រាប់ឥឡូវហ្នឹង ”
ឃើញបែបនេះរាត្រីក្រោកឈរស្ទុះភ្លែត មកឈរពាំងមុខកាណុងកាំភ្លើងនារីទៀត។ ទិវាសម្លឹងពីក្រោយ នាងនឹកក្នុងចិត្តថា ប្រហែលជាខ្លួនយល់ច្រឡំនឹងគេហើយ។ ប៉ុន្តែយ៉ាងណា ចាំឲ្យគេបកស្រាយសិន។ នាងប្រុងនឹងហាមាត់បន្តទៅហើយ តែពេលនោះរាត្រីត្រូវមួយជង្គង់របស់នាយថ្លែនដួលលុតជង្គងនឹងដី ទិវាឃើញដូច្នេះប្រឹងលើករាត្រីឲ្យឈរឡើងវិញ តែរាត្រីឈរមិនទាន់រួចទេ ព្រោះពោះវៀនចង់រមូរចូលគ្នាអស់ទៅហើយ ពេលត្រូវមួយជង្គង់នោះ។ ចោរម្នាក់ទៀតដែលកំពុងអង្គុយមើល ឃើញដូច្នេះក៏ដើរមកទាញ់ ដៃគូរបស់ខ្លួនឲ្យទៅកន្លែងវិញ ខ្លាចមិត្តជ្រុលដៃសម្លាប់នាង។
ចំណែកទិវាឯណេះវិញ ខំគ្រារាត្រីឲ្យទៅអង្គុយនៅគល់ស្រឡៅវិញ។
“លោក អាចអង្គុយបានសុខ គួរតែនៅឲ្យស្ងៀមទៅ កុំទៅរងជំនួសខ្ញុំ វាមិនហ៊ានធ្វើអីខ្ញុំទេ…អ្ហា! ចុះឯណាអាវលោក?” រាត្រីមិនតបទេ តែភ្នែករបស់គេក្រឡេកទៅលើដី ឃើញអាវរបស់ខ្លួនក្លាយជាកម្រាលទៅហើយ។ ក្នុងចិត្តពិតជាមិនស្ងប់ទេ ពេលដែលធ្វើបុណ្យហើយត្រូវទទួលបានទោសមកវិញ។ ក្នុងចិត្ត នៅតែមិនសាប់មិនសល់ ដៃលូកយកអាវមករលាស់ហើយពាក់វិញ ទាំងភ្នែកបើកមិនព្រិច។
“អាចប្រាប់ខ្ញុំបានទេ ហេតុអី?” នារីពោលដោយសម្លឹងមុខនាយយ៉ាងចំ ដោយមិនព្រិចភ្នែក។ ឮសំណួរនេះ កាន់តែធ្វើឲ្យរាត្រីក្តៅក្រហាយក្នុងចិត្តទ្វេឡើង។ ខ្លួនមិនចង់ឲ្យគេឃើញថាខ្លួនល្អដោយសារតែពាក្យដែលខ្លួននិយាយនោះទេ។ ចំណែកឯនាយថ្លែនក្រុមចោរ ក៏ពុងឆាប់ឆួលក្នុងទ្រូង ហាក់មិនទាន់អស់ចិត្ត ហើយនៅរអ៊ូង៉ូវៗ។
“យើសអ្ហែង! ជាមួយអាណាបាន ជាមួយអាថ្លែន ងាប់អត់អំពើអ្ហាស់”
សំឡេងរអ៊ូដដែលៗ គួបផ្សំនឹងរឿងដែលគេមួលបង្កាច់នេះធ្វើឲ្យស្លឹកត្រចៀករបស់រាត្រីកាន់តែក្តៅឡើងៗ រកទ្រាំពុំបាន ហើយគេក៏ងើបដើរសំដៅ ប្រុងដើរសំដៅ តែទិវាតោងដៃគេជាប់។
“លោក លោក…ចង់ស្លាប់ណាស់ទៅអ្ហេស?” នារីពោលដោយសម្លឹងចំមុខរាត្រី ហើយកែវភ្នែករបស់រាត្រីនៅពេលនេះក៏សម្លឹងចំមុខនាងដែរ តែពេលនេះបេះដូងរបស់គេលែងញាប់ញ័រព្រោះនាងទៀតហើយ។ សម្លឹងមើលមុខនារីបន្តិច រាត្រីដឹងថានាងចង់អង្វរករឲ្យខ្លួនទ្រាំទប់កំហឹង។ ឃើញទឹកមុខនេះ ធ្វើឲ្យរាត្រីទន់ចិត្ត ប្តូរគំនិត ប្រឹងទប់កំហឹងនេះ ព្រោះខ្លួនគិតថា បើសិនមិនទ្រាំ នាងច្បាស់ជាជួបទុក្ខភ័យ បើខ្លួនមិនចេះទ្រាំ មិនជម្នះនឹងចិត្តខ្លួនឯង ខ្លួនមិនសមជាកូនប្រុសនោះឡើយ។
ទម្លាក់គូទអង្គុយមិនទាន់ផង សម្រែកសន្ធឹកមួយយ៉ាងធំបានឆ្ពោះសំដៅ។ ងាកមកខាងក្រុមចោរទាំងពីរនាក់ កំពុងប្រឹងជើងរត់ប្រុចឡើងចុងឈើ។ ពេលឡើងដល់លើ ក្រឡេកមើលក្រោម បាត់ក្មេងទាំងពីរនោះ ទើបដឹងថាចាញ់ល្បិចគេជាលើកទី២។ ហើយពេលដែលបាត់ស្រមោលពួកគេទាំងពីរ សំឡេងសត្វខ្លាក៏បាត់ទៅវិញដែរ ហេតុក្រុមចោរទាំងពីរ បានចុះយ៉ាងលឿនដើម្បីទៅតាមចាប់រាត្រីនិងទិវាទៀត។
ទិវាស្រី ត្រូវរាត្រីតោងដៃជាប់ រត់តាមក្រោយ តាមប្រឡោះឈើ ដែលមានវល្លិស្រាក់ប្រទាក់ក្រឡា ធ្វើឲ្យនាងកំពប់ជើងដួលម្តងៗ តែនាងមិនត្រឹមតែមិនភ័យខ្លាច ឬ ឈឺចាប់នោះទេ ថែមទាំងញញឹមជាប់ព្រោះពេលដួលម្តងៗ បានរាត្រីលើគ្រាឡើង។ ទោះបីជានាងដឹងថា រាត្រីមាននួនហើយក៏ដោយ ប៉ុន្តែនាងទប់ចិត្តខ្លួនឯង មិនបាទនៅពេលនេះ។
អ្នកទាំងពីររត់រហូតមកដល់មាត់អូរមួយយ៉ាងធំ ហើយពេលមកដល់ទីនេះ ក្រុមចោរទាំងពីរបានមកដល់តាមក្រោយ គ្រាន់តែងាកក្រោយឃើញភ្លាម រាត្រីទាញដៃទិវាលោតប្រូង ហើយជ្រមុចទៅរកកន្លែងលាក់ខ្លួនព្រោះងងឹត ល្មមអាចមិនឲ្យចោរនោះមើលឃើញ។ ទាំងរាត្រី ទាំងទិវាសុទ្ធតែចេះហែលទឹកដូចគ្នា ប៉ុន្តែអ្នកទាំងពីរតោងដៃគ្នាជាប់។ នៅក្នុងទឹកអូរដ៏ច្រជាក់នេះ អ្នកទាំងពីរប្រឹងប្រធាក់រកច្រាំង តែមិនរកច្រាំងម្ខាងទៀតទេ គឺរកច្រាំងដែលខ្លួនលោតដដែល ព្រោះពួកគេមិនងាយមលើឃើញ។ នៅនឹងឫសច្រាំងនេះ មានឫសយ៉ាងអន្លាយចូលដល់អូរ តែពេលងើបមកចំកន្លែងដែលចោរទាំងឈរនៅកន្លែងនោះដែរ ហើយភ្ជង់កាំភ្លើងសំដៅខ្លួនតែរាត្រី មិនខ្លាចទេ ព្រោះដឹងថាពីរនាក់នោះមិនហ៊ានសម្លាប់ខ្លួននឹងទិវាដោយងាយៗនោះទេ ហេតុនេះ គេជ្រមុចទៅម្តងទៀត។ ឃើញអ្នកទាំងពីរជ្រមុជទៅម្តងទៀត ម្នាក់ឈ្មោះក្តាមចិត្តឆៅជាងនោះ ប្រុងប្រឡេះកៃ តែម្នាក់ទៀតទប់ទាន់ ហើយប្រឹងពន្យល់ ព្រោះពួកគេត្រូវការលុយមិនមែនត្រូវការជីវិតទេ បើមិនចាំបាច់ មិនអាចសម្លាប់គេជាដាច់ខាត ហើយគិតថាពួកគេនឹងមិនអាចគេចផុតពីដៃរបស់ខ្លួនឡើយព្រោះភូមិសាស្ត្រនៅទីនេះច្បាស់ណាស់។
រាត្រីនឹងទិវានាំគ្នាហែលទឹក ក្រវែលរកកន្លែងគេចខ្លួន ហើយបានទៅទើនឹងគល់ឈើរលំកាត់អូរមួយ ទើបងើបពួននៅទីមួយសិន។ ពេលបានមកដល់ទីនេះ ងាកទីកន្លែងដើម ឃើញចោរទាំងពីកំពុងជ្រងពិលមើល ហើយពេលជ្រងរកខ្លួន អ្នកទាំងពីរក៏ជ្រមុចទឹកដំណាលគ្នា។ ដោយគិតថា មិនអាចនៅរង់ចាំបែបតទៅទៀតបាន រាត្រីបានគិតពីមធ្យោបាយដោះស្រាយ សម្លឹងមុខនារីជាប់ ហើយក្តោបដៃនាងយ៉ាងណែន រួចជ្រមុជហែលបណ្តោយទឹកហូរកាត់មុខចោរទាំងពីរនាក់។ ពេលហែលផុត ប្រហែលជា២០ម៉ែត្រ ទិវាងើមមុខឡើង ព្រោះជិតផុតដង្ហើម ឃើញដូច្នេះរាត្រីក៏ងើបតាម ធ្វើឲ្យក្រុមចោរឮសំឡេងក៏ប្រឹងរត់ តាមបណ្តោយទឹកខ្សែទឹកហូរ។ ពេលដឹងថាចោររត់តាម អ្នកទាំងពីរបានមុជចុះ មួយដង្ហើមទៀត ហើបានប្រហែលជា២០ម៉ែត្រទៀត ទឹកកាន់តែហូរលឿនទៅៗ រហូតដល់ធ្លាក់ទៅនឹងកន្លែងទឹកធ្លាក់មួយលាន់ពេញព្រៃ។ ក្រុមចោរបាន ដឹងថាកន្លែងទឹកធ្លាក់នេះ ជ្រៅណាស់ ហើយមានដុំថ្មធំៗច្រើនទៀតផង។ ហេតុនេះ ពួកគេប្រឹប្រញាប់ប្រញាល់ចុះទៅដោយសង្ឃឹមថា បើមិនឃើញមនុស្សរស់ ក៏បានឃើញសាកសពដែរ។ តែពេលដែលចុះមកដល់ក្រោម ខំជ្រងពិល មើល និង ដើរទៅមកទៅមកច្រើនសារ មិនឃើញក្មេងទាំងពីរ ពួកក៏ប្រឹងរត់តាមបណ្តោយអូរដែលមានហូរមួយដំណាក់ទៀត។ រត់រកយូរទៅចោរទាំងពីរអស់សង្ឃឹម ក៏អង្គុយដកដង្ហើមសម្លឹងមុខគ្នា គិតថាខ្លួនកំពុងប្រឈមមុខនឹងសេចក្តីស្លាប់ហើយ ប្រសិនបើមិនបានលុយនោះ។
ទិវាស្ថិតក្នុងរង្វង់ទ្រូងរបស់រាត្រី ខណៈដែលនាងបានបាត់ស្មារតី។ រាត្រីប្រឹងត្របាញ់ជើងរត់ស្ទើរផុតដង្ហើមខ្លួនឯង ព្រោះខ្លាចចោរមកទាន់ទៀត។ ពេលរត់បានឆ្ងាយបន្តិច រាត្រីបានឈប់នៅនឹងគល់ឈើធំមួយ ខណៈទិវាមិនទាន់ដឹងខ្លួននៅឡើយ។ រាត្រីសម្លឹងមុខទិវា គិតរកមធ្យោបាយដើម្បីធ្វើឲ្យនាងដឹងខ្លួនវិញ។

ទិវារាត្រី

នេះជាភាគទី៧នៃរឿងទិវារាត្រី។

ទិវារាត្រី

នេះជាភាគទី៦នៃរឿងទិវារាត្រី។

« Older entries