រឿងផ្កា

បទកាកគតិ

បុប្ផាល្អស្រស់ បង្ហាញសម្រស់
ឆើតទាក់នេត្រា ពិដោរក្រអូប
ក្រអែបអស្ចារ្យ ក្លិនជាប់នាសា
ក្លិនផ្កាក្រពុំ។
ផ្កាក្នុងក្រៅសួន គន្ធាពេញខ្លួន
ត្រសាយត្រសុំ រំលេចតាមពណ៌
ធម្មជាតិផ្សំផ្តុំ ជីដាក់គល់គុម្ភ
ក្លិនស្អុយម្ល៉េះណា។

សុខ ធូ
៣០វិឆ្ឆិកា២០១០

បើអ្នកមានយស

រឿងកោះពេជ្រ ពិតជាធ្វើឲ្យគ្រប់គ្នាតក់ស្លុត។ ឥឡូវចូរទុករឿងកោះពេជ្រមួយដុំសិន ងាកមកកម្សាន្តអារម្មណ៍
វិញម្តងមើលក្រែងអាចជួយសង្គមបានខ្លះ។ ស្នាដៃក្រមង៉ុយ ត្បិតតែចាស់ ប៉ុន្តែខ្លឹមសារនៅតែមានន័យគួរពិចារណា។

បើអ្នកមានយស

១. បើអ្នកមានយស មានស័ក្តិខ្ពងខ្ពស់
គាប់នឹងរាជការ ​ ធ្វើធំធ្វើថី
មន្ត្រីមាត្រា ព្រះហ្លួងឧកញ៉ា
សាលាកុង្សីយ៍។
២. ចេះច្បាប់បារាំង កុំភ្លេចសច្ចំ
កតញ្ញូខន្តី កុំឆ្មើងហួសមាឌ
ភ្លេចញាតិប្រុស្រី ជំនុំកាត់ក្តី
យកឧបេក្ខា។
៣. កុំដៀលអ្នកស្រែ ត្រកូលឯងខ្មែរ
កុំប្រែក្រឡាស់ ក្រឡេកឃើញគុណ
ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់
កុំត្មះអ្នក្រ។
៤. កុំស្អប់អ្នកតូច បើឃើញគ្នាខូច
កួចគិតប្រមុំ ទោសគ្នាតិចតួច
ផ្តួចឡើងជាធំ ផ្សែងពូតជាដុំ
ផ្លុំឆេះជាភ្លើង។
៥. កុំភ្លើនភ្លេចខ្លួន ចេះសាសន៍ចិនយួន
កុំចោលខ្មែរយើង កុំធ្វើក្រអើត
កុំពើតកុំពើង កុំពាក់ស្បែកជើង
ចូលវត្តលោកសង្ឃ។

ច្បាប់ល្បើថ្មី
ក្រម ង៉ុយ

១២,០០០$/សពម្នាក់ បញ្ចប់រឿងកោះពេជ្រ

គ្រួសារមរណជននឹងទទួលបាន១២,០០០$ក្នុងសាកសពម្នាក់ បន្ទាប់មានការប្រកាសជាផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន។ សម្តេចតេជោក៏បានទទួលស្គាល់ផងដែរថា ឧបទ្ទវហេតុនេះ គឺជាកំហុសរបស់អាជ្ញាធរ ដែលមានការធ្វេសប្រហែស
មើលងាយស្ថានការណ៍ និង គិតស្មានមិនដល់។ ទោះជាយ៉ាងណាក៏ដោយ សម្តេចបានបញ្ជាក់ថា គ្មានមន្ត្រីណាមួយត្រូវទទួល
ទោសនៅក្នុងឧបទ្ទវហេតុនេះទេ ព្រោះនេះជាកំហុសរួម ដែលមានន័យថាជនរងគ្រោះក៏មានកំហុសដែរ។
បើយោងតាមការអះអាងរបស់អ្នកនៅរស់ពីឧបទ្ទវហេតុនោះ បានឲ្យដឹងថានៅថ្ងៃទីបីនោះ គ្មានអ្នកយាម ឬ
ក្រុម​សន្តិសុខ​ណាម្នាក់នៅសម្រួលផ្នែកខាងគល់ស្ពាន ឬច្រកចូលខាងលិចនោះឡើយ ដែលជាហេតុធ្វើឲ្យមនុស្សចាប់ផ្តើម
ធ្វើដំណើរបញ្ច្រាស់ទិស ឈានដល់ការកកស្ទះ និង បណ្តាលឲ្យមានអ្នកស្លាប់យ៉ាងច្រើនបែបនេះ។
ទោះជាយ៉ាងណាក៏ដោយ ស្ថានការណ៍នេះទំនងជាត្រូវបញ្ចប់ត្រឹមនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានប្រកាស់ពីលទ្ធផលស៊ើប
អង្កេតជាផ្លូវការ និង ប្រកាសពីផែនការណ៍បន្តការអភិវឌ្ឈតំបន់កោះពេជ្រនេះបន្តទៅទៀត។
នៅទីបញ្ចប់មរណជនជាង៣រយនាក់នឹងក្លាយទៅជាមេរៀនសម្រាប់យើងទាំងអស់គ្នា ជាពិសេសខាងស្ថានប័នមានសមត្ថកិច្ច
ដែលគួរលៃយ៉ាងណាចេះបង្ការពេលមានអាសន្ន កុំប្រមូលផ្តុំតែកន្លែងដាក់បារាស់យកប្រាក់ដូចមុនទៀត។ យើងជាអាជ្ញាធរ គឺ
មានតួនាទីមើលការខុសត្រូវលើប្រជាពលរដ្ឋ។

អ្នកកើតឆ្នាំខាលត្រូវសុំទានគេ

ពាក្យចចាមអារាម បានលេចឡើងជាច្រើនក្នុងន័យឃោសនាអកុសលបន្ទាប់ឧបទ្ទវហេតុលើស្ពានពេជ្រ
នាថ្ងៃ២២វិច្ចិកានោះ។
នៅយប់ថ្ងៃ២៣វិច្ឆិកា គឺនៅពេលដែលប្រជាពលរដ្ឋនាំគ្នាផ្អើលសែនចេក និង​ នាំឲ្យចេកឡើងថ្មីជិត១០ដុល្លារ
ក្នុងមួយស្និតនោះ ចង្រ្កានបាយក៏បានទទួលទូរស័ព្ទពីមិត្តភក្ដិ ដោយប្រាប់ថាត្រូវរង់ចាំទាល់ម៉ោងមួយយប់ឆ្លង
ចូលថ្ងៃ២៤វិឆ្ឆកាទើបអាចដេកបាន បើមិនដូច្នេះទេនឹងត្រូវដេករហូតហើយ។
ចង្រ្កានបាយមិនបានធ្វើតាមទេ ហើយក៏មិនមានអ្វីកើតឡើងដែរ ប៉ុន្តែបានដាក់សំឡេងទូរស័ព្ទរោទ៍នៅម៉ោង
មួយនោះ ហើយខ្ញុំក៏បានភ្ញាក់ឡើងតាមសំឡេងរោទ៍នោះដែរ ប៉ុន្តែគ្មានអ្វីកើតឡើងឡើយ។
រហូតដល់ថ្ងៃ២៦វិច្ឆិកានេះ គឺនោះសល់តែមួយថ្ងៃទៀតគេ នឹងដល់ថ្ងៃគម្រប់ប្រាំពីរថ្ងៃមរណជនដែលរងគ្រោះ
លើស្ពានពេជ្រនោះហើយ ហើយជាមួយនឹងពេលវេលាជិតឈានចូលមកដល់នេះ ក៏លេចឮព័ត៌មានថា អ្នក
ដែលមានកំណើតក្នុងឆ្នាំខាល(ខ្លា) ត្រូវតែសុំទានគេឲ្យបានប្រាំពីរនាក់ ឲ្យឆកទានដែលគេបានដាក់នោះទៅ
ប្រគេនព្រះសង្ឃនៅវត្ត។
ចំពោះបញ្ហាពាក្យចចាមអារ៉ាមថ្មីនេះ ចង្រ្កានបាយមិនមានយោបល់អ្វីទេ ព្រោះថាបើបានយកចង្ហាន់ ឬ បច្ច័យ​
ទៅប្រគេនព្រះសង្ឃ និង ស្តាប់ព្រះសង្ឃសូត្រធម៌ក៏ល្អម្យ៉ាងដែរ ដើម្បីឲ្យជ្រះស្រឡះក្នុងខួរក្បាល។

គណៈកម្មការដោះស្រាយករណីឧបទ្ទវហេតុ

គណៈកម្មការដោះស្រាយករណីឧបទ្ទវហេតុ ដែលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា
បង្កឲ្យមានការរំពឹងទុកថានឹងមិនផ្តល់នូវការស៊ើបអង្កេតដ៏យុត្តិធម៌មួយឡើយ។ អនុប្រធានមួយរូប និង សមាជិកមួយរូបនៅក្នុងគណៈកម្មការពិសេសនោះ គឺជាមនុស្សដែលគេត្រូវស៊ើបអង្កេត។
ខាងក្រោមនេះ គឺជាសមាភាពនៃគណៈកម្មការ៖
ឯកឧត្តម សុខ អាន ប្រធាន
ឯកឧត្តម ញឹម វណ្ណដា អនុប្រធាន
ឯកឧត្តម ឱម យ៉ីនទៀង អនុប្រធាន
ឯកឧត្តម អ៊ិត សំហេង អនុប្រធាន
ឯកឧត្តម វង សូត អនុប្រធាន
ឯកឧត្តម កែប ជុតិមា អនុប្រធាន
ឯកឧត្តម ខៀវ កាញារិទ្ធ សមាជិក
ឯកឧត្តម អ៊ុក រ៉ាប៊ុន សមាជិក
ឯកឧត្តម ព្រុំ សុខា សមាជិក
លោក ពុង ខៀវសែ(អគ្គនាយកកោះពេជ្រ ) សមាជិក
ឯកឧត្តម នេត សាវឿន សមាជិក
ឯកឧត្តម សៅ សុខា សមាជិក
លោក ព្រំ ចន្ទីនី សមាជិក
នៅក្នុងគណៈកម្មការនេះ មានអនុកម្មការបីគឺ៖
១.អនុគណៈកម្មការដោះស្រាយកាងារបន្ទាន់លើករណីឧបទ្ទវហេតុ មានឯកត្តម អ៊ិត សំហេង ជាប្រធាន
២.អនុគណៈកម្មការស៊ើបអង្កេតលើករណីឧបទ្ទវហេតុ មានឯកត្តម ព្រុំ សុខា ជាប្រធាន
៣.អនុគណៈកម្មការកោសល្យវិច្ច័យលើករណីឧបទ្ទវហេតុ មានឯកត្តម ម៉ម ប៊ុនហេង ជាប្រធាន
សេចក្តីសម្រេចនេះ ត្រូវបានចុះហត្ថលេខា ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៣វិច្ឆិកា ២០១០។

ការប្រមូលមូលនិធិសង្រ្គោះ

រហូតមកដល់ថ្ងៃពុធទី២៤វិច្ឆិកា ការរៃអង្គាសប្រាក់ជួយជនរងគ្រោះហាក់ដូចជាបានធ្វើឡើងទូទាំងប្រទេសហើយ។
ការរៃអង្គាសដែលធ្វើឡើងជាទ្រង់ទ្រាយធំនេះ គឺត្រូវបានអនុវត្តដូចដែលធ្លាប់បានធ្វើកាលពីរៃអង្គាសប្រាក់ និង
សម្ភារជូនវីរកងទ័ពការពារទល់ដែនប្រឆាំងនឹងថៃនោះដែរ។ នៅក្នុងការរៃអង្គាសលើកនោះ មានការអនុវត្តហួស
ពីព្រំដែនពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយធ្វើការផ្លែផ្កាសម្តី “បើមិនជួយគេ ប្រយ័ត្នគេមិនជួយវិញ” និង “គេចួល
គ្រប់គ្នា ខុសគេតែឯងជា”ជាដើម។ ការធ្វើបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ចូលរួមទាំងទើសទាល់ និង មិនមែន
កើតឡើងដោយសទ្ធាជ្រះថ្លានោះឡើយ។
ក្រៅពីបញ្ហាខាងលើ គឺនៅមានគៃបន្លំតួលេខសាច់ប្រាក់ មិនបានទៅដល់ដៃអ្នកដែលត្រូវទទួល ដែលនេះជាបញ្ហាធំ
បំផុតមួយ។
សម្រាប់ការរៃអង្គាសលើកនេះ ក៏មានលេចចេញនូវបាតុភាពដូចខាងលើដែរ ជាពិសេសកើតចេញពីអាជ្ញាធរមូល
ដ្ឋាន។​ ពួកគេហាក់ដូចជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងរៃអង្គាសនេះ ដោយក្នុងនោះមានការប៉ះទង្គិចគ្នា
រវាងអាជ្ញាធរក្នុងស្ថាប័នផ្សេងគ្នាទៀតផង។ ជាក់ស្តែងកាលពីថ្ងៃពុធ ២៤វិច្ឆិកាកន្លងទៅនេះ នៅក្រុងប៉ោយប៉ែត មាន
ការប៉ះទង្គិចគ្នារវាងកងកម្លាំងប៉ូលីស និង កងរាជអាវុធហត្ថ ក្នុងការរៃអង្គាស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់
ស៊ីធីអិន។
ការប៉ះទង្គិចនេះ ទំនងជាកើតឡើងដោយសារផលប្រយោជន៍។ ចំណុចនេះ ពិតជាធ្វើឲ្យយើងមានមន្ទិលជាខ្លាំង
ចំពោះមូលនិធិទាំងនោះ។ ប៉ុន្តែបើតាមការសង្កេតកន្លងមក យើងឃើញថាមានក្រុមការងារទូរទស្សន៍ស៊ីធីអិន បាន
យកមូលនិធីទាំងនោះជូនជនរងគ្រោះមែន គ្រាន់តែយើងមិនអាចដឹងឲ្យប្រាកដពីចំនួនទឹកប្រាក់ដែលពួកគាត់​
ម្នាក់ៗទទួលបានប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ការបើកឲ្យមានការដើររៃអង្គាសថ្នាក់មូលដ្ឋានបែបនេះ ក៏ជាឱកាសមួយសម្រាប់ក្រុមខិលខូច
ចេញបោកប្រាស់ប្រជាពលរដ្ឋដែរ។

ប្រសិនបើមានករណីនេះ កើតឡើងមែន មានន័យថាអ្នកដែលប្រព្រឹត្តនោះ មិនមែនជាមនុស្សឡើយ។

ជំនួយ និង យុត្តិធម៌

ស្ពានពេជ្របន្ទាប់ពីឧបទ្ទវហេតុ

ស្ពានពេជ្របន្ទាប់ពីឧបទ្ទវហេតុ

ភ្លាមៗបន្ទាប់ឧបទ្ទវហេតុដែលបង្កឲ្យប្រជាពលរដ្ឋស្លាប់ជាង៤រយនាក់កាលពីរាត្រី២២វិច្ចិកានៅលើស្ពានពេជ្រនៃកោះពេជ្រនោះ
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តលគោនយោបាយសមស្រប
ចំពោះជនរងគ្រោះ ដោយក្នុងនោះអ្នកស្លាប់ម្នាក់ទទួលបានថវិកា៥លានរៀលជាមួយនឹងការដឹកជញ្ជូនសពដល់គេហដ្ឋាន ហើយ
ចំពោះអ្នករងរបួសទទួលបានម្នាក់២រយដុល្លារនិងការព្យាបាលដោយមិនគិតថ្លៃ។
ដោយឡែកភាគីកោះពេជ្រ បានប្រកាសផ្តល់ថវិកាដល់អ្នកស្លាប់ក្នុងម្នាក់១ពាន់ដុល្លារជាមួយនឹងការដឹកជញ្ជូនដល់ផ្ទះ និង អ្នករង របួសម្នាក់២រយដុល្លារផងដែរ។
ចំពោះការដឹកជញ្ជូនដល់ផ្ទះនោះ យើងនៅមិនទាន់ដឹងថាតើខាងរាជរដ្ឋាភិបាលនិងកោះពេជ្របានធ្វើការចែករំលែកយ៉ាងណានោះ
ទេ ប៉ុន្តែបើពិនិត្យតាមស្ថានភាពជាក់ស្ដែង សពភាគច្រើនត្រូវបានដឹកដល់គេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណីរួចទៅហើយ ដោយ
ក្នុងនោះរាជរដ្ឋាភិបាលបានផ្តលមឈូសដោយមិនគិតថ្លៃដល់សព្វម្នាក់ៗផងដែរ។
មួយថ្ងៃបន្ទាប់ពីឧបទ្ទវហេតុនេះ គឺនៅថ្ងៃទី២៣វិច្ឆិកានោះ យើងសង្កេតឃើញមានចលនារៃអង្គាសធំៗពី គឺមូលនិធិស៊ីធីអិន និង មូលនិធិបាយ័ន ដែលធ្វើឡើង ហើយក៏មានអ្នកចូលរួមតាមសទ្ធាទាំងក្នុងនិងក្រៅប្រទេសផងដែរ។
ជនរងគ្រោះទាំងអស់ ពិតជាមានសេចក្តីសប្បាយរីករាយ និង រំភើបជាទីបំផុត ជាមួយនឹងទឹកចិត្តរបស់ជនរួមជាតិក៏ដូចជាមិត្តជិត
ខាងដែលបានចូលរួមជួយ​ ខណៈដែលខ្លួនមានទុក្ខដ៏សែនធ្ងន់បែបនេះ។
ចង្រ្កានបាយក៏ដូចជាជនរងគ្រោះទាំងអស់ដែរ ពោលគឺមានសេចក្តីរំភើបជាអនេកជាមួយនឹងទឹកចិត្តដែលបង្ហាញពីការស្រឡាញ់
និង​យកចិត្តទុកដាក់នេះ។
យ៉ាងណាក៏ដោយ ក៏ចង្រ្កានបាយសង្កេតឃើញថា ជនរួមជាតិទាំងអស់មិនសូវជំរុញឲ្យមានការស៊ើអង្គេតឲ្យបានផុសផុល ដូចការ
អំពាវនាវរកជំនួយនោះឡើយ។ ចង្រ្កានបាយគិតថា យុត្តិធម៌គួរតែមានសម្រាប់គ្រោះមហន្តរាយនេះ។ យើងមិនអាចនិយាយថា គ្មាន
អ្នកម្នាក់ត្រូវទទួលខុសត្រូវ ដោយសារតែគ្មានចេតនានោះឡើយ។
កាលពីរាត្រីថ្ងៃទី២៥វិច្ឆិកា នៅក្នុងវេទិកាមិត្តអ្នកស្តាប់នៃវិទ្យុអាស៊ីសេរី មានបងប្រុសម្នាក់នៅកោះកុង បានលើកសំណួរថា
តើអ្នកណាជាអ្នកទទួលខុសត្រូវនឹងឧបទ្ទវហេតុនេះ?
លោក សោម អូន ដែលជាសមាជិកម្នាក់ក្នុងអនុគណកម្មការស៊ើបអង្គេតលើឧបទ្ទវហេតុនេះ ហើយក៏ជាអ្នកតំណាងឲ្យ​រាជរដ្ឋាភិបាលផងនោះ​ បានអះអាងថាខាងកោះពេជ្រពិត ជាមានការសោកស្តាយ និង មិនមានចេតនាឲ្យកើត​មាន​ឧបទ្ទវហេតុនេះឡើយ ហើយខាងកោះពេជ្រក៏បានផ្តល់ជំនួយដល់ជនរងគ្រោះផងដែរ។
ចម្លើយនេះ មានន័យថា ហេតុផលគ្មានចេតនា និង ការផ្តល់ជំនួយអាចធ្វើកោះពេជ្ររួចផុតពីការទទួលខុសត្រូវនេះ។
ការអះអាងបែបនេះ ធ្វើឲ្យយើងគិតដល់និតិរដ្ឋ និង លើកជាសំណួរថាអ្វីទៅដែលហៅថានិតិរដ្ឋ?
ជាការពិតណាស់ថា ១០០​៖ គឺគ្រប់ភាគីទាំងអស់ រួមទាំងកោះពេជ្រផង មិនមានចេតនាបន្តិចឡើយ នឹងឲ្យហេតុការនេះកើតមាន​ឡើង។ ប៉ុន្តែយើងចំពោះមុខច្បាប់ គេនឹងគិតពីស្ថានទំងន់ទោស និង ស្ថានសម្រាលទោស ប្រសិនបើអ្នកពាក់ព័ន្ទត្រូវវិនិច្ឆ័យ
ដោយតុលាការ ដោយច្បាប់នោះ។
ត្បិតតែកោះពេជ្របានផ្តល់ជំនួយដល់ជនរងគ្រោះក៏ពិតមែន ក៏ប៉ុន្តែជំនួយនោះគ្រាន់តែចេញពីទឹកចិត្តរបស់ខ្លួន មិនមែនចេញ
សាលក្រមរបស់តុលាការឡើយ។ ហេតុនេះ​ រឿងនេះមិនគួរបញ្ចប់ឡើយ ដរាបណាអ្នកពាក់ព័ន្ធមិនទាន់ត្រូវបាននាំឡើង
តុលាការដើម្បីរកយុត្តិធម៌នោះ។
ចង្រ្កានបាយសូមអំពាវនាវឲ្យជនរួមជាតិ រួមគ្នាជំរុញឲ្យមានយុត្តិធម៌នេះកើតមានឡើង ដូចដែលយើងចូលរួមផ្តល់ជំនួយ
ក្នុងមូលនិធិជួយជនរងគ្រោះយ៉ាងដូច្នោះដែរ។

មូលនិធិជូយជនរងគ្រោះ

នៅពេលដែលប្រទេសយើងជួបប្រទះបញ្ហាអ្វីមួយ យើងតែងតែសង្គេតឃើញថាមានសកម្មភាពរៃអង្គាសប្រាក់ធ្វើឡើងតាមការស្ម័គ្រ​ចិត្តផង និង តាមការបង្ខិតបង្ខំដោយប្រយោលផង។ យើងគ្មានភស្តុតាងច្បាស់លាស់ឡើយ ចំពោះការបង្ខិតបង្ខំដោយប្រយោលនោះ ប៉ុន្តែពិតជាបានកើតមាន តាមរូបភាពផ្សេងៗ ជាពិសេសការកាត់ប្រាក់ខែជាដើម។ ការធ្វើបែបនេះ ពុំសមរម្យឡើយ ព្រោះការធ្វើបុណ្យ កើតឡើងដោយការភ្ញាក់រលឹក និង សទ្ធារបស់បុគ្គលម្នាក់ៗ។ ហើយក្នុងការធ្វើបុណ្យនេះ យើងមានសិទ្ធិអំពាវនាវ តែមិនមានសិទ្ធិអ្វី ទៅផ្លែផ្កាដល់គេដែរ ប្រសិនបើគេមិនចូលរួមនោះ។
ចំណុចមួយសំខាន់ទៀត ប្រាក់ដែលទទួលបានមកហើយ យើងតែងតែលេចឮមានបាតុភាព ដោយការគៃបន្លំយកប្រាក់នៅទៅប្រើជា ប្រយោជន៍ផ្ទាល់ខ្លួន។ ការយកប្រើប្រាស់ប្រាក់នេះ ត្រូវពឹងទៅលើចិត្តបុណ្យ និង សីលធម៌របស់អ្នកប្រមូល ពីព្រោះយើងមិនបាន ធ្វើសវនកម្មទៅលើការចែកចាយប្រាក់នោះទេ។ នៅក្នុងព្រឹត្តិការណ៍អង្គាសប្រាក់ និង សម្ភារទៅឧបត្ថម្ភកងទ័ពនៅតាមព្រំដែន ខ្ញុំបាន លេចឮព័ត៌មានថា មានអ្នកខ្លះឡើងស៊េរីរថយន្តថ្មីៗ អ្នកខ្លះទិញផ្ទះថ្មី និង តិចបំផុតក៏ម៉ូតូថ្មី ចំណែកកងទ័ពនៅតែហូបមិនឆ្អែតដដែល មិនដឹងថាប្រាក់និងសម្ភារទាំងនោះធ្លាក់ត្រឹមណាទេ។
យ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំបានឮនោះ មិនមែនជាការពិតឡើយ ហើយបើពិតមែនសូមកុំឲ្យកើតឡើងទៀតឡើយ។ សូមជឿចុះថា បាបកម្មពិតជាមានមែន។

ឧបទ្ទវហេតុ និង អ្នកទទួលខុសត្រូវ

ស្ពានពេជ្រក្រោយឧបទ្ទវហេតុ

ស្ពានពេជ្រក្រោយឧបទ្ទវហេតុ

នៅពេលដែលគេធ្វើដំណើរទៅកាន់ស្ពានពេជ្រសារជាថ្មី គេពិតជាឈរគ្រវីក្បាលជាមួយនឹងការគិតក្នុងចិត្តថា “មិនគួរសោះ”។
ជាការពិតណាស់ យើងស្ទើរតែមិនអាចទទួលយកបានឡើយដែលស្ពានដ៏តូចស្ពាននេះ បានក្លាយជាឃាតក សម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិត៥រយនាក់ឯណោះ។ តើការស្លាប់របស់របស់មរណជនទាំងនោះ ត្រូវបញ្ចប់ត្រឹមនេះឬមែនទេ? តើអ្នកណាដែលគួរទទួលខុសត្រូវលើរឿងនេះ?
ត្បិតតែគ្មានអ្នកណាម្នាក់គ្មានបំណងឲ្យព្រឹត្តិការណ៍រន្ធត់នេះកើតមានឡើងក៏ដោយ ក៏ឧបទ្ទវហេតុនេះ ត្រូវតែមានអ្នកទទួលខុសត្រូវ យុត្តិធម៌ត្រូវតែមានសម្រាប់ជនរងគ្រោះ។
នៅពេលនេះ គេមិនទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយទេ ប៉ុន្តែយោងតាមកោស្យវិច័យដែលទទួលបាន យើងឃើញថាគ្មានសញ្ញានៃអំពើភេរវកម្មនោះឡើយ ពោលគឺកើតឡើងដោយសារ តែការកកស្ទះ។ ការកកស្ទះ ដែលផ្ទុកបរិមាណមនុស្សដ៏ច្រើនលើសចំណុះនេះ បានធ្វើឲ្យស្ពាននេះ យោល ដែលជាហេតុធ្វើឲ្យមនុស្សចាប់ផ្តើមជ្រួលស្របល់ដោយយល់ច្រឡំថាស្ពានបាក់។ ស្ថានភាព នេះ មិនមានមនុស្សណាម្នាក់ស្រែកលេងនោះទេ គឺពួកគេស្រែកភ័យស្លន់ស្លោ ព្រោះមិនបានដឹង ជាពិសេសប្រជាពលរដ្ឋដែលទើបតែមកពីទីជនបទ មិនបានដឹងពីស្ពាននេះឡើយ។
ការស្រែកដោយចេតនាលេងសើចក៏ដោយ ឬដោយភាន់ច្រឡំក៏ដោយ ក៏យើងឃើញថា ការកកស្ទះជា មូលហេតុដើមដែលយើងគួរកត់សម្គាល់។ ការកកស្ទះនេះ ប្រសិនបើមិនមានការរត់ជាន់គ្នា ក៏អាចធ្វើ ឲ្យមនុស្សមួយចំនួនដួលសន្លប់ដែរ នេះបើយោងទៅតាមហេតុការធ្លាប់កើតឡើងកន្លងមក ដែលជាហេតុការណ៍មេរៀនសម្រាប់អាជ្ញាធរមានវិធានការត្រៀមការពារទុកជាមុន។ ប៉ុន្តែបើពិនិត្យទៅតាមស្ថានភាពជាក់ស្តែង យើងមិនឃើញគ្មានការត្រៀមលក្ខណៈ សង្រ្គោះណាមួយឡើយ លើកលែងតែកន្លែងនោះមានគណៈអធិបតី។
កង្វះខាតវិធានការទប់ស្កាត់ និង ការប្រមាទមើលងាយស្ថានភាព គឺជាមូលហេតុបន្ទាប់ដែលបណ្តាលឲ្យស្លាប់រហូតដល់ជិត៥រយនាក់ក្នុងរយៈពេលដ៏ខ្លីបែបនេះ។
ជាការពិតណាស់ថា ខាងភាគីកោះពេជ្របានធ្វើស្ពានពីរ គឺផ្លូវចូល និង ផ្លូវចេញ(កន្លែងកើតហេតុ) ប៉ុន្តែ គេមិនបានគិតថា ស្ថានភាពចូលខុសពីស្ថានភាពចេញ។ អ្នកចូល អាចធ្វើដំណើរចូលតាមពេលវេលា ខុសគ្នា ប៉ុន្តែពេលមនុស្សសម្រុកចេញ អាចចេញមកក្នុងពេលតែមួយ ជាពិសេសពេលដែលការសម្តែង តន្ត្រីមួយត្រូវបានបញ្ចប់។ មួយវិញទៀត សម្រាប់ផ្លូវចេញ យើងឃើញថា មិនមែនសម្រាប់ចេញមួយមុខនោះទេ គឺមានប្រជាជនជាច្រើន បានប្រើច្រកនេះចូលទៅកោះពេជ្រវិញ ក្នុងពេលដែលមនុស្សចាប់ផ្តើមចេញមកដែរនោះ។ សួរថាហេតុអ្វីបានជាមនុស្ស ចូលតាមច្រកនេះ មិនចូលតាមច្រកខាងត្បូង?
ចម្លើយគឺថា ព្រោះមនុស្សដែលកម្សាន្តនៅ ណាហ្គា ស្ថិតនៅជិតច្រកនេះ ជាងច្រកខាងត្បួង ហើយពួក គាត់ធ្វើដំណើរថ្មើរជើងផងនោះ នោះទើបធ្វើឲ្យពួកគេសម្រចឆ្លងតាមច្រកនេះទៅ។
ពិតណាស់ហើយថា រឿងនេះបង្កឡើងដោយពួកគាត់ខ្លួនឯង ប៉ុន្តែពលរដ្ឋមិនមែនជាអ្នកជំនាញទេ គឺសមត្ថកិច្ចដែលត្រូវធ្វើការប៉ាន់ប្រមាណទុកជាមុន ដើម្បីទប់ស្កាត់។
ជារូមមក ប្រជាពលរដ្ឋ គាត់មិនដឹងអ្វីឡើយ គាត់គ្រាន់តែទៅកម្សាន្តសប្បាយ។ គាត់ដឹងថាមានកន្លែងស្អាត គាត់ចង់ទៅមើល ទៅស្គាល់ ព្រោះមិនដែលឃើញថាខ្មែរយើងមានកន្លែងស្អាតដល់ម្លឹង។ ចំណែកអ្នកដែលត្រូវដឹង ត្រូវការពារពួកគាត់គឺអាជ្ញាធរដែលពួកគាត់ទុកចិត្តទុកថ្លើមនោះហើយ។ តែ ដឹងអីពេលដែលគ្នារងទុក្ខ ជាន់កលើគ្នា អាជ្ញាធរមិនដឹងជួយយ៉ាងម៉េច ទុកទាល់តែស្លាប់រាប់រយនាក់។
និយាយទៅ ដដែលនៅតែដដែល ព្រោះហេតុការណ៍នេះ បង្កដោយមូលហេតុដដែល គឺថា ព្រឹត្តិការណ៍នេះ អ្នកណាក៏មើលឃើញ អាជ្ញាធរក៏មើលឃើញ មិនមែនកើតឡើងនៅលើមេឃ ឬកណ្តាលព្រៃស្ងាត់ទេ ហេតុអីបានជាបណ្តោយឲ្យស្លាប់ច្រើនថ្នាក់នេះ? តើមានដឹងទេថា នៅ ពេលដែលអ្នកសម្លឹងសំដៅពួកគាត់ ពួកគាត់កំពុងដង្ហោយទាំងត្រដរខ្យល់សុំឲ្យអ្នកជួយ?
ក្រៅពីសមត្ថកិច្ចគឺភាគីកោះពេជ្រ ដែលបានបង្កើតកន្លែងដ៏ទំនើបនេះឡើង ហើយបែរជាមិនបាន បង្កើតអ្វីមួយដើម្បីសង្រ្គោះពេលមានអាសន្ននោះឡើយ។ គេដឹងហើយថា កន្លែងរបស់គេជាកន្លែង ទាក់ទាញបំផុតសម្រាប់បុណ្យអុំទុកឆ្នាំនេះ ប៉ុន្តែគេបែរជាធ្វើស្ពានយ៉ាងតូច និង អនុញាតឲ្យដាក់ស្តង់ លក់ណែនគល់ស្ពានខាងកើត ដែលបង្កឲ្យមានការកកស្ទះរឹតតែខ្លាំង។ មួយវិញទៀត ស្ពាននេះ ជាស្ពានយោល តែគេមិនបានប្រាប់ដល់អ្នកធ្វើដំណើរឡើយថាស្ថានភាពស្ពាននេះបែបណា ហើយក៏គ្មានកម្លាំងសម្រួលដល់ការធ្វើចរាចររបស់ប្រជាជនដែរ។ គេគួរតែស្នើឲ្យមានកម្លាំងអន្តរាគមន៍ ដើម្បីគ្រប់គ្រងការធ្វើដំណើរឆ្លងស្ពាននេះ។
សរុបសេចក្តីមក អាជ្ញាធររាជធានីភ្នំពេញ និង ក្រុមហ៊ុនកោះពេជ្រ ជាអ្នកទទួលខុសត្រូវ ព្រោះឧបទ្ទវហេតុនេះ ស្ថិតនៅលើដែនសមត្ថកិច្ចរបស់ខ្លួន។ មិនមានអ្វីពិបាកគិតទេ ប្រសិនបើគេមកលេងផ្ទះខ្ញុំ ហើយគេមានគ្រោះថ្នាក់ មានន័យថាបានពាក់ព័ន្ធនិងត្រូវឆ្លើយបំភ្លឺនៅតុលាការ។ តើអ្នកពាក់ព័ន្ធខាងលើនឹងត្រូវចូលខ្លួនទៅបំភ្លឺដែរឬក៏អត់?

ការចូលរួមរណទុក្ខ

នៅថ្ងៃ២៥វិច្ឆិកានេះ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចូលរួមមរណទុក្ខចំពោះមរណជនទាំង៤៥៦ដែលបានធ្វើមរណកាលដោយ ឧបទ្ទវហេតុកាលពីរាត្រី២២វិច្ចិកា នៅលើស្ពានពេជ្រនៃទឹកដីកោះពេជ្ររួចមក។ នៅក្នុងទិវាចូលរួមមរណទុក្ខដែលត្រូវបានកំណត់ ដោយសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបានបង្ហូតទង់ពាក់កណ្តាលដើមស្ទើរគ្រប់ផ្ទះ ហើយអ្នកខ្លះក៏បានធ្វើដំណើរទៅដល់កន្លែងកើតហេតុដើម្បីអុជធូបសម្តែងការសោកស្តាយនិងឧទ្ធិសដល់វិញ្ញាណក្ខន្ធពួកគាត់ឲ្យទៅ កាន់បរលោក។
ការចូលរួមនេះ បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរពិតជាមានសេចក្តីស្រឡាញ់អាណិតចំពោះគ្នាទៅវិញទៅមក ដោយមិនចង់ ឲ្យជនរួមជាតិរបស់ខ្លួនចាកចេញទៅ ឬ រងទុក្ខវេទនាឡើយ។
ចង្រ្កានបានសង្ឃឹមថា អ្វីដែលខ្មែរបានធ្វើនៅថ្ងៃនេះ គឺជាទង្វើចេញពីក្រអៅបេះដូង ទឹកភ្នែកដែលស្រក់ចំពោះមុខមរណជន គឺជាទឹកភ្នែក សោកសង្រេងយ៉ាងពិតប្រាកដ។
នៅទីបញ្ចប់ ចង្រ្កានបាយ ក៏សូមចូលរួមជាមួយរំលែកទុក្ខ និង​ សូមឲ្យវិញ្ញាណក្ខន្ធបងប្អូនទាំងអស់ទៅកាន់ឋានបរមសុខផងចុះ។

« Older entries